(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកវិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង សម័យប្រឡងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅវត្តឥន្រ្ទីយ៍សំវរៈ (ហៅវត្តកំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
លោកបានលើកទឹកចិត្តដល់បេក្ខសមណសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។
លោក នូន ផារ័ត្ន បានជូនពរដល់សមណសិស្សទាំងអស់សូមប្រឡងជាប់ឱ្យបានគ្រប់អង្គ។
តាមការបញ្ជាក់ពីលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានឱ្យដឹងថា សម្រាប់បេក្ខសមណសិស្ស-សិស្សសរុប ៣១៤អង្គ/នាក់ ក្នុងនោះមានគ្រហស្ថ១៥នាក់ (ប្រុស ៥នាក់ ស្រី១០ នាក់) មាន១៣បន្ទប់ ក្នុងនោះបន្ទប់លេខ១ ដល់លេខ១២ ក្នុង១បន្ទប់មានបេក្ខសមណសិស្ស-សិស្សចំនួន ២៤អង្គ/នាក់។ ដោយឡែកបន្ទប់លេខ១៣ មានបេក្ខសមណសិស្ស-សិស្សចំនួន២៦អង្គ/នាក់ និងមានគណៈកម្មការមេប្រយោគមានចំនួន ៧៤អង្គ/នាក់។ ចំពោះបេក្ខសមណសិស្ស-សិស្ស និមន្ត និងអញ្ញើញមកតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ៕