(ព្រះវិហារ)៖ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការដោយលោក នាន់ បូនេត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តព្រះវិហារ ជំនួសលោក ចិន ខន្តី។
ពិធីប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិអានសេះនាពេលនេះ ស្ថិតក្រោមវត្តមានលោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការ ចូលរួមពីអាជ្ញាធរស្រុកជាំក្សាន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធប្រចាំច្រកអានសេះជាច្រើនរូបទៀតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក ណុប វធ្ធី បានចូលរួមអបអរសាទរលោក នាន់ បូនេត ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត តែងតាំងមុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះ។
លោកណែនាំប្រធានច្រកព្រំដែនអានសេះថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវសហការសាមគ្គីភាពល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងកម្ពុជា និងថៃ ដើម្បីឱ្យដំណើរការច្រកព្រំដែនអានសេះប្រកបដោយភាពរលូន៕