(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធអគារសិក្សា ១ខ្នង នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា អគារសិក្សាថ្មី ០១ខ្នងនេះ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ ហេង សំរិន ចក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន តាមរយៈលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីចូលរួមចំណែកក្នុងការបណ្តុះណ្តាល និងកសាងធនធានមនុស្ស សម្រាប់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងឆ្លើយតបនឹងបំណងប្រាថ្នារបស់ សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រាប់ការសិក្សា ដើម្បីក្លាយជាយុវជន មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ដើម្បីជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត។
អគាសិក្សានេះសង់ឡើងកម្ពស់០២ជាន់ ស្មើនឹង ១៧បន្ទប់ មានរចនាបថខ្មែរទំនើបនិងបៃតង បំពាក់នូវសម្ភារប្រើប្រាស់ សម្រាប់ការរៀន និងបង្រៀន និងជាអគារសិក្សា គិតគូរជាពិសេសលើបរិស្ថាន ទាញយកពន្លឺធម្មជាតិយកមកប្រើប្រាស់ លំហូរខ្យល់អាកាសធម្មជាតិ ចេញចូលល្អ បំពាក់ថាមពលអគ្គិសនីដោយថាមពលកកើតឡើងវិញ បំពេញបន្ថែមដោយការដាំដើមឈើ ថ្នាលបណ្តុះកូនឈើ សួនច្បារ ដែលផ្តល់នូវភាពស្អាត បៃតង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់សិស្សានុសិស្សនៅក្នុងការរៀនសូត្រ៕