(ភ្នំពេញ)៖ មេខ្លោងក្រុមជ្រុលនិយម ដែលមានគំនុំនឹងនយោបាយសន្តិភាពក្នុងប្រទេសកម្ពុជា បាន និយាយចាក់ចុច និងញុះញង់ទៀតហើយ ដើម្បីចង់ឱ្យអំពើបះបោរផ្តួលរំលំសន្តិភាពនៅកម្ពុជា ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោមចំណងជើងថា «ប្រជាជនកម្ពុជាមិនល្ងង់នាំប្រទេសសន្តិភាព វិលត្រឡប់ទៅរកសង្គ្រាមវិញទេ!»
អស់រយៈពេល ២៦ឆ្នាំហើយ ប្រទេសកម្ពុជាបានរីកចម្រើនក្រោមសន្តិភាព ដែលរកបានដោយលំបាកតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ គោលនយោបាយនេះ បានបញ្ចប់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ ធ្វើឱ្យទឹកដីជម្លោះលែងមានភាពប្រេះឆា និងត្រួសត្រាយផ្លូវឱ្យមានស្ថិរភាព, បង្កើតការអភិវឌ្ឍន៍ និងភាពរុងរឿងដែល មិនធ្លាប់កើតមានសោះឡើយក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំរបស់កម្ពុជាកន្លងមកនេះ។ ខណៈប្រជាជនកម្ពុជាបច្ចុប្បន្ន បាននិងកំពុងរួបរួមគ្នាជាមួយការប្តេជ្ញាចិត្តថែរក្សានិងការពារសន្តិភាពរយៈពេល២៦ឆ្នាំ រួចមកនេះ មេខ្លោងក្រុមជ្រុលនិយម ដែលជាមេរោគចង្រៃរបស់ សង្គមជាតិ បាននិយាយញុះញង់ឱ្យពលរដ្ឋខ្មែរ ត្រូវនាំគ្នាបំផ្លាញសន្តិភាពនោះ ចោលចេញទៅវិញ។
ជាច្រើនឆ្នាំមកនេះ សម រង្ស៊ី ដែលបន្តបំផ្លាញសន្តិភាព បានប្រើប្រាស់ឧបាយកលទុច្ចរិតផ្សេងៗ ចាប់ពីការកេងប្រវ័ញ្ចព្រឹត្តិការណ៍សោកនាដកម្មនានា, ការប្រឌិតនូវព័ត៌មានមិនពិត, ព័ត៌មានញុះញង់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានអស្ថិរភាព និងធ្វើឱ្យខូចឈ្មោះនិងកិត្តិយសដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច ជាពិសេសក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលផ្តួចផ្តើមគំនិតនយោបាយឈ្នះ-ឈ្នះ បំបាត់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ទោះជាយ៉ាងនេះក្តី ការប៉ុនប៉ងទាំងឡាយរបស់ក្រុមជ្រុលនិយម តែងទទួលបានបរាជ័យជាបន្តបន្ទាប់ ដោយសារតែឧបាយកលទុច្ចរិតចង់ធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមនោះ ត្រូវបានបកអាក្រាតដោយពលរដ្ឋខ្មែរ ដែលទទួលស្គាល់នូវតម្លៃសន្តិភាព ដែលរកបានដោយលំបាកតាមរយៈនយោបាយឈ្នះ-ឈ្នះ កន្លងមកនេះ។
ក្រោមនយោបាយឈ្នះ-ឈ្នះ ពលរដ្ឋខ្មែរ បានមើលឃើញនូវភាពផ្លាស់ប្តូររបស់កម្ពុជាខ្លួនឯង ដ៏ពិតប្រាកដ នោះគឺការធ្វើដំណើរចាកចេញពីប្រទេសដែលហែកហួរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងការរីកចម្រើន។ ពលរដ្ឋខ្មែរ បានយល់ច្បាស់ថាបើកម្ពុជាមានសង្គ្រាម, កម្ពុជាពិតជានឹងប្រឈមផលវិបាក ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរ បានមើលឃើញការពិតនៃសង្គ្រាមដែលកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន, នៅប្រទេសមីយ៉ាន់ម៉ា, ប្រទេសស៊ូដង់, ប្រទេសក្នុងតំបន់ Sahel ដូចជាប្រទេស Burkina Faso, ប្រទេស Mali និងប្រទេស Niger និង នៅហ្គាហ្សានៃតំបន់មជ្ឈិមបូព៌ាជាដើម ដែលសង្គ្រាមបានធ្វើឱ្យមនុស្សស្លាប់និងរបួសជារៀងរាល់ថ្ងៃ ហើយថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេសយ៉ាងធ្ងន់ធ្ងរថែមទៀត។ ការផ្លាស់ប្តូររបស់កម្ពុជាធ្វើដំណើរចេញពីសង្គ្រាម និងកំពុងរស់នៅក្នុងសុខសន្តិភាពរយៈពេល ២៦ឆ្នាំមកនេះ គឺជាសក្ខីភាពបញ្ជាក់អំពីភាពធន់ និងប្រាជ្ញារបស់ប្រជាជនខ្មែរ ដែលអ្វីទាំងនេះ កំពុងក្លាយជាគម្រូរៀនសូត្ររបស់ប្រទេសមួយចំនួននៅលើពិភពលោក។
សារញុះញង់របស់ សម រង្ស៊ី តាមបណ្តាញសង្គម ដែលជំរុញឲ្យកងកម្លាំងប្រដាប់អាវុធ និងកម្លាំងនយោបាយនានា ដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន គឺជាឧបាយកលដែលពលរដ្ឋខ្មែរ មើលឃើញយ៉ាងច្បាស់ក្រឡែតថា វាជាការប៉ុនប៉ងដើម្បីអូសទាញប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងភាពវឹកវរតែប៉ុណ្ណោះ។
សារញុះញង់របស់ទណ្ឌិត សម រង្ស៊ី ថ្ងៃទី១៨ មករា បាននិយាយញុះញង់ថាមានអំពើផ្តាច់ការ មានអំពើពុករលួយ, បក្ខពួកនិយម និងថាពលរដ្ឋរស់នៅក្រោមការជិះជាន់ ប៉ុន្តែភាពជាក់ស្តែង បានបង្ហាញថា២៦ឆ្នាំរួចមកនេះ ក្រោមម្លប់នៃសន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ ពលរដ្ឋបានរស់នៅយ៉ាងសុខសាន្ត និងសមិទ្ធផលជាច្រើនបានកើតឡើងទាំងនៅក្នុងរាជធានី និងតាមបណ្តាខេត្តនានា។
ដូចជាព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃទី២៩ តុលាក្នុងខួបព្រះរាជពិធីឡើងគ្រងរាជ្យ២០ព្រះវស្សានៅក្នុងព្រះបរមរាជវាំង បញ្ជាក់ថា ព្រះអង្គមានមោទនភាពចំពោះកម្ពុជាបច្ចុប្បន្ន ដែលមានសុខសន្តិភាព និងការរីក ចំរើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់៖
«ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដោយបានឃើញសភាពការណ៍នៃព្រះរាជាណាចក្រកម្ពុជាយើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រជារាស្រ្តជាទីស្រឡាញ់នៃយើងទទួលបានសេក្តីសុខ និងកំពុងបន្តបោះជំហ៊ានទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ សមិទ្ធផលនានានៃសង្គមជាតិត្រូវបានកសាងឡើងអាស្រ័យដោយស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន ព្រះសង្ឃ និងបងប្អូនប្រជារាស្រ្តទូទាំងប្រទេសបានរួមគ្នាកសាងឡើងក្រោមកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំរបស់ប្រជាជាតិយើងតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលពុំមានកម្លាំងអ្វីអាចធ្ចើឱ្យរង្គោះរង្គើបានឡើយ»។
ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ បង្ហាញព្រះរាជមោទនភាពចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា គឺជាព្រះរាជបន្ទូលឆ្លុះបញ្ចាំងពីការពិត និងជាសច្ចៈភាពរបស់ប្រវត្តិសាស្ត្រ មិនអាចមានអ្នកណាកែកាឡៃបានឡើយ។
គេនៅចាំបានថាសូម្បីតែព្រះមហាវីរក្សត្រខ្មែរ សម្តេចព្រះបាទព្រះ នរោត្តម សីហនុ តាមព្រះរាជសារមួយក្រោមចំណងជើង «សនិងខ្មៅ» ចុះថ្ងៃទី២៣ ឧសភា ឆ្នាំ២០០៩ ក៏ព្រះអង្គមានព្រះរាជបន្ទួលកោតសរសើរលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សទោះបីមិនធ្លាប់បានទទួលគុណស្រ័យអ្វីព្រះអង្គពិតមែន ប៉ុន្តែជាគណបក្សដែលមានឆន្ទៈស្នេហាជាតិ និងជួយឱ្យរបបរាជានិយមរស់រានមានជីវិតសាឡើងវិញរហូតមកទល់បច្ចុប្បន្ន។
ព្រះរាជសារថ្ងៃទី២៣ ឧសភា ឆ្នាំ២០០៩ បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកកំពូល អគ្គសម្តេច ជា ស៊ីម, អគ្គសម្តេច ហេង សំរិន, អគ្គសម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់, កម្មាភិបាល និងសមាជិកទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ពុំដែលបានទទួលអំណោយ បុព្វសិទ្ធិអ្វីពីខ្ញុំទេ ក៏ប៉ុន្តែពួកគាត់បានផ្តល់គ្រប់យ៉ាងដល់ខ្ញុំ និងភរិយាខ្ញុំ ប្រកបដោយសេចក្តីថ្លៃថ្នូរ៖ មហាកិត្តិយសដ៏ឧត្តុង្គឧត្តម ឋានៈដ៏ខ្ពង់ខ្ពស់ថ្នាក់ជាតិ និងជាប្រវត្តិសាស្ត្រ យុត្តិធម៌ ថវិកា...។ល។ និង។ល។»។
ព្រះរាជសាររបស់ព្រះមហាវីរក្សត្រ បានសរសេរបួងសួង៖ «សូមព្រះពុទ្ធជាអម្ចាស់, ទេវតា,បុព្វការី និងអតីតវីរៈក្សត្រាក្សត្រីទាំងអស់នៅលើមេឃប្រសិទ្ធិពរជ័យបវរ ជួយការពារនិងបន្តការពារនិងផ្តល់ជ័យជំនះជានិច្ចនិរន្តដល់គណបក្សប្រជាជនកម្ពុជា»។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ កាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា ព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ២៦ឆ្នាំក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាលកម្ពុជា បាននាំប្រទេសចេញរួចផុតពីភាពលំបាកក្រីក្រ និងថែមទាំងបានកំណត់គោលដៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ខាងមុខនេះថែមទៀត។
ប្រទេសកម្ពុជាដែលមានសន្តិភាពបានបោះជំហានទៅដល់ផ្លូវដ៏វែងឆ្ងាយមួយហើយជាមួយនឹងការទទួលបានផ្លែផ្កានៃការអភិវឌ្ឍរបស់ខ្លួន។ ផ្លែផ្កានៃវឌ្ឍនភាពនេះបង្ហាញឱ្យឃើញពីកំណើនសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធកាន់ប្រសើរឡើង និងការលើកកម្ពស់កម្រិតជីវភាពសម្រាប់ប្រជាពលរដ្ឋរបស់ប្រជាជនកម្ពុជា ថែមទៀត។
យោងតាមធនាគារពិភពលោក បន្ទាប់ពីការធ្លាក់ចុះខ្លាំងដោយសារការឆ្លងរាតត្បាតនៃជំងឺ COVID-19 សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ទទួលបានមកវិញក្នុងរង្វង់៥.៨% លើសឆ្នាំ២០២៣ និងឆ្នាំ២០២៥ កើនដល់៦.១% ខណៈរាជរដ្ឋាភិបាលបានព្យាករណ៍ថា មានរហូតដល់៦.៦%។ តាមរយៈការថែរក្សា សន្តិភាព និងស្ថិរភាពនេះទៀត សេដ្ឋកិច្ចកម្ពុជា នឹងរំពឹងវិលត្រឡប់មក វិញក្នុងរង្វង់៧% នៅក្នុងឆ្នាំ ២០២៨ខាងមុខ។
សមិទ្ធផលទទួលបាន ជាមួយនឹងអ្វីដែលរំពឹងទុកទាំងនេះ គឺជាលទ្ធផលផ្ទាល់នៃសន្តិភាព និងស្ថិរភាពដែលកម្ពុជាគ្រប់គ្រងចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិល។ ប្រជាជនកម្ពុជាមិនឆោតល្ងង់ជឿទៅលើសម្តីទណ្ឌិត សម រង្ស៊ី នោះទេ។ ប្រជាពលរដ្ឋខ្មែរយល់ពីគ្រោះថ្នាក់នៃនយោបាយបំបែកបាក់ និងស្គាល់ណាស់នូវតម្លៃសន្តិភាពដែលជាសារៈសំខាន់នៃការរួបរួមក្នុងការថែរក្សាសុខដុមរមនាជាតិ។ ដូច្នេះ សម្តីអំពាវនាវព្យាយាមចង់ញុះញង់ឲ្យសង្គមជាតិមានជម្លោះ ដោយសម្តីចាក់ដោតនិងការបង្កើតព័ត៌មានញុះញង់បែបណាក៏ដោយ ភាពប្តេជ្ញាចិត្តរបស់ប្រជាជនខ្មែរក្នុងការរក្សាសន្តិភាពមិនឱ្យរបូតចេញពីកម្ពុជា នឹងធ្វើឱ្យក្រុមជ្រុលនិយមបរាជ័យជាមិនខានឡើយ។
អនាគតរបស់កម្ពុជា គឺស្ថិតនៅក្នុងសន្តិភាព ការអភិវឌ្ឍ និងឯកភាពជាតិ មិនមែនស្ថិតនៅក្នុងការវិលត្រឡប់ទៅរកជម្លោះ និងការបែកបាក់គ្នាដូចអ្វីដែលទណ្ឌិតក្បត់ជាតិបីជំនាន់នោះ បាននិងកំពុងនិយាយសាបព្រួសឡើយ។ ប្រជាជនកម្ពុជា ដែលបានមើលឃើញនូវកលល្បិចដដែលៗរបស់ សម រង្ស៊ី និងដែលតែងស្វែងរកការរំខានដល់សន្តិភាពរបស់ខ្មែរ សូមផ្ញើសារមួយនេះប្រាប់ទៅវិញថា «ប្រទេសកម្ពុជានេះ នឹងមិនធ្លាក់ក្នុងឧបាយកលពិសពុលរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដែលចង់អូសទាញកម្ពុជាដែលមានសន្តិភាព វិលត្រឡប់ទៅក្នុងភាពងងឹតនៃសង្គ្រាមវិញនោះទេ»។
ក្រុមជ្រុលនិយមត្រូវចាំថា «កេរដំណែលនៃនយោបាយឈ្នះ-ឈ្នះ និងការលះបង់ដែលធ្វើឡើងដើម្បីសន្តិភាព នឹងមិនត្រូវបានរបូតដោយសារតែសម្តីញុះញង់ និងវេហាសាស្ត្រចាក់ដោតរបស់ សម រង្ស៊ី និងបក្ខពួកនោះឡើយ»។ «ប្រជាជនខ្មែរ តែងចងចាំថា នៅពេលដែលប្រទេសជាតិ ជួបការលំបាកគឺគេមិនដែលឃើញមានប្រទេសណា, អង្គការណា, គណបក្សណា ដែលបានមកជួយប្រជាជនខ្មែរឡើយ ក្រៅតែពីគណបក្សប្រជាជនកម្ពុជាក្រោមការដឹក នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមិនត្រឹម តែជួយរំដោះប្រជាជន និងប្រទេសចេញរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ថែមទាំងជួយឱ្យប្រទេសអស់សង្គ្រាម មានសន្តិភាពពិតប្រាកដ ជួយស្រោចស្រង់ជីវិតប្រជាពលរដ្ឋខ្មែរឆ្លងកាត់សម័យឆ្លងជំងឺរាតត្បាតCOVID-19 ជួយកម្ពុជា ចេញរួចផុតពីភាពក្រីក្រ ក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួច និងត្រៀមចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៩ ដើម្បីឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ការនាំប្រទេសឈានទៅរកត្រើយសុភមង្គលពិតប្រាកដ គឺមានតែរាជរដ្ឋាភិបាលកាច់ចង្កូត ដោយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលអាចធ្វើបានខណៈទិសដៅរបស់ក្រុមប្រឆាំងក្រោមខ្សែញាក់របស់សម រង្សី គឺមានតែនាំកម្ពុជាដើរថយក្រោយវិលទៅរកសង្គ្រាមសាជាថ្មីវិញតែប៉ុណ្ណោះ។ ដូច្នេះ ក្រុមជ្រុលនិយមត្រូវចាំទុកថា «ប្រជាជនកម្ពុជាមិនល្ងង់ នាំប្រទេសសន្តិភាពរបស់ខ្លួនវិលត្រឡប់ទៅរកសង្គ្រាមវិញទេ»៕