(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានថ្លែងថា «តើបងប្អូនអាជីវករយកលុយចំណេញមកធ្វើអី បើកំពុងបំផ្លាញសុខភាពប្រជាពលរដ្ឋ និងកំពុងបំផ្លាញសុខភាពកូនចៅខ្លួនឯង ថ្ងៃណាមួយនឹងប៉ះដល់បងប្អូនរបស់គាត់ដែរ»។
លោកបានបន្ដថា ផលិតផលខ្លះដែលហួសកាលបរិច្ឆេទ បងប្អូនអាជីវករមួយចំនួន បានធ្វើការកូសលុប ហើយបិទកាលបរិច្ឆេទថ្មី ដើម្បីលក់នៅលើទីផ្សារ ដែលមានការហានិភ័យខ្ពស់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋបងប្អូន ដែលបានទិញយកទៅទទួលទាន ដោយមិនបានគិតគូពិចារណាឲ្យបានច្បាស់លាស់នោះ។ ការថ្លែងបែបនេះរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារ ដល់សិស្សានុសស្ស លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋជាង១,០០០នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា «ប្រសិនបើទំនិញខូចគុណភាពទាំងនេះ នាំចូលតាមច្រកអន្ដរជាតិ គឺមិនអាចនាំចូលបាននោះទេ ព្រោះមន្ដ្រីកាំកុងត្រូលរបស់យើង បានឈរជើងដើម្បីពិនិត្យ និងទប់ស្កាត់ មិនឲ្យនាំចូលនោះទេ។ ផ្ទុយមកវិញ ទំនិញដែលហួសកាលបរិច្ឆេទ និងទំនិញក្លែងក្លាយទាំងនេះ គឺសុទ្ធសឹងតែនាំចូល តាមច្រករបៀងខុសច្បាប់ ដែលហួសពីដែនសមត្ថកិច្ចរបស់មន្ដ្រីកាំកុងត្រូល ទើបធ្វើឲ្យទំនិញនេះអាចធ្វើចរាចរណ៍បាននៅក្នុងរាជធានី ខេត្ត-ក្រុង»។
ទាក់ទងទៅនឹងការដឹកជញ្ជូនម្ហូបចំណី អាហារ តាមព្រំដែនលោកអគ្គនាយក បានឲ្យដឹងថា ឈ្មួញធំៗ បានប្រើរូបភាពតាមរយៈកម្មករអូសឆ្លង កាត់ចូលមកកម្ពុជា ហើយនៅពេលមានការត្រួតពិនិត្យរកសារធាតពុលនោះ តែងតែមានបញ្ហាកើតមានឡើង ជាហូរហែរ ដែលភាពច្រើន បានចោទខាងសមត្ថកិច្ចថា គៀបសង្កត់ ប៉ុន្តែបើមិនធ្វើការឆែកឆេរទេសារធាតុពុលទាំងនោះនឹងនាំចូលមកកម្ពុជា ហើយធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ។ លោកបន្ថែមថា ទិសដៅរបស់អគ្គនាយកដ្ឋានកាំកុងត្រូល គឺឲ្យមន្ដ្រីកាំកុងត្រូល សហការជាមួយមន្ដ្រីពាក់ព័ន្ធ ចុះធ្វើការអប់រំប្រជាពលរដ្ឋ តាមមូលដ្ឋានទាំងអស់ មិនថានៅរាជធានីភ្នំពេញ ឬក៏តាមបណ្ដាខេត្ត ស្រុក ខណ្ឌនោះទេ ដើម្បីចូលរួមទាំងអស់គ្នាទប់ស្កាត់ ការទិញ និងហូបទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ។ ជាមួយគ្នានោះលោកអគ្គនាយក ក៏បានថ្លែងថា មន្រ្តីកាំកុងត្រូល ប្រៀបដូចជាវេជ្ជបណ្ឌិតមួយរូបដែរ ក្នុងការជួយព្យាបាលប្រជាពលរដ្ឋ កុំឲ្យមានជំងឺ ព្រោះថា ការចុះពិនិត្យទំនិញតាមទីផ្សារ គឺដើម្បីសុវត្ថិភាព ម្ហូបអាហារ និងការការពារអ្នកប្រើប្រាស់ ជូនប្រជាពលរដ្ឋយើង។
លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានអំពាវនាវដល់អាជីវករ ពាណិជ្ជករ ដែលធ្វើពាណិជ្ជកម្ម អាជីវកម្ម មេត្តាបន្តកិច្ចសហការ ជាមួយសមត្ថកិច្ច នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចជាសមត្ថកិច្ចផេ្សងៗទៀត ដើម្បីរួមចំណែកអនុវត្ត តាមគោលការណ៍ស្តីពី សុវត្ថិភាពម្ហូបអាហារ ក្នុងស្មារតីមួយទទួលខុសត្រូវ ជាមួយសមត្ថកិច្ច ទាំងអស់គ្នាផងដែរ ៕