(វៀតណាម)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចុះមកសួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ២ម៉ឺនដុល្លារបន្ថែមទៀត ទៅប្រគល់ជូនស្ត្រីរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ដែលបណ្តាលឲ្យមនុស្ស៣នាក់ ឪពុក និងកូនប្រុសស្រី២នាក់ ស្លាប់ និងស្រ្តីជាម្តាយខាងលើនេះ រងរបួសធ្ងន់ត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យនៃប្រទេសវៀតណាម។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅ។
គូសរម្លឹកថា បន្ទាប់ពីទទួលដំណឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងជាសោកនាដកម្មដ៏គួរឲ្យសង្វេកនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាង ឱ្យចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកថវិកាចំនួន ១៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់ក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានប្រគល់ថវិកា១០លានរៀលទៀត ជូនដល់ក្រុមគ្រួសារខាងលើនេះ សម្រាប់ព្យាបាលដល់ស្ត្រីជាម្តាយរងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍ ដែលពិធីប្រគល់ថវិកានេះ បានប្រព្រឹត្តទៅនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
នេះបានបង្ហាញឲ្យឃើញថា នេះជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ និងធំធេងណាស់របស់មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលមិនត្រឹមជួយសម្រាលការលំបាកនិងសង្គ្រោះនៅកម្ពុជាទេ ប៉ុន្តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តចាត់តំណាងឲ្យចុះមកសួរសុខទុក្ខ និងប្រគល់ថវិកាដោយផ្ទាល់បន្ថែមទៀតចំនួន ២ម៉ឺនដុល្លារ ដល់ស្ត្រីរងរបួសធ្ងន់ ដែលមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៃប្រទេសវៀតណាមថែមទៀត ដោយមិនទុក្ខឲ្យនៅកណ្តោកណ្តែង នៅឆ្ងាយពីស្រុកកំណើតមកព្យាបាលនៅស្រុកគេនេះ។ ហើយនេះជាបេសកកម្មធ្វើដំណើរដ៏សែនឆ្ងាយជាង៣០០-៤០០គីឡូ របស់ថ្នាក់ដឹកនាំ និងសហការីកាកបាទក្រហមកម្ពុជា ចុះមកផ្តល់កម្លាំងចិត្ត ដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះផងដែរ។
ការសណ្តោសប្រណី មេត្តា ករុណា ដ៏កក់ក្តៅនេះ គឺជាការផ្តល់នូវកម្លាំងចិត្តមួយដ៏ធំ ដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះដែលជួបនូវសោនាកដកម្មដ៏សាហាវបំផុត ប៉ះពាល់ដល់សម្ពាធផ្លូវចិត្តគឺធ្ងន់ធ្ងរបំផុតសម្រាប់ស្រ្តីរងគ្រោះ ដែលធ្លាប់មានគ្រួសារដ៏មានសុភមង្គល តែត្រូវបានបំផ្លាញទាំងស្រុងត្រឹមតែមួយពព្រិចភ្នែក ដោយប្តី ក៏ស្លាប់ កូនទាំងពីរជាទីស្រលាញ់ស្នើជីវិតក៏ស្លាប់ ហើយបន្សល់ទុក្ខត្រឹមខ្លួនឯងតែម្នាក់ សែនឈឺចាប់ និងឯកាជាទីបំផុតរកក្តីស្ងប់ពុំឃើញ ហាក់លើលោកនេះល្វឹងល្វើយ រកកោះត្រើយមិនឃើញ គួរឲ្យសង្វេក ជាងជីវិតនាងបដាចាទៅទៀត។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ២ម៉ឺនដុល្លារ និង២៥លានរៀល ជួយសម្រាលការលំបាក និងរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពខាងលើនេះ។
តាមការបញ្ជាក់របស់លោកស្រី ហេង សុខឡេង ម្តាយស្ត្រីរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ កូនរបស់គាត់ មិនទាន់ដឹងទេថា ស្វាមី និងកូនជាទីស្រលាញ់របស់ខ្លួនបានស្លាប់ចោលខ្លួន ដោយមិនបានសូម្បីតែការជូនដំណើរជាចុងក្រោយ នេះជាការឈឺចាប់បំផុត ដែលមិនអាចយកអ្វីមកគណនាបាននោះទេ។
សូមគូសរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវ៦០ម៉ែត បណ្តាលឱ្យមនុស្សមួយគ្រួសារ មានអ្នកស្លាប់ ៣នាក់ និងរងរបួសធ្ងន់ធ្ងរម្នាក់ ក្នុងនោះ៖ ១) លោក ហេង រតនា (ត្រូវជាប្តី) ទទួលមរណភាពក្នុងអាយុ ២៩ឆ្នាំ ២) កុមារា សុភ័ក្រ រាជ្យ (ត្រូវជាកូន) ទទួលមរណភាពក្នុងអាយុ ៣ឆ្នាំ, ៣) កុមារី សុភ័ក្រ យ៉ូរ៉ា (ត្រូវជាកូន) ទទួលមរណភាពក្នុងអាយុជាង ១ឆ្នាំ និង៤) លោកស្រី នន លក្ខណា (ត្រូវជាភរិយា) អាយុ ២៣ឆ្នាំ របួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម។
សូមបញ្ជាក់ថា លោក ហេង រតនា មានឋានៈជា ពលបាលត្រី ជាប្រធានក្រុមការិយាល័យបច្ចេកទេសពិនិត្យជាតិផ្ទុះ និងជាតិគីមីពុល នៃបញ្ជាការដ្ឋានអង្គរក្ស។ រយៈពេលកន្លងមក ពលបាលត្រី ហេង រតនា ជានាយទាហានរងមួយរូប ដែលមានស្នាដៃល្អឆ្នើមក្នុងការបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ៕