(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ មានបេក្ខសមណៈ និងបេក្ខជនចំនួន៣៦៥អង្គ/នាក់ មកពី៩ក្រុងស្រុក បានចូលរួមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាឆ្នាំ២០២៥ ស្ថិតនៅសាលាពុទ្ធិកវិទ្យាល័យ សម្តេច ជា ស៊ីម ក្នុងវត្តស្វាយភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ។

ពិធីប្រឡងនេះដោយមានការចូលរួមលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្តគណៈមហានិកាយ ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ព្រះគ្រូ នេតិបណ្ឌិតោ ណាប់ម៉ឺនព្រះចៅអធិការ វត្តគិរីជុំចំការខ្នុរ លោក សួរផារី ប្រធានប្រតិភូក្រសួងធម្មការ និងសាសនា  លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ គណៈកម្មការ និងសមណសិស្សចំនួន៣៦៥អង្គ/នាក់បានចូលរួមប្រឡង។

ក្នុងពិធីនោះលោក បៀវ ថាន បានឡើងអានរបាយការណ៍ថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៤ ឆ្នាំ២០២៥នេះ មានសមណសិស្សចូលរួមប្រឡងចំនួន ៣៦៥អង្គនាក់ ស្មើនឹង១៥បន្ទប់ ក្នុងនោះមានវិញ្ញាសាប្រឡងមានចំនួន៦មុខវិជ្ជា ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ម៉ោងពេលព្រឹក ១មានវិញ្ញា ភាសាបាលី រសៀល ២វិញ្ញាតែងសេចក្តី ៣វិញ្ញាប្រវត្តិ ភូមិ វិទ្យាសាស្ត្រអនុវត្តន៍។

លុះនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ព្រឹកមានវិញ្ញាសា ពុទ្ធវិន័យ ពុទ្ធប្រវត្តិពុទ្ធសាសនា ពេលរសៀល មានវិញ្ញាសាសរសេរតាមអាន និងគណិតវិទ្យា។

លោក បៀវ ថាន បានបញ្ជាក់ថា សមណសិស្សដែលបានមកប្រឡងនេះ ត្រូវគោរពតាមគោលការណ៍មួយចំនួន ដែលក្រសួងធម្មការ បានកំណត់ដោយហាមយកថង់យាម ទូរស័ព្ទដៃ ព្រមទាំងសំណៅឯកសារពាក់ព័ន្ធផ្សេងៗ មិនអនុញ្ញាតឱ្យយកចូលក្នុងបន្ទប់ប្រឡងជាដាច់ខាត។

មណសិស្សទាំងអស់ ត្រូវរក្សាភាពស្ងៀមស្ងាត់ក្នុងពេលធ្វើកិច្ចការប្រឡង ហើយមិនត្រូវប្រឆាំងតវ៉ាដោយពាក្យសំដីអសុរោះទៅកាន់គណៈកម្មាធិការត្រួតពិនិត្យដែលដកហូតសម្ភារ ឬសំណៅឯកសារណាមួយផ្ទុយពីលក្ខខណ្ឌ នៃការប្រឡងជាដាច់ខាត, រាល់ចម្លើយមិនត្រូវលប់ដោយទឹកស ឬធ្វើសញ្ញាសម្គាល់ផ្សេងបេក្ខជននោះ និងត្រូវបានពិន្ទុសូន្យដោយស្វ័យប្រវត្តិ, បេក្ខជនត្រូវអង្គុយតាមតុរៀងខ្លួនរួចបំពេញកិច្ចការលើក្រដាសកិច្ចការ ឱ្យបានត្រឹមត្រូវមុនយកទៅជូនអនុរក្ស ពេលធ្វើកិច្ចការចប់ត្រូវចេញក្រៅបន្ទប់ប្រឡងមិនត្រូវឡូឡាក្នុងបន្ទប់ប្រឡងនាំឱ្យរំខានដល់បេក្ខជនដទៃទៀតឡើយ នេះជាវិន័យក្នុងការប្រឡង។

ក្នុងនោះលោក យឹម សំណាង បានកោតសរសើរព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ស្រុកក្រុង ជាពិសេសមន្ត្រី មន្ទីរធម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ជួយធនធានព្រះសង្ឃ ដែលស្របតាមគោល នយោបាយអប់រំរបស់ រាជរដ្ឋាភិបាលរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

លោក យឹម សំណាង បានបញ្ជាក់ថា ការលើកតម្កើងសាលាបាលីឱ្យរីកដុះដាលបន្ថែមដែលស្របជាមួយរដ្ឋធម្មនុញ្ញ បានបន្តលើកស្ទួយវិស័យពុទ្ធសិក្សានៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើនត្រង់មាត្រា៦៨ បានចែងថា រដ្ឋបានធ្វើការផ្សព្វផ្សាយសាលាបាលី និងពុទ្ធិសិក្សា ក្នុងន័យបានបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងការអភិវឌ្ឍន៍ វិស័យពុទ្ធិសិក្សា។ មានវិស័យចាប់ពីកម្រិតបឋម មធ្យម ឧត្តមនិងក្រោមឧត្តម ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនានៃយើង។ ហេតុនេះវិស័យព្រះពុទ្ធសាសនា នេះត្រូវតែកែទម្រង់ឱ្យបានស៊ីជម្រៅនិងគ្រប់កម្រិតដើម្បីធានានូវគុណភាព សាមណៈសិស្ស និស្សិតឱ្យក្លាយជាធនធានមនុស្ស ប្រកបដោយចំណេះ ជំនាញ និងមានគុណធម៌ពិតប្រាកដ។

លោក យឹម សំណាង បានបញ្ជាក់ថា ក្រៅពីកែទម្រង់លើវិស័យសិក្សា មន្ត្រីសង្ឃត្រូវជំរុញ ឱ្យមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងព្រះសង្ឃគ្រប់អង្គត្រូវពង្រឹងសមត្ថភាពផ្នែកវិជ្ជាពុទ្ធសាស្ត្រ ដូចជាភាសាបាលី សំស្ក្រឹត ទ្រឹស្ដីព្រះធម៌វិន័យ និងវិជ្ជាផ្លូវលោក។ ដើម្បីពង្រឹងស្ថាប័នព្រះពុទ្ធសាសនា ផ្សព្វផ្សាយព្រះធម៌ ឱ្យបានទូលំទូលាយភាពក្រឹត្យក្រមនៃការគោរពធម៍វិន័យ និងពង្រីកធនធានព្រះសង្ឃក្នុងទិសដៅ
ភាពស្ថិតស្ថេរជ័យភាពរបស់ព្រះពុទ្ធសាសនាផងដែរ។

លោក យឹម សំណាង បានជំរុញឱ្យសមណសិស្សទាំងអស់ត្រូវយកកិច្ចទុកដាក់ក្នុងការប្រឡងឱ្យបានខ្ជាប់ខ្ជួនឱ្យបានចំណេះនៅក្នុងខ្លួនពិតៗដើម្បីប្រែក្លាយខ្លួនទៅជាធនធានមនុស្សដែលជាតិត្រូវការជាចាំបាច់មិនអាចខ្វះបាន។

គួបញ្ជាក់ថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៤ ឆ្នាំ២០២៥នេះ មានរយៈពេល២ថ្ងៃពេញគឺថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២៥ ព្រោះ វាមានសារៈសំខាន់ណាស់ដើម្បីវាស់ស្ទង់ និងបង្ហាញពីសមត្ថភាពប្រកបដោយគុណភាពខ្ពស់ដែលកើតចេញពីឆន្ទ: និងការព្យាយាមសិក្សារបស់ព្រះតេជគុណគ្រប់អង្គ សមតាមពាក្យទូន្មានរបស់ព្រះជាម្ចាស់ដែលបានបង្រៀនបរស័ទព្យាយាមមោះមុតដើម្បីឆ្លងផុតភាពអវិជ្ជា៕