(ភ្នំពេញ)៖ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) ក្រោមប្រធានបទ៖ រួមគ្នាជាចលនា-កំណត់ទិសដៅទេសចរណ៍អាស៊ាននៅថ្ងៃស្អែក (UNITY IN MOTION- Shaping ASEAN's Tourism Tomorrow) ត្រូវបានបើកជាផ្លូវការហើយនារាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋចូហូរ សហព័ន្ធម៉ាឡេស៉ី។

ពិធីបើកជាផ្លូវការនេះប្រារព្ធឡើងក្រោមវត្តមានលោក YAB Dato's Sri Haji Fadillah Bin Haji Yusof ឧបនាយករដ្ឋមន្ត្រីសហព័ន្ធម៉ាឡេស៉ី លោក Dato Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៌ និងវិចិត្រសិល្បៈម៉ាឡេស៉ី លោក Dato Onn Hafiz bin Ghazi នាយករដ្ឋមន្ត្រីនៃរដ្ឋចូហូរ ព្រមទាំងវត្តមានរដ្ឋមន្ត្រីទេសចរណ៍នៃបណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀត។

សូមជម្រាបថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ បាននិងកំពុងប្រារព្ធឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា រួមជាមួយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក៣លើកទី២៤ (ចិន ជប៉ុន និងកូរ៉េ) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី១២ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-រុស្ស៉ីលើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។

ការប្រារព្ធវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥នេះដែរ ក៏ដើម្បីពិនិត្យវឌ្ឍនភាព ដាក់ចេញនូវទិសដៅការងារ និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន «ត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ល្អឯកប្រកបដោយគុណភាព ពិពិធភាព បទពិសោធន៍ ចីរភាព បរិយាបន្ន និងការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ រួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គមប្រជាជាតិអាស៊ាន»៕