(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៅស្រុកពញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកសរុបចំនួន ១២៧នាក់។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូចនៅក្រៅប្រទេស បានប្រឌិតបង្កើតរឿងកោះគុត ក្នុងគោលបំណងញុះញង់ឲ្យក្រុមប្រឆាំងជ្រុកនិយមនៅប្រទេសថៃ ប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ ដែលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ និងញុះញង់ឲ្យប្រជាជនកម្ពុជា ងើបឡើងធ្វើបាតុកម្ម ដើម្បីរុញឲ្យរាជរដ្ឋាភិបាលប្តឹងទៅតុលាកាអន្តរជាតិ ទាមទាកោះគុតដែលឋិតនៅតំបន់ត្រួតស៊ីគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ ទាំងបញ្ហាកោះគុតនេះ ប្រទេសទាំងពីរបាននិងកំពុងធ្វើការចរចា និងដោះស្រាយជាមួយគ្នា។
លោកប្រធាន បានអំពាវនាវដល់អាជ្ញាធរដែនដី និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមជួយផ្សព្វផ្សាយដល់ប្រជាជននៅមូលដ្ឋានរបស់ខ្លួន កុំឱ្យចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយម។ ឯកឧត្តម គាំទ្រដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រើវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ចេតនាប៉ុនប៉ងបង្កអសន្តិសុខ និងអស្ថិរភាពជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ព្រមទាំងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍អំពី ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ (រដ្ឋបាលសាធារណៈ) វិធីសាស្ត្រក្នុងការកៀរគរប្រជាពលរដ្ឋឲ្យចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណសម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពឥតគិតថ្លៃ។
លោក ម៉ម ប៊ុននាង បានធ្វើបទបង្ហាញអំពីការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ (រដ្ឋបាលសាធារណៈ) ដល់អង្គពិធី ដោយផ្តោតសំខាន់លើកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
លោក បានលើកឡើងថា មកដល់ពេលនេះ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានការវិវត្តឈានដល់កំណក់កាលកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងការផ្ទេរមុខងារធនធាន និងការទទួលខុសត្រូវកាន់តែច្រើនឡើងៗ ឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមជាមួយនឹងការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរមកឲ្យទាំងនោះ ព្រមទាំង បានធ្វើបទបង្ហាញអំពី វិធីសាស្ត្រក្នុងការកៀរគរប្រជាពលរដ្ឋឲ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមពាកព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋាន ដោយលើកឡើងថា ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រតិបត្តិការងាររបស់ខ្លួន រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ៖ ១-ត្រូវធានាឲ្យមានការចូលរួមផ្តល់មតិ និងការស្តាប់យោបល់របស់ប្រជាពលរដ្ឋ, ២-ដាក់ចេញនូវវិធានការប្រើប្រាស់កញ្ចប់ថវិកា សម្រាប់អភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងច្បាស់លាស់, ៣-ត្រូវបន្តខិតខំប្រឹងប្រែងលើកកម្ពស់ការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ និងគ្រប់មជ្ឈដ្ឋាននៅតាមមូលដ្ឋានរបស់ខ្លួន សំដៅប្រឹងប្រែងឆ្លើយតបនូវសំណើ សំណូមពរ តម្រូវការ និងទុក្ខកង្វល់ ដើម្បីបង្កើនជំជឿទុកចិត្តពីប្រជាពលរដ្ឋ។
លោក បានបន្ថែមទៀតថា ទោះបីប្រទេសជាតិយើងមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។
លោកស្រី សួស សារ៉ាម សមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឧទ្ទេសនាមអំពីតួនាទីភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ព្រមទាំងសមិទ្ធផលការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់។
តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់អាជ្ញធរស្រុក និងក្រុមប្រឹក្សាឃុំ ដោយធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ។
លោក ម៉ម ប៊ុននាង បានស្នើឱ្យអាជ្ញាធរស្រុកពញាឮ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំទាំងអស់រួមគ្នាធ្វើយ៉ាងណាដោះស្រាយបញ្ហានៅមូលដ្ឋានជូនប្រជាពលរដ្ឋ រួមគ្នាគាំទ្រដល់ការអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់សេវាសាធារណៈ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងសូមប្រកាន់ភ្ជាប់នូវសមធម៌ សុជីវធម៌ មនសិកាវិជ្ជាជីវៈ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច៕