(កំពង់ធំ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្ត បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានបញ្ជូនមក។
ក្រោយពីបានពិនិត្យលើសំណុំរឿងនេះ និងស្តាប់ចម្លើយជនសង្ស័យ ព្រមទាំងភស្តុតាងពាក់ព័ន្ធនៅក្នុងសំណុំរឿងរួចមក តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ធំ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លើជនសង្ស័យដែលជាក្រុមក្មេងទំនើងចំនួន១២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ស៊ឹម រ៉ាស៊ី
*ទី២៖ ឈ្មោះ ថៃ វិច្ឆិកា ហៅ ភា
*ទី៣៖ ឈ្មោះ ចំរើន សំណាង ហៅ ក្លិប
*ទី៤៖ ឈ្មោះ ឆៃ ទិត្យចិត្រា
*ទី៥៖ ឈ្មោះ ធី ម៉េងយូ ហៅ ម៉េង
*ទី៦៖ ឈ្មោះ គង់ សុខតុលា ហៅ ឃ្លោក
*ទី៧៖ ឈ្មោះ រ៉េន អភិរូហ៍
*ទី៨៖ ឈ្មោះ គុណ សុខនរិទ្ធ ហៅ ណុក
*ទី៩៖ ឈ្មោះ សុខ ចាន់ធូ និងជនសង្ស័យចំនួន០៣នាក់ទៀត បានរត់គេចខ្លួន។
សម្រាប់វត្ថុតាងដែលត្រូវដកហូតរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស្លាកលេខកំពង់ធំ 1P-3513, ទូរស័ព្ទគ្រឿងមួយចំនួន។
សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ បានប្រព្រឹត្តនៅចំណុចខ្លោងទ្វារម៉ុងចិន ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥៕