(ស្វីស)៖ តបតាមការអញ្ជើញរបស់លោក Børge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៥របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស។

បណ្ឌិត កៅ គឹមហួន នឹងចូលរួមថ្លែងក្នុងសម័យប្រជុំពិភាក្សាអំពី ដំណើររបស់អាស៊ានឆ្ពោះទៅរកការឯកភាពគ្នា៖ មេរៀននៅក្នុងការទូត និងកិច្ចសហការថ្នាក់តំបន់ និងចូលរួមក្នុងពិធីជួបជុំក្រៅផ្លូវការរបស់មេដឹកនាំសេដ្ឋកិច្ចពិភពលោក។

ឆ្លៀតឱកាសស្នាក់នៅប្រទេសស្វីស លោកអគ្គលេខាធិការអាស៊ាន នឹងមានជំនួបទ្វេភាគីមួយចំនួន ជាមួយបណ្តារដ្ឋមន្ត្រី និងតំណាងជាន់ខ្ពស់មកពីរដ្ឋាភិបាល និងវិស័យឯកជនរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ានផងដែរ ក្នុងគោលបំណងជំរុញការទូតសាធារណៈរបស់អាស៊ាន ការយល់ដឹងពីអាស៊ាន និងការមើលឃើញឱ្យកាន់តែច្បាស់អំពីអាស៊ាន នៅជុំវិញពិភពលោក៕