(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន២២១នាក់ស្រី ៦៤នាក់ ស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី។

ពិធីនេះមានការចូលរួមពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សចូលរួម៣៥០នាក់។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងស្រុកគងពិសី ឃុំស្នំក្រពើ ទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្ស។

លោកបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មានប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់៨២% ដែលលទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញអំពីជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការផ្តល់ឱកាសជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ ជារាជរដ្ឋាភិបាល នីតិកាលទី៧។

លោក ហ៊ុន ម៉ានី បានលើកឡើងនូវស្ថានភាពនយោបាយ និងការវិវត្តថ្មីៗផងដែរ ដើម្បីផ្តល់ជាធាតុចូលសម្រាប់មន្រ្តីគណបក្សនៅមូលដ្ឋានក្នុងការអនុវត្តការងារជូនគណបក្ស។

លោកបានផ្តាំផ្ញើឱ្យក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្សឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោត ខាងមុខតទៅទៀត។ ជាពិសេសបានណែនាំដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕