(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ និងអាជីវករ បច្ចុប្បន្នហាក់ដូចជាមានការយល់ដឹង កាន់តែខ្ពស់ ពីសុវត្ថិភាពចំណីអាហារ ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរនៅពេលដែល យកទៅទទួលទាន ជាក់ស្ដែងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ មន្ដ្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច-ក្រសួង និងមន្ទីរពាណិជ្ជកម្ម ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបន្ដប្រតិបត្តិការត្រួតពិនិត្យ រកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ប៉ុន្តែ ស្ទើតែរកមិនបាននូវទំនិញខូចគុណភាពនៅផ្សារអគ្គ និងផ្សារត្រី ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយប្រតិបត្តិការនេះ កម្លាំងជំនាញ បានធ្វើការដកហូតទំនិញខូចគុណភាព មួយចំនួនតូច រួមមាន ទឹកខ្មេះរូបទន្សាយ ១៧ដប និងកម្ទេចមី ៤៥កញ្ចប់។
លោកបានបញ្ជាក់ថា ក្រោមការណែនាំផ្ទាល់ពីលោក សៀន សីុណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ មន្ដ្រីសាខាកាំត្រូល នឹងបន្ដយុទ្ធនាការត្រួតពិនិត្យ និងអប់រំដល់ប្រជាពលរដ្ឋ អាជីវករ ឲ្យមានការយល់ដឹងកាន់តែខ្ពស់ ពីបញ្ហាសុវត្ថិភាពចំណីអាហារ ជៀសវាងនៅពេលដែលយកទៅទទួលទាន ធ្វើប៉ពាល់ដល់សុខភាព៕