(កំពង់ធំ)៖ លោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក។
កិច្ចប្រជុំនេះបានរៀបចំនៅសាលាស្រុកតាំងគោក មានការចូលរួមពីប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង៨ឃុំ នៃស្រុកតាំងគោក តំណាងស្នងការដ្ឋាននគបាលខេត្តកំពង់ធំ តំណាងមន្ទីរជំនាញជុំវិញខេត្តកំពង់ធំ អភិបាលនៃគណៈអភិបាលស្រុកតាំងគោក និងប្រធាន អនុប្រធានការិយាល័យស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកទាំងអស់ មេឃុំ កងកម្លាំងទាំង៣របស់ស្រុកតាំងគោក សរុបចំនួន៧០នាក់។
លោក ឈាង វណ្ណារិទ្ធ បានជម្រាបជូនអង្គប្រជុំជ្រាបថា នៅក្នុងឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក បានរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានឃុំទាំង៨ ដោយបានទទួលនូវសំណើ សំណូមពរ និងបញ្ហាប្រឈមនានាពីប្រជាពលរដ្ឋ និងសូមឱ្យអង្គប្រជុំពិនិត្យវាយតម្លៃបញ្ជី សំណើ សំណូមពរ បញ្ហា ប្រឈម នានាតាមវិស័យនានាដែលប្រមូលបានពីវេទិកាសាធារណៈ និងត្រូវពិនិត្យពិភាក្សាអំពីបញ្ហាប្រឈម សំណើ សំណូមពរ ដែលក្រុមការងារអាចដោះស្រាយបាន ដើម្បីកំណត់អំពីការទទួលខុសត្រូវក្នុងការដោះស្រាយដោយរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការតាមដានត្រួតពិនិត្យលទ្ធផលនៃការដោះស្រាយនៅថ្នាក់ឃុំ។
លោក ឈាង វណ្ណារិទ្ធ បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក សហការជាមួយ មន្ទីរ ជំនាញពាក់ព័ន្ធ និងរដ្ឋបាលស្រុករៀបចំ បញ្ជីអាទិភាវូបនីយកម្មនៃបញ្ហាប្រឈម សំណើ សំណូមពរ ដែលមិនអាចដោះស្រាយបាននៅថ្នាក់ស្រុក ដើម្បីបូកសរុបរាយការណ៍ ជូនលោកប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីសុំការពិនិត្យនិងសម្រេចពីរាជរដ្ឋាភិបាល។
លោក ឈាង វណ្ណារិទ្ធ ក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៨ បន្តរៀបចំវេទិកាសាធារណៈនៅមូលដ្ឋានឱ្យបានញឹកញាប់ និងនៅគ្រប់មូលដ្ឋានភូមិនីមួយៗ និងចុះពិនិត្យផ្ទាល់ដល់គ្រប់ទីកន្លែង ដែលមានបញ្ហាប្រឈម សំណើ និងសំណូមពរ ដូចជា ទីតាំងទំនាស់, ប្រព័ន្ធធារាសាស្ត្រ, ផ្លូវ, សាលារៀន, និងមណ្ឌលសុខភាពជាដើម ដើម្បីក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយសំដៅជួយជំរុញការដោះស្រាយឱ្យបានឆាប់រហ័ស ទាន់ពេល និងប្រសិទ្ធភាព ព្រមទាំងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានជាក់លាក់អំពីលទ្ធផលនៃការអនុវត្តដំណោះស្រាយលើបញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើង។
លោកក៏បានផ្តល់អនុសាសន៍ណែនាំក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក និងអាជ្ញាធរមូលដ្ឋាន៖
• ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវតួនាទីស្នូលរបស់ខ្លួន តម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពរបស់អង្គភាពនៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ ភាពជាម្ចាស់ និងបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
• ត្រូវបន្តពង្រឹងការផ្តល់នូវសេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន តាមគោលការណ៍កំណត់ប្រកបដោយការយកចិត្តទុកដាក់។
• បន្តស្តាប់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងធ្វើការដោះស្រាយទៅតាមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យគ្រប់ជុ្រងជ្រោយ ព្រមទាំងត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
• បន្តខិតខំពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទដែលកើតមាននៅក្នុងមូលដ្ឋាន របស់ខ្លួន៕