(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការបំពេញការងាររបស់មន្រ្តីនៅបណ្ណសារដ្ឋានជាតិ ដើម្បីពិនិត្យអំពីតម្រូវការក្នុងការគ្រប់គ្រង, ការថែរក្សា, ការថែទាំ, ការជួសជុល និងការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារ ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការដែលកំពុងបំពេញការងារនៅទីនោះ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការកោតសរសើរចំពោះមន្ត្រីបណ្ណសារដ្ឋានជាតិទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ ប្រកបដោយស្មារតីនិងឆន្ទៈលះបង់ និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការជួសជុលឡើងវិញនូវឯកសារចាស់ៗដែលខ្លះមានលក្ខណៈពុកផុយ តែមានតម្លៃខាងប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាខ្ពស់បន្តគាំទ្របេសកកម្មការងារដ៏សំខាន់នេះ ជាពិសេសបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាសម្រាប់គាំទ្រដល់ការងារបណ្ណសារដ្ឋានជាតិ។

នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានពិនិត្យអំពីដំណើរការ និងបច្ចេកទេសនៃការប្រមូល, ការរៀបចំទុកដាក់, ការស្តារជួសជុលឡើងវិញ និងការអភិរក្សឯកសារដ៏សម្បូរបែបជាប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌជាតិ ដែលរួមមាន ឯកសារ, ប្លង់, ផែនទី, ខិត្តប័ណ្ណ និងឯកសារកំណត់ត្រារបស់ជាតិ ព្រមទាំងរាជកិច្ច ដែលបានបន្សល់ទុកមកតាំងពីសម័យអាណាព្យាបាលបារាំងរហូតដល់បច្ចុប្បន្ន ហើយដែលបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃដំណើរវិវត្តរបស់សង្គមកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១៩មក។

លោកបានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ ជាពិសេសការគិតគូរពីតម្រូវការ និងលំដាប់អាទិភាព ក្នុងការរៀបចំផែនការជួសជុល និងស្កេនឯកសារដែលពុកផុយ ក៏ដូចជាការជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យបណ្ណសារ ជាផ្នែកមួយដ៏សំខាន់ក្នុងការងារអភិរក្ស និងបង្កើនភាពងាយស្រួលជូនដល់ការស្រាវជ្រាវ របស់សិស្ស និស្សិត ព្រមទាំងសាធារណជនជាតិ និងអន្តរជាតិ។

ការចុះពិនិត្យសកម្មភាពបំពេញការងាររបស់មន្រ្តីនៅបណ្ណសារដ្ឋានជាតិរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការខាងលើនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទៅលើតួនាទីដ៏សំខាន់របស់បណ្ណសារដ្ឋានជាតិ ក្នុងការថែរក្សាការពារកេរដំណែល និងបេតិកភណ្ឌឯកសាររដ្ឋបាលរបស់ជាតិ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងគតិយុត្ត ដើម្បីបន្តថែរក្សាអភិរក្ស សម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

បណ្ណសារ គឺជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ ដែលផ្ទុកនូវព័ត៌មានពិតជាក់ស្ដែង ជាភស្ដុតាងប្រវត្តិសាស្ត្រ នៃការវិវត្តសង្គមជាតិ និងជាប្រភពសម្រាប់ការសិក្សាស្រាវជ្រាវ ជាបទពិសោធសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ដូច្នេះហើយបានជាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសបណ្តាប្រទេសអភិវឌ្ឍបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារ។

ក្នុងស្មារតីនេះ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កន្លងមក ទីស្តីការគណៈរដ្ឋមន្ត្រីបានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំតាក់តែងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពនៃការងារបណ្ណសារនិងកិច្ចការរាជកិច្ច ហើយនៅខែតុលា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងនាមជាប្រធានក្រុមការងារចំពោះកិច្ច បានអនុម័តលើសេចក្តីព្រាងឯកសារទស្សនាទានស្តីពីក្របខណ្ឌយុទ្ធសាស្ត្រ សម្រាប់ការងាររាជកិច្ច និងតម្កល់ឯកសារជាតិរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពចំនួន១០ ដើម្បីបង្កើតគោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និងថែរក្សាបណ្ណសារដ្ឋានជាតិប្រកបដោយប្រសិទ្ធភាព៕