(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរលើ Facebook ផ្លូវការរបស់សម្តេចថា៖ «ថ្ងៃនេះ ជាថ្ងៃខួបកំណើត ៣៩ឆ្នាំរបស់កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត (២០ តុលា១៩៧៧-២០ តុលា ២០១៦)។ កូនមួយនេះបានកើតក្នុងស្ថានភាព និងពេលវេលា ដ៏លំបាកបំផុតដែលប្រជាជនកម្ពុជាត្រូវរស់យ៉ាងវេទនានៃរបប ប៉ុល ពត»។
សម្តេចតេជោ បានបន្តសរសេរយ៉ាងដូច្នេះថា «ខ្ញុំបានចាកចេញចោលភរិយាខ្ញុំតាំងពី ម៉ាណែត នៅក្នុងផ្ទៃ៥ខែ ដើម្បីដឹកនាំការតស៊ូប្រឆាំង ប៉ុលពត។ ភរិយាខ្ញុំ និងកូនខ្ញុំត្រូវរស់នៅក្រោមពាក្យប្រពន្ធអាក្បត់ និងកូនអាក្បត់។ ចាប់ពីប្រសូតរហូតថ្ងៃ ២៤ កុម្ភះ ១៩៧៩ ដែលជាថ្ងៃជួបមុខខ្ញុំលើកដំបូង ម៉ាណែត រស់ក្រោមដំណក់ទឹកភ្នែកម្តាយ មិនស្គាល់ពាក្យថា ពុកនោះទេ គេស្គាល់ត្រឹមពាក្យពូ រហូតហៅខ្ញុំដែលជាឪពុកថា ពូៗ រយៈពេល២ខែ ដែលរឿងរ៉ាវទាំងអស់នេះនៅដិតដាមក្នុងអារម្មណ៍ខ្ញុំនៅឡើយ។ ចម្រៀងទុក្ខស្រីប្តីព្រាត់បាន ឆ្លុះបញ្ចាំងពីជីវិតម៉ាណែត»។
សូមជំរាបថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ទើបបានបញ្ចប់បេសកកម្មចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា ដោយចុងក្រោយនេះមានខេត្តបានអញ្ជើញទៅ និងឆ្លងកាត់រួមមាន៖ សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ប៉ៃលិន៕