(ឧត្តរមានជ័យ)៖ លោក ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានថ្លែងលើកឡើងថា៖ ការធ្លាក់ចុះនូវវិន័យ សីលធម៌ និងគុណធម៌ នៅក្នុងសង្គមបច្ចុប្បន្ន គឺផ្តើមចេញពីលទ្ធផល និងគុណភាពនៃការអប់រំ ដែលយើងត្រូវរួមគ្នាយកចិត្តទុកដាក់ដោះស្រាយឲ្យបានទាន់ពេលវេលា ចំគោលដៅ និងតាមវិធីសាស្ត្រត្រឹមត្រូវ។
ការថ្លែងលើកឡើងបែបនេះរបស់ លោកទេសរដ្ឋមន្ត្រី ពេជ សោភ័ន ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ការចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ការិយាល័យពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំង នាយកសាលា គ្រូបង្រៀន និងឪពុកម្តាយសិស្សយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនៃពិធីចាប់ផ្តើមយុទ្ធនាការនេះ លោក ពេជ សោភ័ន បានលើកឡើងថា៖ «យុទ្ធនាការវគ្គគាំទ្រសាលារៀនបានចាប់ផ្តើមថ្ងៃនេះ គឺដើម្បីជំរុញការផ្សព្វផ្សាយអំពីវិធានការគន្លឹះ គ.វ.អ ដែលជាយន្តការកែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់ប្រតិបត្តិករនៅតាមសាលារៀនគោលដៅទាំងអស់ ឱ្យខិតខំអនុវត្តវិធានការគន្លឹះឱ្យមានប្រសិទ្ធភាពខ្ពស់។ដោយលោកថា លេខាធិការដ្ឋាន គ.វ.អ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ បានពិនិត្យជ្រើសរើសសាលាគោលដៅបន្ថែម ចំនួន១១៩ សាលា នៅគ្រប់រាជធានី ខេត្ត។
លោកទេសរដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់បន្ថែមថា៖ «ក្នុងសង្គមយើងសព្វថ្ងៃកំពុងលេចចេញនូវបញ្ហានៃការធ្លាក់ចុះចំពោះវិន័យ សីលធម៌ ចរិយាធម៌ និងគុណធម៌ ដែលបានបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានដល់សិស្សានុសិស្ស និងសង្គមជាតិទាំងមូល។ ឫសគល់នៃបញ្ហាទាំងអស់នេះផ្តើមចេញពីលទ្ធផល និងគុណភាពនៃការអប់រំ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ដោះស្រាយឲ្យបានទាន់ពេលវេលា ចំគោលដៅ និងតាមវិធីសាស្ត្រត្រឹមត្រូវ។ ដូចនេះវិធានការគន្លឹះគឺជាអន្តរាគមន៍បែបប្រាកដនិយម និងមិនតម្រូវឱ្យសិស្សបង់ប្រាក់សម្រាប់ការរៀនបន្ថែមម៉ោងនោះទេ។
លោកថា លេខាធិការដ្ឋានបានពិនិត្យជ្រើសរើសសាលាគោលដៅ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីអនុវត្តនូវវិធានការគន្លឹះក្នុងវិស័យអប់រំ ព្រមទាំងត្រូវបានពង្រីកជាដំណាក់កាលៗ ចំពោះសាលាបឋមសិក្សារដ្ឋដែលមានប្រមាណជាង៧០០០សាលានៅទូទាំងប្រទេស តាមវិធីសាស្ត្រផ្ការីក ដើម្បីពង្រឹងគុណភាពអប់រំឲ្យបានជាអតិបរមា។
លោកទេសរដ្ឋមន្ត្រី ពេជ សោភ័ន ប្រធានលេខាធិការដ្ឋាន បានថ្លែងផ្តាំផ្ញើដល់គ្រូបង្គោល និងសាលាគោលដៅទាំងអស់ថា៖ «ក្នុងពេលចុះអនុវត្តការងារ ត្រូវយកចិត្តទុកដាក់កត់សម្គាល់, ឆ្លុះបញ្ចាំង និងចងក្រងនូវចំណុចគន្លឹះល្អៗដើម្បីទុកជាករណីសិក្សា ឬចែករំលែកបន្ត។ទន្ទឹមនេះ ត្រូវរិះរកវិធីដោះស្រាយបញ្ហា និងអន្តរាគមន៍ឲ្យមានប្រសិទ្ធភាពបំផុត»។
ដោយឡែកលោក មាន ចាន់យាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងរាយការណ៍អំពីវឌ្ឍនភាពកិច្ចការអប់រំក្នុងខេត្ត និងបានលើកឡើងថា៖«រដ្ឋបាលខេត្តឧត្តរមានជ័យ មានមោទនភាពខ្ពស់ដោយលេខាធិការដ្ឋាន បានជ្រើសរើសសាលាគោលដៅមួយចំនួនក្នុងខេត្ត សម្រាប់អនុវត្តវិធានការគន្លឹះ គ.វ.អ ព្រមទាំងសូមស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.វ.អ.។»
លោកថា៖គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) គឺជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដើម្បីផលិតមូលដ្ឋានមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ៕