(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញអាជ្ញាធរក្រុងស្រុក ត្រូវកសាងប្លង់គោលឲ្យបានច្បាស់លាស់ដើម្បីអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើន។

លោក នួន ផារ័ត្ន បានថ្លែងក្នុងកិច្ចដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

លោកបានថ្លែងអំណរគុណគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋមានភាពសុខុដុមរមនា ជាពិសេសពិធីឆ្លងឆ្នាំសកល មានភាពសប្បាយរីករាយ មិនមានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករផងដែរ ព្រមទាំងបានអនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង នៅក្នុងមូលដ្ឋានខ្លួនបានល្អប្រសើរ។

លោកសូមអរគុណរដ្ឋបាលស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ នៅក្រុងស្ទឹងសែន បានសហការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានបទល្មើសកើតឡើងនៅដីតំបន់បីនោះឡើយ នេះគឺជាការខិតខំប្រឹងប្រែង របស់បញ្ជាការស្រាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ការពារធនធានធម្មជាតិឱ្យបានគង់វង្ស។ ការរៀបចំសន្និបាតបូកសរុបការងាររដ្ឋបាលខេត្តឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥នេះបានដោយជោគជ័យ ដោយមានការសហការជាមួយមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ដែលបានខិតខំអនុវត្តការងារកន្លងមក។

លោកបានជំរុញដល់អ្នកចូលរួមទាំងអស់ និងដាក់គោលការណ៍ចំនួន៦ចំណុច ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពរួមមាន៖

*ទី១៖ ត្រូវលើកស្លាកផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ និងនិម្មិតសញ្ញាផ្សេងៗទៀត ដោយដាក់តាំងនៅតាមដងផ្លូវសាធារណៈឱ្យបានច្រើនកន្លែង
*ទី២៖ បញ្ហាស្រូវ និងទឹក ត្រូវតែសម្រួលដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយជូនពួកគាត់ឱ្យទាន់ពេលវេលា
*ទី៣៖ ពាក់ព័ន្ធទៅនឹងសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ការបើកគ្លីនិកដែលមិនមានច្បាប់
*ទី៤៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
*ទី៥៖ ការងារសន្តិសុខ (បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោក) រួមគ្នាផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
*ទី៦៖ ការបាញ់ថ្នាំដើម្បីការពារជំងឺផ្សេងៗដែលរៀបចំឡើងដោយមន្ទីរសុខាភិបាល នៅក្នុងក្រុងស្ទឹងសែន។