(ពោធិ៍សាត់)៖ ព្រះព្រហ្មាភិរ័ត រតនបញ្ញោ កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បាននិមន្ត និងអញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាធំ ប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលបឋមសិក្សាពោធិវង្ស ស្ថិតក្នុងភូមិពោធិវង្ស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ពិធីកាត់បើកកញ្ចប់វិញ្ញាសារប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃក្រុង ស្រុក, លោក ផាន់ ឃៀង និងលោក សែម ផុន តំណាងក្រសួងធម្មការ និងសាសនា, លោក អែម សុធា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តពោធិ៍សាត់ និងគណៈកម្មការប្រឡងមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា វិស័យពុទ្ធិកសិក្សាពិតជាមានសារៈសំខាន់ណាស់ និងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនា ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ តាមរយៈក្រសួងធម្មការ និងសាសនា បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា។

ជាការពិតណាស់ ការប្រឡងលើវិញ្ញាសានីមួយៗ មានសារៈសំខាន់ជាខ្លាំង និងជាពេលវេលាដ៏សំខាន់មួយ ដែលបេក្ខ សមណ និងបេក្ខជន ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីប្រឡងឱ្យបានជាប់ ដើម្បីបន្តការសិក្សា នៅមធ្យមសិក្សាជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា បើតាមព្រះតេជគុណ សៅ សុជាតិ ព្រះបាឡាត់គណខេត្ត ព្រះនាយកពុទ្ធិកបឋមសិក្សាខេត្តពោធិ៍សាត់ និងជាព្រះគ្រូចៅអធិការវត្តកែវឧត្តម (វត្តកណ្តាល) មានសង្ឃដិកាថា ក្នុងឆ្នាំនេះការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ពោលគឺថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលបឋមសិក្សាពោធិវង្ស ស្ថិតក្នុងភូមិពោធិវង្ស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមាន បេក្ខសមណៈ-បេក្ខជន បានដាក់ពាក្យសុំសិទ្ធិប្រឡងចំនួន១៨៧អង្គ/នាក់ និងបែងចែកជា៨បន្ឋប់ ក្នុងនោះអវត្តមាន៣១អង្គ/នាក់។

ព្រះអង្គមានសង្ឃដិកាបន្តថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ មានសាលាពុទ្ធិកបឋមសិក្សា មានចំនួន៤៩កន្លែង, សាលាពុទ្ធិកអនុវិទ្យាល័យមាន ចំនួន០២កន្លែង និងសាលាពុទ្ធិកវិទ្យាល័យមាន ចំនួន០១កន្លែង សរុបសមណសិស្ស និងសិស្ស សរុបចំនួន៩៩៧អង្គ/នាក់។ ចំពោះវិញ្ញាសាប្រឡង រយៈពេល២ថ្ងៃនេះ មានចំនួន៦គឺ៖ ទី១១-ភាសាបាលី, ទី២-តែងសេចក្តី, ទី៣-ភូមិវិទ្យា-ប្រវត្តិវិទ្យា-វិទ្យាសាស្ត្រ, ទី៤-ពុទ្ធវិន័យ-ពុទ្ធប្បវត្ថិ-ពុទ្ធសាសនា ទី៥-សរសេរតាមអាន និងទី៦-គណិតវិទ្យា៕