(ម៉ាឡេស៉ី)៖ រូបប្រាសាទអង្គរវត្តសិប្បនិម្មិតសង់ពីបង្គុំជ័រ LEGO ដែលតំណាងអច្ចរិយវត្ថុពិភពលោកនៅកម្ពុជា និងរូបសំណង់បង្គុំជ័រ LEGO តំណាងឱ្យអច្ចរិយវត្ថុប្រទេសផ្សេងៗ ត្រូវបានដាក់បង្ហាញនៅរមណីយដ្ឋានទេសចរណ៍ LEGOLAND Malaysia ស្ថិតនៅរដ្ឋចូហូរ ប្រទេសម៉ាឡេស៉ី។

នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) ប្រតិភូសារព័ត៌មាននៅកម្ពុជា និងប្រមាណ៣៥ប្រទេសទៀតមកពីជុំវិញពិភពលោក ត្រូវបានអញ្ជើញឱ្យចូលទស្សនាកម្សាន្តនៅ LEGOLAND Malaysia នេះ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

សូមជម្រាបថា LEGOLAND Malaysia បានបើកនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ មានផ្ទៃដីជាង២០០ហិកតា ដែលអាចនិយាយបានថាជាឧទ្យាន LEGOLAND ដំបូងគេនៅអាស៊ី។ នៅទីនោះមានកន្លែងកម្សាន្តចម្រុះសម្បូរបែប ទាំងសម្រាប់មនុស្សពេញវ័យ កុមារ និងគ្រួសារ រួមទាំងសួនទឹក និងសណ្ឋាគារ។

នៅ LEGOLAND Malaysia ភ្ញៀវទេសចរនឹងបានទស្សនាអាចរីករាយនឹងការទាក់ទាញផ្សេងៗ ដូចជា MINILAND ដែលបង្ហាញពីទីតាំងសំខាន់ៗរបស់អាស៊ីដែលសាងសង់ពីឥដ្ឋ LEGO។ ក្រៅពីនេះ មានសួន LEGO NINJAGO, The Great LEGO Race VR Coaster, Dino Island, SEA LIFE Malaysia, LEGO Kingdoms ជាដើម។

អ្វីដែលពិសេសនោះ LEGOLAND Malaysia ក៏ផលិតផលទេសចរណ៍ និងជាកម្លាំងទាក់ទាញភ្ញៀវទេសចរអន្តរជាតិសម្រាប់វិស័យទេសចរណ៍ម៉ាឡេស៉ី (Tourism Malaysia) និងយុទ្ធនាការទស្សនាម៉ាឡេស៉ីឆ្នាំ២០២៦ (Visit Malaysia 2026)៕