(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានលើកឡើងថា «សិស្សានុសិស្ស និងមនុស្សគ្រប់គ្នាគួរយល់ដឹង និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវឥរិយាបថសំខាន់ ៣ ក្នុងជីវិតរស់នៅនិងការងារគឺ៖ សុជីវធម៌ សីលធម៌ និងគុណធម៌»។

លោកបានថ្លែងបែបនេះ ចេញពីភាគឧត្តរនៃផ្ទៃប្រទេស លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅក្នុងខេត្តឧត្តរមានជ័យកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះ នៅសាលាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស និងសក្ខីភាពយ៉ាងអធឹកអធមបំផុតពីសំណាក់ លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, អភិបាលរងខេត្ត, លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញរដ្ឋបាលខេត្ត, អាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ, មេឃុំចៅសង្កាត់ នាយកសាលា គ្រូបង្រៀន និងឪពុកម្តាយសិស្សសរុបប្រមាណ៣០០នាក់។

យុទ្ធនាការគាំទ្រសាលារៀនគោលដៅ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា(គ.វ.អ.) បាននិងកំពុងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីវិធានការគន្លឹះយ៉ាងទូលំទូលាយបំផុត ចាប់តាំងពីថ្ងៃទី១៣ មករាកន្លងមក និងបានបន្តដំណើរដល់ខេត្តឧត្តរមានជ័យនាថ្ងៃទី១៨ ខែមករានេះ។

នៅក្នុងឱកាសនោះ លោក ពេជ សោភ័ន បានគូសបញ្ជាក់ពីគោលបំណងនៃយុទ្ធនាការដូច្នេះថា ៖ «ជាការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីការដាក់ចេញនូវរបៀបវារៈនៃការកែទម្រង់វិស័យអប់រំដ៏ប្រាកដនិយម និងស៊ីជម្រៅតាមរយៈការជ្រើសរើសយក និងផ្តល់ឱកាសជាអាទិភាពបំផុតចំពោះសាលារៀនដែលស្ម័គ្រចិត្ត និងមានឆន្ទៈអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។»

ជាក់ស្តែងក្នុងខេត្តឧត្តរមានជ័យ សាលាចំនួន៤ ត្រូវបានពិនិត្យជ្រើសរើសជាសាលាគោលដៅ នៅក្នុងស្រុកចុងកាល់ (សាលាបឋមសិក្សា ចុងកាល់) ស្រុកអន្លង់វែង (សាលាបឋមសិក្សា ហ៊ុន សែន អន្លង់វែង, សាលា ត្រពាំងប្រិយ៍ និងសាលា ថ្លាត) ដើម្បីជួយលើអភិបាលកិច្ចសាលារៀន, ការពង្រឹងចំណេះដឹង សីលធម៌ ការបង្រៀនបន្ថែម២ម៉ោង, ការយកចិត្តទុកដាក់ដាល់សុខភាពសិស្ស និងការជំរុញការចូលរួមរបស់សហគមន៍។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា ៖ «ខេត្តឧតុ្តរមានជ័យជាខេត្តចុងក្រោយគេដែលទទួលបានសុខសន្តិភាពបន្ទាប់ពីការធ្វើសមាហរណកម្មនិងការបញ្ចប់សង្រ្គាមស៊ីវិលរ៊ាំរ៉ៃ។ បច្ចុប្បន្នខេត្ត មានការអភិវឌ្ឍ និងប្រែមុខមាត់ថ្មី ពិសេសវិស័យអប់រំ និងសិស្សានុសិស្សក៏ទទួលបានលទ្ធផលល្អប្រសើរក្នុងការពង្រឹងគុណភាពអប់រំគ្រប់កម្រិតសិក្សា។ លោកអភិបាលខេត្តបានប្តេជ្ញាចិត្តគាំទ្រវិធានការពេញទំហឹង សំណូមពរដល់លេខាធិការដ្ឋាន បន្តផ្តល់ឱកាសជ្រើសរើសសាលាគោលដៅក្នុងខេត្តបានកាន់តែច្រើនបន្ថែមទៀត។»

រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅពង្រឹងគុណភាពសាលាបឋមសិក្សារបស់រដ្ឋ តាមរយៈការលើកកម្ពស់ចំណេះដឹង វិន័យ សីលធម៌ និងការបង្រៀនបន្ថែម២ម៉ោងក្នុង១ថ្ងៃ ដោយពុំតម្រូវឲ្យឪពុកម្តាយសិស្សបង់ប្រាក់នោះឡើយ។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាសិស្សានុសិស្សនៅតាមសាលាគោលដៅត្រូវតែអនុវត្តឲ្យបានជាប់លាប់នូវឥរិយាបថសំខាន់៣ គឺ ៖ «សុជីវធម៌ ដែលជាការប្រព្រឹត្តល្អដោយកាយ វាចា ដោយដឹងថាអ្វីជាការគួរធ្វើ និងអ្វីដែលពុំគួរធ្វើ។ សីលធម៌ ជាការយល់ដឹង និងប្រតិបត្តិនូវទង្វើល្អដោយកាយ វាចា ចិត្ត ចំពោះខ្លួនឯងផង និងការតាំងចិត្តវៀរចាកនូវទង្វើជាអកុសល ឬអំពើអាក្រក់ចំពោះអ្នកដទៃ។ គុណធម៌ ជាចរិយាសម្បត្តិកម្រិតល្អប្រសើរបំផុត ដែលរួមទាំងសីលធម៌ល្អ និងការតាំងចិត្តជាសប្បុរសធម៌ ការជួយជ្រោមជ្រែងដោយសមានចិត្តល្អ ដើម្បីជួយឲ្យអ្នកដទៃបានល្អប្រសើរផងដែរ។»

តំណាងឪពុកម្តាយ និងអាណាព្យាបាលសិស្សដែលអញ្ជើញចូលរួមក្នុងយុទ្ធនាការនេះ បានសម្តែងនូវការសប្បាយរីករាយ និងយកចិត្តទុកដាក់ស្តាប់នូវអនុសាសន៍ណែនាំរបស់លោកប្រធានលេខាធិការដ្ឋាន ដោយបានលើកឡើងថា ៖ «ពួកគាត់នឹងខិតខំជំរុញកូនចៅឲ្យមករៀន និងចូលរួមគាំទ្រខ្លាំងក្លាបំផុតចំពោះវិធានការដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួយឲ្យសាលារៀន និងកូនៗគាត់បានរៀនថែមម៉ោង ចេះមានវិន័យ និងសីលធម៌ល្អគ្រប់គ្នា។ ពីព្រោះឪពុកម្តាយតែងខំធ្វើការ រកប្រាក់ចិញ្ចឹមកូន និងចង់ឃើញកូនមានអនាគតល្អ វែងឆ្ងាយទោះរស់នៅក្នុងខេត្តដាច់ស្រយាលក៏ដោយ។»

គ្រូបង្គោល គណៈគ្រប់គ្រងសាលា គ្រូបង្រៀន សុទ្ធតែបានប្តេជ្ញាចិត្តមុតមាំក្នុងការចូលរួមអនុវត្តវិធានការគន្លឹះឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ក្នុងជំរុញវិធានការគន្លឹះ គ.វ.អ. ឲ្យបានទូលំទូលាយបំផុតតាមវិធីសាស្ត្រផ្ការីក ទៅដល់សាលាបឋមសិក្សាផ្សេងទៀតក្នុងប្រទេសកម្ពុជា៕