(កំពត)៖ លោក ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងគណបក្សមូលដ្ឋានខេត្តកំពត នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំប្រារព្ធមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា និងសំណេះសំណាលនាំយកសម្ភារដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច ប្រជាការពារ សរុបចំនួន៥២២នាក់ នៅឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងឱកាសនោះ លោក ហ៊ុន សុខា បានឡើងអាននៅសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីញរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលមានខ្លឹមសារ និងអត្ថន័យដ៏ជ្រាលជ្រៅបំផុត ព្រមទាំងបាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែនច និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោក ហ៊ុន សុខា បានលើកឡើងថា ប្រមុខថ្នាក់ដឹកនាំ និងឥស្សរជនជាតិសំខាន់ៗ បានខិតខំដោយលំបាក ក្នុងការស្វែងរកសុខសន្តិភាព និងកសាងប្រទេសឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ រយៈពេល៤៦ឆ្នាំ កន្លងផុតទៅក៏ពិតមែន កម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ជាក់ស្តែងនូវសមិទ្ធផលដែលកម្ពុជា ទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ន ដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់កម្ពុជា។
ដូច្នេះត្រូវប្តេជ្ញាថែរក្សាសមិទ្ធផលដែលសម្រេចបានឲ្យគង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារសន្តិភាព ស្ថិរភាពនយោបាយ ពង្រឹងឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ដើម្បីធានាបាននូវអនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗ ក្នុងការបន្តរស់ក្នុងសុខសន្តិភាពប្រកបដោយភាពសុខដុមរមនា។ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ទទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅប្រកបដោយបរិស្ថានស្អាត។
ជាមួយគ្នានោះ លោក ហ៊ុន សុខា ក៏បាននាំយកនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ជូនតាមរយៈលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានមកប្រគល់ថវិកាមួយចំនួនជូនដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានជុំវិញស្រុក និងសម្ភារៈមួយចំនួនផងដែរ៕