(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្លាំងនគរបាលរបស់លោកបានតាមចាប់បុរសជនជាតិកូរ៉េបានហើយ នៅល្ងាចថ្ងៃទី១៨ ខែមករានេះ ដែលពាក់ព័ន្ធនឹងឃាតកម្មលើស្រ្តីខ្មែរ នៅសណ្ឋាគារ HOME CHIC នៅខណ្ឌបឹងកេងកង កាលពីថ្ងៃម្សិលមិញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ជនល្មើសជាជនជាតិកូរ៉េរូបនេះ ត្រូវបានចាប់ខ្លូននៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយការចាប់ខ្លួន ជនល្មើសត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្រ្តីជនជាតិខ្មែរ ត្រូវបានគេប្រទះឃើញស្លាប់នៅក្រោមគ្រែ ក្នុងសណ្ឋាគារ HOME CHIC តាមផ្លូវ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕