(ស្ទឹងត្រែង)៖ តំបន់រ៉ាមសារ ជាតំបន់ដីសើមដែលសម្បូទៅដោយធនធានធម្មជាតិជីវៈចម្រុះ លាតសន្ធឹងតាមបណ្តាលដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ។ តំបន់នេះមានសក្តានុពលយ៉ាងធំធេង ចំពោះវិស័យទេសចរណ៍បែបធម្មជាតិ ដែលភ្ញៀវជាតិ អន្តរជាតិពុំគួមើលរំលង។

ជាការបង្ហាញពីសក្តានុពលលធនធានធម្មជាតិដ៏ធំធេង និងទេចរណ៍បែបធម្មជាតិដ៏ស្រស់បំព្រង តាមដងទន្លេមេគង្គក្នុងតំបន់រ៉ាមសារ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំរៀនចំព្រឹត្តិការណ៍អុំទូកកាយ៉ាក និងបោះតង់នៅក្នុងតំបន់រ៉ាមសារនេះ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីយុវជន និងមហាជនយ៉ាងច្រើន។

លោក សរ សុពុត្រា បានលើកឡើងថា ព្រឹត្តិការណ៍នេះជាការចាប់ផ្តើមបង្ហាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ អំពីសក្តានុពលទេសចរន៍របស់ខេត្តស្ទឹងត្រែង និងបង្ហាញពីការសាមគ្គីភាពរបស់ខេត្ត ក្រោមម្លប់នៃសុខសន្តិភាព ព្រមទាំងបង្ហាញឲ្យកាន់តែទូលំទូលាយតំបន់ទេសចរណ៍គ្រប់ក្រុង ស្រុក របស់ខេត្តស្ទឹងត្រែង។

លោក ម៉ែន គង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានឲ្យដឹងថា ព្រឹត្តិការណ៍អុំទូកកាយ៉ាកនេះ គឺការជួបជុំរបស់កីឡាការក៏ដូចជាអ្នកស្ម័គ្រចិត្តទាំងអស់នៅក្រោយរដូវរំហើយ បន្ទាប់ពីការប្រមូលភោគផលចប់នៅខេត្តស្ទឹងត្រែង។ អ្វីដែលពិសេស គឺព្រឹត្តិការណ៍នេះ និងផ្សព្វផ្សាយផ្សាភ្ជាប់ពីទីប្រជុំជនមកដល់មូលដ្ឋាន ផ្សាភ្ជាប់ពីទេសចរណ៍មកដល់សហគមន៍ ឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលមកលេងក្នុងទឹកដីខេត្តស្ទឹងត្រែង។

លោកបន្ដថា ការរៀបចំព្រឹត្តិការណ៍អុំទូកកាយ៉ាក់នេះជាលើកដំបូងក្នុងខេត្តស្ទឹងត្រែង ដោយតាមគម្រោងត្រូវធ្វើឡើងចំនួន១០ទូកប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងនាពេលនេះ មានទូករហូតដល់ទៅ២០ ដែលមានកីឡាករ កីឡាការនី ចំនួន៣៥នាក់។

សូមជម្រាបថា ការអុំទូកកាយ៉ាកនៅតំបន់រ៉ាមសារ ទន្លេមេគង្គ ខេត្តស្ទឹងត្រែង ត្រូវបានចាប់ពីស្រុកបុរីអូរស្វាយសែនជ័យ បន្តដំណើរទៅកាន់កោះហាន បោះតង់សម្រាក១យប់ រួចបន្តដំណើរដល់អាហារដ្ឋានទន្លេរខៀវ ក្រុងស្ទឹងត្រែង៕