(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាបក្សមានគុណធម៌ ហើយមិនដែលយកលិខិតបញ្ចប់មុខដំណែង ឬបណ្តេញចេញពីបក្សទៅផ្សាយសាធារណៈទេ។ លោកបានបន្តថា ការបង្ហាញសេចក្តីសម្រេចបញ្ចប់តំណែង លោក លី រតនរស្មី ពីទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ពេលនេះ គឺចង់ឲ្យមហាជនដឹងច្បាស់ថា បុគ្គលនេះអស់តួនាទីតាំងពីខែមីនា២០២៤ម្ល៉េះ។
ការចេញមកបញ្ជាក់របស់ លោក សួន សេរីរដ្ឋា បានធ្វើឡើងបន្ទាប់ពីមានការបកស្រាយលើលិខិតតែងតាំង និងលិខិតបញ្ចប់តួនាទី លោក លី រតនរស្មី ដោយធ្វើអាជីវកម្មនយោបាយ ក្នុងចេតនាកេងចំណេញ និងបំភាន់មហាជនថា ៖ កាលពីពេលតែងតាំងម្តេចក៏ផ្សព្វផ្សាយ? ដល់បញ្ចប់តួនាទីម្តេចក៏មិនផ្សព្វផ្សាយឲ្យគេដឹងដែរ តាំងពីខែមីនា មករហូតពេលនេះទើបផ្សាយ?
លោកសួន សេរីរដ្ឋា បានបញ្ជាក់ថា៖ «ក្នុងឋានៈខ្លួនខ្ញុំជាមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យផង និងក៏ជាទីប្រឹក្សារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែរនោះ ខ្ញុំសូមបកស្រាយជូនមហាជនជ្រាបថា៖
១៖ រាល់ការតែងតាំងមុខដំណែង និងបញ្ចប់មុខដំណែង ទាំងតួនាទីក្នុងរដ្ឋាភិបាល និងទាំងតួរនាទីក្នុងគណបក្ស មិនមានច្បាប់តម្រូវឲ្យធ្វើការផ្សព្វផ្សាយនោះទេ
២៖ កន្លងមកសាមីខ្លួនដែលទទួលបានលិខិតតែងតាំងទេ ដែលយកដាក់ Post ផ្សាយក្នុងបណ្តាញសង្គមរបស់ខ្លួន ដើម្បីអបអរសាទរខ្លួនឯង ហើយបណ្តាញសារព័ត៌មានអាចទទួលបានតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់បុគ្គលអ្នកទទួលបានការតែងតាំងនោះ ឬបានមកពីប្រភពផ្សេងណាមួយ ក៏យកផ្សាយជាព័ត៌មានរបស់ខ្លួន។
ដូចនេះសូមដាក់ការពិចារណាទៅមើលថា៖ បើបុគ្គលម្នាក់ទទួលបានការតែងតាំងហើយ ស្រាប់ត្រូវបញ្ចប់មុខដំណែងដែលទើបទទួលបាននោះភ្លាមៗដោយសារកំហុសរបស់ខ្លួន! តើជននោះហ៊ានយកលិខិតបញ្ចប់មុខដំណែងនោះទៅផុសផ្សាយដូចលិខិតតែងតាំងទេ?»
លោក លី រតនរស្មី ដែលជាអតីតិមនុស្សជំនិតរបស់ លោក សម រង្ស៉ី ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ហើយត្រូវបានបញ្ចប់តំណែងនេះវិញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីតែងតាំងបានរយៈពេលជាង១ខែប៉ុណ្ណោះ។
លោក សួន សេរីរដ្ឋា បានបន្ថែមថា៖ «ចំពោះគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដ៏មានគុណធម៌ ក៏មិនដែលយកលិខិតបញ្ចប់មុខដំណែង ឬលិខិតបណ្តេញចេញពីបក្ស ទៅធ្វើការផ្សាយសាធារណៈដើម្បីបំបាក់មុខ បំបាក់កិត្តិយសមនុស្ស នាំឲ្យមនុស្សបាក់ទឹកចិត្តឬខូចអនាគតដែរ។ តែករណីពេលនេះ បញ្ចេញលិខិតចាំបាច់នេះ គឺដើម្បីចង់ឲ្យមហាជនបានដឹងច្បាស់ថា បុគ្គលនេះអស់តួនាទីតាំងពីខែមីនា ២០២៤ មកម្លេះ!
ដូច្នោះសូមមហាជនកុំយល់ច្រឡំតាមការផ្សាយភ្ជាប់»៕