(ត្បូងឃ្មុំ)៖ អគារសិក្សាដែលសាងសង់ឡើងដោយភ្ជាប់ជាមួយបរិស្ថាន បែបស៊ីវិល័យក្រោមរចនាបទខ្មែរនៅវិទ្យាល័យ «ហេង សំរិន ចក» ស្ថិតនៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥នេះ។
ពិធីសម្ពោធត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក ជា សុផារ៉ា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ, លោក ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
អគារសិក្សានេះមានរចនាបទបែបខ្មែរទំនើប និងគូរប្លង់ផ្ទាល់ដោយលោក អ៊ាង សុផល្លែត។ អគារសិក្សាថ្មីនេះ មានកម្ពស់២ជាន់ មានបន្ទប់ចំនួន ១៦បន្ទប់ (ជាន់ផ្ទាល់ដី ៨បន្ទប់ និងជាន់លើចំនួន ៨បន្ទប់) បានចាប់ផ្តើមបើកការដ្ឋានសាងសង់នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមថវិកាជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រមាណ៦២ម៉ឺនដុល្លារអាមេរិក។
អគារសិក្សានេះ អាចរាប់ថាជាអគារសិក្សាសាធារណៈថ្នាក់វិទ្យាល័យដំបូងគេនៅកម្ពុជាហើយ ត្រូវបានសាងសង់ឡើងដោយគោរពទៅតាមបទដ្ឋានបរិស្ថាន។ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា អគារសិក្សានេះ ត្រូវបានសាងសង់ដោយអនុលោមតាមបទដ្ឋានបរិស្ថានទាំងស្រុង។ អគ្គិសនីដែលយកប្រើប្រាស់ក្នុងអគារ គឺបានពីថាមពលពន្លឺព្រះអាទិត្យ ជញ្ជាំងត្រូវបានធ្វើដោយកញ្ចក់ ធ្វើឱ្យពន្លឺជះចូលពេញផ្ទៃអគារ។
លោក អ៊ាង សុផល្លែត បានបន្ថែមទៀតថា អគារសិក្សានេះ ក៏បានគិតគូរពីលំហូរ ធ្វើឱ្យខ្យល់ហូរចូលក្នុងអគារត្រជាក់ដោយមិនបាច់ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬកង្ហារនោះឡើយ។ នៅក្បែរអគារមានស្រះទឹក ដែលចំហាទឹកពីស្រះបង្កើតធាតុត្រជាក់មួយផ្នែកទៅដល់អគារ។
នៅក្នុងបរិវេណអគារ ក៏ដូចជាក្នុងបរិវេណសាលាទាំងមូល ក៏បានដាំដើមឈើជាច្រើនដើមថែមទៀត ធ្វើឱ្យបរិវេណសាលាគ្រប់ដណ្តប់ដោយភាពប៉ៃតង ហើយត្រជាក់បង្កើតបានផាសុខភាព និងអារម្មណ៍ស្រស់ស្រាយល្អ។
លោក អ៊ាង សុផល្លែត បានថ្លែងថា ផ្តើមចេញពីសាលានេះ លោកនឹងប្រឹងប្រែងជំរុញតាមសាលានានានៅកម្ពុជា ឱ្យរៀបចំសាលាដោយផ្សារភ្ជាប់ជាមួយបរិស្ថាន និងដាំដុះដើមឈើឱ្យបានកាន់តែច្រើននៅក្នុងសាលា៕