(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ឱ្យបញ្ឈប់នូវសកម្មភាពនយោបាយខ្មៅកខ្វក់បំបែកបំបាក់ជាតិ ក្នុងរូបភាពចាក់រុក ឆ្កឹះឆ្កៀលញុះញង់ ដែលនយោបាយនេះគ្មានបានហុចផលប្រយោជន៍ពិតប្រាកដជូនជាតិនោះទេ ជាពិសេសលោក ស្នើឱ្យលោក សម រង្ស៉ី បញ្ឈប់នយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»តទៅទៀត។
ការអំពាវនាវបែបនេះរបស់ លោក ហេង សំណាង បានធ្វើឡើងបន្ទាប់ពីលោក សង្កេតឃើញមេដឹកនាំបក្សប្រឆាំងរត់ចោលស្រុក ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ម្តងហើយម្តងទៀត តែងតែបញ្ជូនសារនយោបាយខ្មៅកខ្វក់បំបែកបំបាក់ជាតិ រូបភាពចាក់រុក ឆ្កឹះឆ្កៀល ញុះញង់ នៅតាមបណ្តាញសង្គមរបស់ខ្លួន ឱ្យពលរដ្ឋងើបបះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
មេដឹកនាំយុវជនសង្គមស៊ីវិលសកម្មខាងនយោបាយ វាយបក និងឆ្លើយតបភ្លាមៗទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសរូបនេះ បានបន្តបញ្ជាក់ថា ក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធតែងតែជួបជុំគ្នា ធ្វើការ ថ្កោលទោសចំពោះក្រុមទណ្ឌិតជ្រុលនិយម ដែលមានមេក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលមានចរិតជា«ភេរវកម្ម» ដែលយករូបមន្ត«ផ្ការីក» បំផុស បំផុល និងញុះញង់ឱ្យពលរដ្ឋអនុវត្តតាមខ្លួន ដើម្បីបង្កជាភាពវឹកវរនៅក្នុងសង្គមជាតិកម្ពុជាទាំងមូល។
លោក ហេង សំណាងបញ្ជាក់ទៀតថា ជនក្បត់ជាតិ សម រង្ស៉ បានព្យាយាមប៉ុនប៉ងបំផ្លាញកម្ពុជា តាមរយៈផ្តួលការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បន្តរហូតដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែបំណងរបស់គេតែងតែបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃរបស់ សម្តេចតេជោ និងបន្តដោយសម្តេចធិបតី។ ជាពិសេសពលរដ្ឋជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី ដែលត្រូវការសុខសន្តិភាព ដើម្បីភាពរីកចម្រើនរបស់កម្ពុជាទៅមុខជាបន្ត។
លើសពីនេះទៀត មេដឹកនាំយុវជនសង្គមស៊ីវិលរូបនេះ បានសង្កត់ធ្ងន់ទៀតថា ជនក្បត់ជាតិ សម រង្ស៉ី តែងតែបង្កើតរឿងមិនពិត ក្នុងន័យដើម្បីបន្តុះបង្អាប់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គ្រប់រូបភាព តាមរយៈ «ស្វាស៊ីបាយ លាបមាត់ពពែ»។ ដូច្នេះ លោកអំពាវនាវដល់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមកុំជឿ ឬចាញ់បោក ជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួករបស់ខ្លួន ហើយងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយសក្តានុពលរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនទៅមុខទៀត ៕