​(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានសម្រេចការនាំទំនិញក្នុងទំហំទឹកប្រាក់ ១​ ៨៨០លានដុល្លារ ​នៅឆ្នាំ២០២៤ កើនឡើងចំនួន១៦% បើធៀបនឹងឆ្នាំ​២០២៣ ដែលនេះជាកំណត់ត្រាថ្មីមួយខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ RGPPSEZ​ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ។

​ការកើនឡើងនៃការនាំចេញ​ទំនិញ របស់ RGPPSEZ បានរួមចំណែកប្រមាណ៧% ក្នុងតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជាទាំងមូល ដែលមានតម្លៃសរុប ២៦.៦៦៤ លានដុល្លារ បើយោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ជាមួយនឹងចក្ខុវិស័យ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ សម្រាប់ក្រុមហ៊ុនឧស្សាហកម្មក្នុងវិស័យនានា និងក្នុងការបង្កើតឱកាសការងារ ជាច្រើនដល់ប្រជាជនកម្ពុជា។

​បច្ចុប្បន្ននេះ RGPPSEZ បានទទួលការវិនិយោគពីក្រុមហ៊ុនចំនួន១១៣ មកពី១៥ប្រទេសជុំវិញសាកលលោក ដែលមានជំនាញ ក្នុងការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសនៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិច និងអគ្គិសនី ការដំឡើង រថយន្ត និងគ្រឿងបង្គំរថយន្ត។ ក្រុមហ៊ុនឧស្សាហកម្មទាំងនេះបានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាចំនួន ៤៧​ ៨០០ នាក់ និងអ្នកជំនាញបរទេសចំនួន ៧០០ នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

ការអភិវឌ្ឍដ៏អស្ចារ្យរបស់ RGPPSEZ ក៏ត្រូវបានបង្ហាញឱ្យឃើញតាមរយៈការសម្រេចបានក្នុងការនាំចេញផងដែរ។ ក្នុងរយៈពេល៥ឆ្នាំ ការនាំចេញបានកើនឡើងទ្វេដងពី៣១៦លានដុល្លារក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លានដុល្លារក្នុងឆ្នាំ២០២១។
កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត ការនាំចេញបានកើនឡើងទ្វេដងម្តងទៀតក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ដោយឈានដល់ ១​ ៦២១លានដុល្លារក្នុងឆ្នាំ២០២៣។

ដោយមានការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាតត្បាតនៃ ជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព អ្នកវិនិយោគទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​នេះ នៅតែអាចបន្តប្រតិបត្តិការ និងពង្រីកអាជីវកម្មរបស់ខ្លួនជាលំដាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ RGPPSEZ បានលើកឡើងថា«នាពេលបច្ចុប្បន្ន ទូទាំងប្រទេស យើងអាចសង្កេតឃើញថា វិស័យសំខាន់ៗទាំងឡាយ កំពុងមានការងើបឡើងវិញជាបន្តបន្ទាប់ ហើយយើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍ក្រុមហ៊ុនថ្មីចំនួន ៥បន្ថែមទៀត មកកាន់តំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំ ដែលបានរួមចំណែកពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សមិទ្ធិផលទាំងអស់នេះ ជាកម្លាំងចលករជំរុញឱ្យ យើងខ្ញុំបន្តខិតខំប្រឹងប្រែងផ្តល់នូវទីតាំងវិនិយោគមួយដ៏ល្អសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការ ​បង្កើនឱកាសអាជីវកម្ម រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងជំរុញដំណើរឧស្សាហូបនីយកកម្មរបស់ប្រទេសកម្ពុជា»៕