(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំងឱ្យលោក យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី ព្រមទាំងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង អនុសាខាស្រុកបាណន់ អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោក អ៊ុត អូត និងលោកស្រី ចក់ ចិនឌីណា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក អឿន ចាន់ដារ៉ា អ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ (CMAC) ប្រចាំទិសឧត្តរមានជ័យ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក យូ ឡាណា បានប្រគល់ជូនក្រុមគ្រួសារសពនូវសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារថា៖ «មរណភាពរបស់លោក អឿន ចាន់ដារ៉ា គឺជាការបាត់បង់កូន កូនប្រសារ ឧត្តមស្វាមី ញាតិមិត្ត និងជាពលរដ្ឋដ៏ល្អមួយរូបរបស់សង្គមជាតិ ជាទីស្រឡាញ់រាប់អាន ដែលព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃថ្លៃថ្លានេះជាការបាត់បង់វីរយុទ្ធជន របស់អង្គភាពសស៊ីម៉ាក់ (CMAC) ប្រចាំទិសឧត្តរមានជ័យមួយរូប ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយសេចក្តីមោះមុត អង់អាចក្លាហាន រហូតពលីជីវិតក្នុងបុព្វហេតុសេចក្តីសុខក្សេមក្សាន្តរបស់ប្រទេសជាតិ មាតុភូមិ ក្រោមម្លប់សន្តិភាពពេញបរិបូរណ៍។ ទោះបីរូបកាយរបស់លោក ពៅ ណេពីន បានលាចាកទៅមែនពិត ប៉ុន្តែអំពើជាកុសល សេចក្តីថ្លៃថ្នូរ គុណធម៌ នឹងស្ថិតនៅក្នុងក្តីចងចាំរបស់ លោក លោកស្រី និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់ជានិច្ចនិរន្តរ៍»

កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក អឿន ចាន់ដារ៉ា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា មន្ដ្រីជំនាញដោះមីនចំនួន២នាក់ បានពាលីនៅក្នុងករណីឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលប្រតិបត្ដិការនៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៧៖៤៥នាទី។

ករណីឧបទ្ទវហេតុផ្ទុះមីនតោន បណ្ដាលឲ្យអ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាព CMAC ប្រចាំទិសខេត្តឧត្តរមានជ័យ ចំនួន២រូប គឺលោក ពៅ នេពីន និងលោក អឿន ចាន់ណារ៉ា បានពលីជីវិតនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ ដោយសារឃាតករលាក់មុខដ៏កំណាចឃោរឃៅនេះ ក្នុងពេលដែលកំពុងបំពេញប្រតិបត្តិការ បោសសម្អាតមីនលើដីស្រែរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រខាងលើ៕