(ភ្នំពេញ)៖ លោក ជួង ជូងី មេធាវីការពារក្តីរបស់ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានសម្រេចដាក់ពាក្យបណ្តឹងថ្មីមួយទៅកាន់សាលាឧទ្ធរណ៍ ដើម្បីជំទាស់ទៅនឹងសាលក្រមរបស់តុលាការក្រុងភ្នំពេញដែលកាត់ទោសឱ្យ លោក អ៊ុំ សំអាន ជាប់ពន្ធនាគារ២ឆ្នាំកន្លះ និងពិន័យប្រាក់៤លានរៀល។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ លោក ហេង សុខណា ចៅក្រោមជំនុំជម្រះតុលាការក្រុងភ្នំពេញ បានសម្រេចកាត់ទោស លោក អ៊ុំ សំអាន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ៦ខែ និងពិន័យប្រាក់៤លានរៀល ពាក់ព័ន្ធនឹងការបង្ហោះក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើបណ្តាញសង្គម Facebook។ តុលាការបានចោទ សមាជិកគណបក្សប្រឆាំងរូបនេះចំនួន២បទល្មើស រួមមានបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង នៅក្នុងសង្គម។
សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ដែលសកម្មក្នុងការរិះគន់លើបញ្ហាព្រំដែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិកមកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។ ពេលនេះ លោកកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដើម្បីអនុវត្តទោស៕