(បាងកក-ថៃ)៖ តបតាមការអញ្ជើញរបស់លោក Prasert Jantararuangtong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៥ (5th ADGMIN) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ។

នៅរសៀលថ្ងៃ១៥ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងថ្នាក់តំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក។ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃការពង្រឹងភាពជាដៃគូរវាងឯកជន និងសាធារណៈ ដើម្បីបើកឱកាសថ្មីៗ និងធានាបាននូវវិបុលភាពរយៈពេលវែងសម្រាប់តំបន់ទាំងពីរ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយលោក Stephan Lang អ្នកសម្របសម្រួល ទទួលបន្ទុកទូរគមនាគមន៍អន្តរជាតិ និងគោលនយោបាយព័ត៌មាន របស់សហរដ្ឋអាមេរិក។ អគ្គលេខាធិការអាស៊ាន បានកោតសរសើរសហរដ្ឋអាមេរិក សម្រាប់ការប្តេជ្ញាចិត្តឥតងាករេ នៅក្នុងកិច្ចសហប្រតិបត្តិការឌីជីថលរវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងវិស័យសំខាន់ៗ សម្រាប់សេដ្ឋកិច្ចឌីជីថលអាស៊ាន ដូចជា សន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត បញ្ញាសិប្បនិម្មិត និងខ្សែកាបក្រោមសមុទ្រជាដើម។

បន្ថែមពីនេះ លោក កៅ គឹមហួន បន្ដជួបពិភាក្សាការងារជាមួយលោក Zhang Yunming អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រទេសចិន។ លោកបានថ្លែងអំណរគុណប្រទេសចិន សម្រាប់ការគាំទ្រអាស៊ាន ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល តាមរយៈការចែករំលែកចំណេះដឹងក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល បច្ចេកទេសថ្មីៗ និងវិស័យឌីជីថល ជាមួយដៃគូអាស៊ាន ក្នុងនាមជាមេដឹកនាំសកលបច្ចេកវិទ្យាប្រព័ន្ធ 5G។

នៅល្ងាចថ្ងៃដដែលនេះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថា នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ីឌីជីថលអាស៊ាន-ចិន នៅក្រោមប្រធានបទ «រៀបចំអនាគតឌីជីថលប្រកបដោយចីរភាព និងបរិយាប័ន្ន»។ វេទិកានេះ គឺជាវេទិកាសម្រាប់បណ្តារដ្ឋមន្ត្រីអាស៊ាន និងចិន ធ្វើការផ្លាស់ប្តូរទស្សនៈ លើបញ្ហានានា ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដែលកើតឡើងថ្មី។

លុះនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៥ ក្រោមអធិបតីភាពលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ។

ក្រោយមកលោកបណ្ឌិត អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Dohyun Kang អនុរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់សាធារណរដ្ឋកូរ៉េ។ លោកបានកោតសរសើរសាធារណរដ្ឋកូរ៉េសម្រាប់ការជួយគាំទ្រឥតងាករេដល់អាស៊ាន ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល រួមទាំង ពាណិជ្ជកម្មតាមអ៊ីនធឺរណែត ទិន្នន័យបើកចំហរ នវានុវត្តន៍ទិន្នន័យ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត ដើម្បីជំរុញរបៀបវារៈបរិវត្តកម្មឌីជីថលរបស់អាស៊ាន និងពង្រឹងការប្តេជ្ញាចិត្តរួម ដើម្បីបង្កើនប្រព័ន្ធអេកូឡូស៊ីប្រកបដោយបរិយាប័្នន និងភាពធន់នៅក្នុងតំបន់។

ជាមួយគ្នានេះ លោកក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥។ នៅក្នុងឱកាសនោះ លោកបានចែករំលែកទស្សនៈ ស្តីពីតួនាទីដ៏មានសារៈសំខាន់របស់វិស័យឌីជីថល ក្នុងការជំរុញការប្រមូលផ្តុំនៅទូទាំងសសរស្តម្ភអាស៊ាន ដោយពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងការបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ផែនការមេឌីជីថលអាស៊ានឆ្នាំ២០៣០។

ដោយឡែកពីនេះ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Prasert Jantararuangtong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចឌីជីថល និងសង្គម នៃព្រះរាជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥។ លោកបានអបអរសាទរប្រទេសថៃ សម្រាប់ការរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ និងកោតសរសើរការដឹកនាំរបស់ថៃ ក្នុងការជំរុញគំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថលអាស៊ានសំខាន់ៗ រួមទាំង ការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) និងកិច្ចខិតខំប្រឹងប្រែងនៅក្រោម ក្រុមការងារស្តីពី ការប្រឆាំងករណីឆបោកតាមអនឡាញ ដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីដោះស្រាយការឆបោកតាមអនឡាញ ជាដើម។​

លោកក៏បានបន្ដជួបភាក្សាការងារជាមួយលោក Gobind Singh Deo រដ្ឋមន្ត្រីឌីជីថលម៉ាឡេស៊ី។ លោកបានស្វាគមន៍សំណើរបស់ម៉ាឡេស៊ី សម្រាប់ឲ្យមាន «សេចក្តីប្រកាសស្តីពីការបង្កើតបណ្តាញសុវត្ថិភាពបញ្ញាសិប្បនិម្មិតអាស៊ាន» ជាសមិទ្ធផលអាទិភាពផ្នែកសេដ្ឋកិច្ចដែលអាចសម្រេចបាន នៅក្រោមការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ព្រមទាំង «គោលការណ៍ណែនាំអាស៊ាន ស្តីពីការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យប្រកបដោយចីរភាព» ជាអាទិភាពប្រចាំឆ្នាំ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន ក្នុងឆ្នាំ២០២៥។

លុះនៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីជប់លៀង និងការប្រគល់ពានរង្វាន់ឌីជីថលអាស៊ាន។ លោកបានចូលរួមជាមួយបណ្តារដ្ឋមន្ត្រីឌីជីថលអាស៊ានផ្សេងទៀត ក្នុងការប្រគល់វិញ្ញាបនបត្រដល់ជ័យភាភី នៃពានរង្វាន់ឌីជីថលអាស៊ាន ដែលមកពីបណ្តាអង្គការ ធុរកិច្ច និងបុគ្គលនានា ដែលបានផ្តួចផ្តើមច្នៃប្រឌិតទំនិញ ឬសេវាប្រកបដោយនវានុវត្តន៍ ហើយចូលរួមយ៉ាងខ្លាំងក្លាដល់បិរយាកាសឌីជីថលរបស់តំបន់។

រហូតដល់ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន + ចិនលើកទី៥។ កិច្ចប្រជុំបានថ្លែងអំណរគុណប្រទេសចិន សម្រាប់ការបន្តគាំទ្រអាស៊ាន តាមរយៈផែនការការងារឌីជីថលអាស៊ាន-ចិន ឆ្នាំ២០២៥។

ក្រោយមកលោកបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន + ជប៉ុនលើកទី៤។ កិច្ចប្រជុំបានស្វាគមន៍ផែនការការងារឌីជីថលអាស៊ាន-ជប៉ុន ឆ្នាំ២០២៥ ដែលសំដៅពង្រឹងភាពជាដៃគូក្នុងវិស័យសំខាន់ៗ ដូចជា បរិវត្តកម្មឌីជីថល អភិបាលកិច្ចបញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងអភិបាលកិច្ចទិន្នន័យក្នុងឆ្នាំ២០២៥។

លោកក៏បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន + សាធារណរដ្ឋកូរ៉េលើកទី៤។ កិច្ចប្រជុំបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឌីជីថល ជាមួយអាស៊ាន តាមរយៈផែនការការងារឌីជីថលអាស៊ាន-សាធារណរដ្ឋកូរ៉េឆ្នាំ២០២៥។ លោកបន្ដចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន + ឥណ្ឌាលើកទី ៥។ កិច្ចប្រជុំបានទន្ទឹងការអនុវត្តផែនការការងារឌីជីថលអាស៊ាន-ឥណ្ឌាឆ្នាំ២០២៥ ដែលសំដៅពង្រឹងភាពជាដៃគូ ក្នុងវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល បញ្ញាសិប្បនិម្មិត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត។

ក្រោយមកលោកបណ្ឌិត កៅ គឹមហួន បានចូលរួមពិសាអាហារថ្ងៃត្រង់នាយកប្រតិបត្តិ ជាមួយបណ្តារដ្ឋមន្ត្រីឌីជីថលអាស៊ាន និងរដ្ឋមន្ត្រីប្រទេសដៃគូសន្ទនាអាស៊ាន ដែលរៀបចំដោយក្រុមប្រឹក្សាប្រឹក្សាយោបល់ធុរកិច្ចអាស៊ាន។ កម្មវិធីនេះ បានផ្តល់ឲ្យធ្វើការផ្លាស់ប្តូរទស្សនៈ ក្នុងចំណោមអ្នកធ្វើគោលនយោបាយ និងមេដឹកនាំឧស្សាហកម្ម ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ នៅក្នុងសម័យឌីជីថល។

តមកលោកអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន + សហរដ្ឋអាមេរិកលើកទី៤។ កិច្ចប្រជុំបានស្វាគមន៍ផែនការការងារឌីជីថលអាស៊ាន-សហរដ្ឋអាមេរិកឆ្នាំ២០២៥ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឌីជីថលរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ លោកក៏បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន + សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។ កិច្ចប្រជុំបានថ្លែងអំណរគុណ ITU សម្រាប់ការគាំទ្រឆ្ពោះទៅរកការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងអាស៊ាន ជាពិសេស សម្រាប់ការអនុវត្តវិស័យកិច្ចសហប្រតិបត្តិការអាទិភាពអាស៊ានជាមួយ ITU ឆ្នាំ២០២៤ ដល់ ២០២៦។

លុះនៅរសៀលថ្ងៃដដែលនេះ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Wilson White អនុប្រធានទទួលបន្ទុកកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសាធារណៈប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Google។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានរិះរកកិច្ចសហការដែលអាចធ្វើទៅបាន ដោយផ្តោតលើវិធីដែលក្រុមហ៊ុន Google អាចជួយគាំទ្រអាស៊ាន ក្នុងការជំរុញរបៀបវារៈបរិវត្តកម្មឌីជីថល នៅទូទាំងតំបន់។

ចុងក្រោយ លោកបានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាអាហារពេលល្ងាចរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ស្តីពី «ការបើកឱកាសសេដ្ឋកិច្ចឌីជីថលអាស៊ាន៖ ផ្លូវឆ្ពោះទៅរកកំណើនប្រកបដោយភាពធន់»។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រព្រឹត្តទៅនាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៥ និងកិច្ចប្រជុំពាក់ព័ន្ធ៕