(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខអតីតយុទ្ធជន ស្ថិតនៅលើដីសម្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះស្នាដៃគុណបំណាច់ពលិកម្មរបស់អតីតយុទ្ធជន ដើម្បីជាតិមាតុភូមិ ការពារ ថែរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមរយៈពេលកន្លងមក រហូតទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្នជារៀងដរាបថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិត របស់សមាជិក គ្រួសារសមាជិក មិនបោះបង់ចោលបងប្អូន ស្ថិតក្នុងស្ថានភាពណាមួយឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះថ្នាក់ដឹកនាំចាត់តាំងក្រុមការងារចុះដល់លំនៅដ្ឋាននាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគជាប្រចាំ ។

លោកស្នងការបានផ្ដាំផ្ញើដល់អតីតយុទ្ធជនត្រូវការពារសន្តិភាព ស្រឡាញ់សន្តិភាព អនុវត្តគោលការនានារបស់រាជរដ្ឋាភិបាល ចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចជំនាញ សំដៅធ្វើយ៉ាងណា បង្ការ ទប់ស្កាត់ លុបបំបាត់បទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង ក្នុងលំនៅដ្ឋានរបស់បងប្អូនឡើយ។

ឆ្លៀតក្នុងឱកាសនោះលោកស្នងការ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគរួមមាន៖

*ទី១៖ អតីតយុទ្ធជនទាំង៤គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករទម្ងន់១០០គីឡូក្រាម, ថវិកា២០០,០០០រៀល
*ទី២៖ មេភូមិថវិកា១០០,០០០រៀល
*ទី៣៖ សមាជិកអតីតយុទ្ធជន ១០នាក់ និងកម្លាំងប្រជាការពារ១០នាក់ ទទួលបានថវិកាមួយចំនួន សរុបថវិកា ២,២០០,០០០រៀល៕