(ភ្នំពែញ)៖ ក្រសួងបរិស្ថាន ជម្រាបជូនម្ចាស់ក្រុមហ៊ុនរោងចក្រ សហគ្រាស និងសិប្បកម្ម ឱ្យបានជ្រាបថា ការយកសំណល់កម្ទេចក្រណាត់ និងសំណល់ស្បែកសត្វសល់ពីការផលិតស្បែកជើង កាបូប និងសម្ភារផ្សេងៗ ទៅដុតនៅក្នុងឡចំហាយ ឡកំដៅ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បានបណ្តាលឱ្យមានការបញ្ចេញសារធាតុបំពុលចូលទៅក្នុងបរិយាកាស មិនអនុលោមទៅតាមស្តង់ដារកំណត់ដូចមានចែងនៅក្នុងអនុក្រឹត្យលេខ ៤២ អនក្រ. បក ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង និងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលនាំឱ្យគុណភាពខ្យល់មានការប្រែប្រួល អាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។
ឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ ក្រសួងបរិស្ថានសូមជូនដំណឹងដល់ក្រុមហ៊ុន រោងចកសហគ្រាស និងសិប្បកម្មទាំងអស់ត្រូវ៖
១៖ បញ្ឈប់ជាបន្ទាន់ការយកកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទទៅដុតក្នុងឡចំហាយ ឡកំដៅ ឬ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
២៖ រៀបចំបំពាក់ប្រព័ន្ធសម្អាតផ្សែងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាថាការបញ្ចេញសារធាតុបំពុលខ្យល់ឆ្លើយតបតាមស្តង់ដារបញ្ចេញ។
ក្នុងករណីក្រសួងបរិស្ថានរកឃើញថា មានការបន្តយកកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មទៅដុតនៅក្នុងឡចំហាយ ឡកំដៅ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្រសួងនឹងមានវិធានការតាមច្បាប់ជាធរមាន ចំពោះម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ដោយមិនមានការលើកលែង។
ទទួលបានសេចក្តីជូនដំណឹងនេះ ក្រសួងបរិស្ថានមានជំនឿ និងទំនុកចិត្តថា គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីទំនួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕