(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការងារព័ត៌មាន និងសាធារណមតិ មានតួនាទីសំខាន់ណាស់សម្រាប់ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ដើម្បីឱ្យមន្ទីរព័ត៌មាន ដើរតួនាទីជាសេនាធិការដ៏ល្អរបស់រដ្ឋបាលរាជធានីខេត្ត មន្ត្រីមន្ទីរ ត្រូវបន្តខិតខំពង្រឹងបន្ថែមទៀតលើការអនុវត្តវិធីសាស្ត្រច្នៃប្រឌិតក្នុងការទទួល ប្រមូល និងផលិតផ្សាយព័ត៌មានឱ្យកាន់តែល្អប្រសើរ លើកកម្ពស់តួនាទីរបស់មន្ទីរក្នុងការផ្សាយជាសំឡេងក្នុងមូលដ្ឋានរាជធានីខេត្ត ដើម្បីធានាការទទួលព័ត៌មានត្រឹមត្រូវរបស់ប្រជាពលរដ្ឋ និងការពារប្រយោជន៍សាធារណៈ។

ការលើកឡើងរបស់លោក ទេព អស្នារិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពត នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះដែរ លោកក៏បានកោតសរសើរចំពោះការបំពេញការងារនាពេលកន្លងមករបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តកំពត ក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីសមិទ្ធផលការងារក្នុងខេត្ត ក៏ដូចជារបស់ក្រសួង និងរាជរដ្ឋាភិបាល។ ប៉ុន្តែដើម្បីពង្រឹងការងារព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពលើផែនការការងារ ពិសេសពង្រឹងវិធីសាស្ត្រក្នុងការសហការ សម្របសម្រួលការងារព័ត៌មាន និងសាធារណមតិ ជាមួយអាជ្ញាធរក្នុងខេត្ត និងតួអង្គពាក់ព័ន្ធដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងមូលដ្ឋាន ពិសេសត្រូវធានាការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការអនុវត្តការងារព័ត៌មាន និងសាធារណមតិ ត្រូវធ្វើឡើងជាប្រចាំ ដោយសហការ និងសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជំរុញយន្តការនេះ ឱ្យក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងលើកកម្ពស់យន្តការដំណោះស្រាយចំពោះរាល់បញ្ហា ក្តីកង្វល់ និងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យបានណែនាំថា ដើម្បីធ្វើជាសេនាធិការដ៏ល្អរបស់រដ្ឋបាលខេត្ត មន្ត្រីមន្ទីរព័ត៌មានចាំបាច់ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់អនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន តាមបែបបុរេសកម្ម និងដោយពង្រឹងបន្ថែមនូវសមត្ថភាពផ្នែកបច្ចេកទេស ជំនាញប្រើប្រាស់កម្មវិធីឌីជីថលផ្សេងៗឱ្យស្របនឹងការរីកចម្រើនក្នុងសង្គម និងទំនោរនៃការទទួលព័ត៌មានសាធារណៈ រាប់បញ្ចូលទាំងបណ្តាញសង្គម Facebook, TikTok, Instagram, YouTube, X (Twitter) និង Telegram។

ជាងនេះទៀត មន្ត្រីមន្ទីរត្រូវបង្កើនគំនិតច្នៃប្រឌិតនិងប្រើប្រាស់សិល្បៈក្នុងការប្រមូល ផលិត ផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មាន ពិសេសត្រូវផ្ដោតលើប្រធានបទដែលមានប្រជាប្រិយភាពក្នុងលំហសាធារណមតិ ដើម្បីបញ្ជ្រាបអំពីសមិទ្ធផលរបស់ខេត្ត និងរាជរដ្ឋាភិបាលព្រមទាំងឆ្លើយទៅនឹងការលើកឡើង និងសំណូមពរនានា។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំឱ្យមន្ទីរព័ត៌មាន ពិសេសក្រុមការងារសាធារណមតិ ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះព័ត៌មានក្លែងក្លាយ ដែលមាននៅក្នុងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ពិសេសមន្ទីរត្រូវបង្កើតទីលានជជែកដេញដោលព័ត៌មានផ្សេងៗ ដោយក្នុងនោះត្រូវចាក់បញ្ចូលនូវព័ត៌មានវឌ្ឍនភាពលើគ្រប់វិស័យរបស់ខេត្ត និងដោយប្រកាន់ខ្ជាប់ការអនុវត្តវិធីសាស្ត្រព័ត៌មានបែបបុរេសកម្ម និងមិនត្រូវទុកអោយព័ត៌មានក្លែងក្លាយនាំមុខនៅក្នុងលំហសាធារណមតិឡើយ ដែលវាអាចឈានទៅបង្កការបំពុលព័ត៌មាន ភាពចលាចល ឬអសន្តិសុខនៅក្នុងមូលដ្ឋាន និងសង្គមកម្ពុជាទាំងមូល៕