(បរទេស)៖ នៅសល់ពេលតែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ ការហាមប្រាម TikTok នៅលើទឹកដីសហរដ្ឋអាមេរិកនឹងចូលជាធរមាន។ ដោយឡែកនៅល្ងាចថ្ងៃសុក្រនេះ TikTok បានព្រមានថា កម្មវិធីរបស់ខ្លួននឹងត្រូវបានបិទទាំងស្រុងនៅសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ លុះត្រាតែរដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden ផ្តល់ការធានាដល់ក្រុមហ៊ុនដូចជា Apple និង Google ថាពួកគេនឹងមិនប្រឈមមុខនឹងការអនុវត្តន៍នៅពេលដែលការហាមឃាត់ចូលជាធរមាននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីតុលាការបានតម្កល់ច្បាប់ហាមប្រាម TikTok នៅសហរដ្ឋអាមេរិក ក្រោមហេតុផលសន្តិសុខជាតិ ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ដកខ្លួនចេញពីប្រតិបត្តិការនៅសហរដ្ឋអាមេរិក ឬប្រឈមមុខនឹងការហាមប្រាមទូទាំងប្រទេស។ ច្បាប់កំណត់ថា ប្រសិនបើ ByteDance មិនលក់ TikTok ត្រឹមថ្ងៃកំណត់នោះ App Store និង Play Store នឹងត្រូវបានហាមឃាត់មិនឱ្យចែកចាយ ដោយកាត់បន្ថយការចូលប្រើសម្រាប់អ្នកប្រើប្រាស់ជាង ១៧០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក ខណៈនេះធ្វើឡើងតាមរយៈការសម្រេចចិត្ត 9-0 របស់តុលាការ។
គួរជម្រាបថា TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ និងបានសង្កត់ធ្ងន់ថា «បើគ្មានការណែនាំច្បាស់លាស់ពីរដ្ឋបាល Biden ទេ កម្មវិធី TikTok នឹងបិទប្រតិបត្តិការទាំងស្រុងតែម្តង»។ ការហាមប្រាមនេះ កើតឡើងមុនមួយថ្ងៃ មុនការចូលកាន់តំណែងរបស់ប្រធានធិបតីជាប់ឆ្នោតលោក Donald Trump។ តែយ៉ាងណាអនាគត TikTok នៅមិនទាន់ច្បាស់លាស់នៅឡើយនោះទេ ដោយរបាយការណ៍ម្សិលមិញនេះ មានសមាជិកសភាជាច្រើនរូបបានស្នើសុំឱ្យមានការពន្យាពេលបន្តទៀត៕