(កំពត)៖ ថ្លែងបិទវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពត នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បន្ថែមពីការលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកព័ត៌មានត្រូវរួបរួមគ្នាបំពេញភារកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងប្តេជ្ញាការពារនិងថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) ក៏បានណែនាំដល់មន្ត្រីព័ត៌មានទាំងអស់ ជាពិសេសយុវជនបណ្តាញសង្គមត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុលសង្គមដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ គឺចាំបាច់ទាមទារនូវឆន្ទៈ និងសកម្មភាពរួមគ្នាជាធ្លុងមួយ និងត្រូវបន្តអនុវត្តនូវ «គោលការណ៍កម្លាំងសរុប និងមធ្យោបាយសរុប» ដែលជាគ្រឹះនៃការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងការបំពេញភារកិច្ចលើការងារគ្រប់គ្រងព័ត៌មាននិងសតិអារម្មណ៍របស់សាធារណជន ដើម្បីធានាឱ្យបាននូវប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការងារ និងជាកត្តាកំណត់ជោគជ័យ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងរួមគ្នាឱ្យបានសកម្មក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងទាន់ពេលវេលា បន្សាបទៅលើព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងជះឥទ្ធិពលដល់នយោបាយ សេដ្ឋកិច្ច និងសង្គម ជាពិសេសគឺជម្រុញកិច្ចសហការឱ្យបានកាន់តែប្រសើររវាងមន្ត្រីទទួលបន្ទុកការងារព័ត៌មាននៅមូលដ្ឋាន ជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន។
ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃពេញ ដើម្បីពង្រឹងប្រសិទ្ធភាពលើការងារផ្សព្វផ្សាយ និងការចងបណ្តាញក្រុមការងារព័ត៌មាន និងសាធារណមតិក្នុងកម្រិតខេត្ត ដល់ឃុំ សង្កាត់ក្នុងខេត្តកំពត នាឱកាសនេះ មានការចូលរួមពីសំណាក់ លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស, លោក ថេង ច័ន្ទសង្វារ, លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាសមាជិក (គ.ស.ព.ស.) លោក ទេព អស្នារិទ្ធ ប្រធានលេខាធិការដ្ឋាន ( គ.ស.ព.ស.) ថ្នាក់ដឹកនាំអភិបាលរងជាក្រុមការងារទទួលបន្ទុកព័ត៌មានមកពីខេត្តព្រះសីហនុ កែប និងកោះកុង លោក លោកស្រី ក្រុមយុវជន សកម្មជនអ្នកប្រើប្រាស់បណ្តាញសង្គម និងមន្ត្រីព័ត៌មាននៅក្នុងខេត្តកំពត សរុបចំនួន៣៥០នាក់។
លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយ ( គ.ស.ព.ស.)។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពការងារ គ.ស.ព.ស. បានសហការរៀបចំដាក់ឱ្យដំណើរការនូវក្រុមការងារព័ត៌មាននិងសាធារណមតិដែលមានសមាសភាព មន្ត្រី៥រូបនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ដែលក្រុមមន្ត្រី៥រូប ដើរតួនាទីដ៏សំខាន់ជាសេនាធិការបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់លើការងារព័ត៌មាននិងសាធារណមតិ ដោយអនុវត្តន៍តាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញធ្វើការងារឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់ការ មានប្រភពច្បាស់លាស់ ឆ្លើយតបនិងបន្សាបព័ត៌មានក្លែងក្លាយ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗពីថ្នាក់ដឹកនាំដែលប្រឡូកក្នុងកិច្ចការព័ត៌មាននិងសាធារណមតិ រួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍លើវិស័យព័ត៌មាន ដោយបានបង្ហាញនូវ គន្លឹះនៃការផ្តល់ព័ត៌មាន មូលដ្ឋានគ្រឹះនៃការសរសេរអត្ថបទ ការងារឆ្លើយតប ចំណេះដឹងពីការវិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), សារៈសំខាន់ ផលប៉ះពាល់ និងគ្រោះថ្នាក់នៃ AI និងព័ត៌មានក្លែងក្លាយ, របៀបកាត់តវីដេអូក្នុងទូរសព្ឬស្មាតហ្វូន និងការរៀបចំចងក្រងបណ្តាញសម្រាប់បម្រើដល់ការងារព័ត៌មានជាប្រព័ន្ធតួអង្គតែមួយផងដែរ។