(រតនគិរី)៖ នាយឧត្តមសេនីយ៍ ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគីរី នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ អញ្ជើញជាអធិបតី ក្នុងប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។

កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅ សាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី,ប្រធាន-អនុប្រធានគណបក្សខេត្ត សមាជិក សមាជិកាគណបក្សខេត្ត ក្រុង ស្រុកទាំង៩ ឃុំ សង្កាត់ទាំង៥០សរុបប្រមាណជាង៣០០នាក់។

នៅក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ជៀង អំ បានកោតសរសើរចំពោះក្រុមការងារគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់និង បានថ្លែងអបអរសាទរប្រកបដោយមោទកភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះដោយទទួលបានអាសនៈចំនួន៥៥ ក្នុងនោះភូមិភាគទី៨ និងមានសំឡេងគាំទ្រមានការកើនឡើងដែលបង្ហាញពីភាពត្រឹមត្រូវនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោត ជ្រើស រើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ កន្លងមក គឺជាប្រវត្តិសាស្ត្រ មួយថ្មីបន្ថែមទៀតសម្រាប់កម្ពុជាដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឆ្លុះបញ្ចាំងនូវទេពកោសល្យដ៏ប៉ិនប្រសប់ និងសមត្ថភាពការងារដ៏ឧត្តុង្គឧត្តម ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងការលះបង់យ៉ាងធំធេងក្នុងមហាបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសបានយកជីវិតធ្វើជាដើមទុន ដើម្បីសង្រ្គោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដឹកនាំនាវាកម្ពុជា ស្ដារ និងកសាងបាននូវនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។ ជាមួយគ្នានេះ គ្រប់ស្ថាប័នជាតិ រហូត ដល់ថ្នាក់ ក្រោម ជាតិ រក្សាបាននូវស្ថិរភាពរដ្ឋបាលសាធារណៈ ដែលបានឆ្លុះបញ្ចាំងពីភាពចាស់ទុំ និង ភាព រឹង មាំ នៃ ប្រ ព័ន្ធរដ្ឋបាលគ្រប់ជាន់ថ្នាក់។

នាយឧត្តមសេនីយ៍ ជៀង អំ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើ ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានសម្រេចសមិទ្ធផលការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ និងគណបក្ស ក្នុងរយៈពេលកន្លងមកនេះ។

ជាមួយគ្នានេះលោកប្រធានក្រុមការងារក៏បានផ្តាំផ្ញើដល់មន្រ្តីគណបក្ស មកពីថ្នាក់ជាតិ និងមូលដ្ឋាន ត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុប ក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ ដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាជន។
ប្រធានក្រុមការងារក៏បានណែនាំផងដែរដល់មន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ក្នុងខេត្តបន្តធ្វើអំពើល្អ និងបម្រើបងប្អូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗ ឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួន ដែល មានចរិតយុទ្ធសាស្រ្តយូរអង្វែង។

លោកប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់ក្រុមការងារសហការជាមួយគណៈកម្មាធិការបក្សខេត្តរតនគិរី បង្កើនពង្រឹងសមាជិកគណបក្សទាំងបរិមាណនិងគុណភាពជាពិសេសយុវជនដែលជាអ្នកបន្តវេន ត្រូវតែគោរពវិន័យ ហើយការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុងអោយបានល្អប្រសើរ៕