(កណ្តាល)៖ សត្វសំពោចចំនួន៣៥ក្បាល មានទម្ងន់សរុបជិត១០០គីឡូក្រាម ត្រូវបានឈ្មួញបម្រុងដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែត្រូវបានមន្ត្រីគយច្រកទ្វារជ្រៃធំ ស្រាវជ្រាវរហូតបង្ក្រាបបាន រួចប្រគល់ឲ្យអង្គការ Wildlife Alliance យកទៅព្រលែងក្នុងព្រៃវិញ។ ការបង្ក្រាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
លោក មួង ដារ៉ា ប្រធានច្រកទ្វារគយ និងរដ្ឋាករជ្រៃធំបានឲ្យដឹងថា សត្វសំពោចដែលកម្លាំងសម្ថកិច្ចបង្ក្រាបបាននោះ មានចំនួន៣៥ក្បាល មានទម្ងន់សរុបជិត១០០គីឡូក្រាម ដែលគេដាក់ក្នុងទ្រុងដែក ដឹកតាមរថយន្តយកមកដាក់ នៅមាត់ទន្លេ រួចបម្រុងឆ្លងដែនតាមទូកចូលទៅប្រទេសវៀតណាម ប៉ុន្ដែឈ្មួញនោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ខណៈព្យាយាមគេចខ្លួនបាត់។ លោកបន្តថា នៅរសៀលថ្ងៃដដែលនេះ កម្លាំងជំនាញរបស់លោកបានប្រគល់សត្វសំពោចទាំងនោះ ទៅឲ្យអង្គការ Wildlife Alliance យកទៅថែរក្សា និងព្រលែងក្នុងព្រៃធម្មជាតិវិញ។
លោកប្រធាន បានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយមានការណែនាំ និងក្រើនរំលឹកជាញឹកញ៉ាប់ពី លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដល់មន្ដ្រីក្រោមឱវាទទាំង អស់ត្រូវយកចិត្តទុកដាក់ និងចេះសហការជាមួយមន្ត្រីពាក់ព័ន្ធនានាតាមច្រកព្រំដែននីមួយៗ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបទល្មើសឆ្លងដែនគ្រប់ប្រភេទ ត្រូវទប់ស្កាត់ និងតាមបង្ក្រាបឲ្យបានកុំឲ្យឈ្មួញខិលខួចទាំងនោះ ចេះតែលួចធ្វើសកម្មភាពដឹកឆ្លងដែនបាននោះ៕