(ភ្នំពេញ)៖ បន្ទាប់ពីជួបភាពរអាក់រអួលមួយរយៈពេលខ្លី នៅពេលនេះដំណើរការសាងសង់ផ្ទះជូនអតិថិជនរបស់បុរីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា កំពុងដំណើរការសាងសង់ល្អប្រសើរឡើងវិញហើយ។ ក្រុមហ៊ុនបាននិងកំពុងសម្រុកសាងសង់ផ្ទះជូនអតិថិជន ខណៈផ្ទះសរុប ២,៥៩៩ផ្ទះ ត្រូវបានសាងសង់រួចរាល់។
វិបត្តិសកលបណ្តាលពីជំងឺកូវីដ១៩ និងសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួនបង្កើតបានជាវិបត្តិសេដ្ឋកិច្ច និងវិបត្តិអចលនទ្រព្យនៅកម្ពុជា។ គម្រោងបុរីជាច្រើនជួបបញ្ហាសាងសង់ផ្ទះជូនអតិថិជន ដែលក្នុងនោះមានទាំងបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អាផងដែរ។ គម្រោងបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ជាគម្រោងមួយដ៏ធំមានលក់ផ្ទះ និងវីឡា ដែលមានទាំងតម្លៃខ្ពស់ និងតម្លៃសមរម្យ។ គម្រោងនេះ មានផ្ទះរហូតដល់ទៅជាង ៥ពាន់ផ្ទះ។
ដោយមានកិច្ចគាំទ្រពីរាជរដ្ឋាភិបាល និងស្មារតីទទួលខុសត្រូវខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាម្ចាស់បុរីនោះ បានក្រាញននៀលដោះស្រាយបញ្ហាជូនអតិថិជនរបស់ខ្លួន ដោយមិនបានគេចវេះពីបញ្ហានោះឡើយ។ បន្ទាប់ពីភ្លៀង មេឃក៏ស្រឡះ បន្ទាប់ពីជួបបញ្ហា អ្វីៗក៏ហាក់មានស្ថានភាពល្អប្រសើរឡើងវិញ។ នៅពេលនេះ ដំណើរការនៃការសាងសង់ផ្ទះនៅក្នុងបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា មានស្ថានភាបល្អប្រសើរឡើងវិញ។ ការសាងសង់កំពុងសម្រុកជាមួយកម្លាំងកម្មករប្រមាណជា៣ពាន់នាក់។ ផ្ទះជាមធ្យមប្រមាណ ១០ផ្ទះត្រូវសាងសង់បញ្ចប់ជារៀងរាល់ថ្ងៃ។
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឱ្យដឹងថា មកដល់ពេលនេះ ផ្ទះនៅក្នុងគម្រោងផ្លូវជាតិលេខ៦អា សម្រេចរួចរាល់ជាស្ថាពរមានចំនួនសរុប ២,៥៩៩ផ្ទះ ហើយរំពឹងថា នឹងសម្រេចបានរហូតដល់៣ពាន់ផ្ទះនៅមុនចូលឆ្នាំខ្មែរ។ ដោយឡែកផ្ទះជាង២ពាន់ផ្ទះទៀត កំពុងដំណើរការសាងសង់ជារៀងរាល់ថ្ងៃ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានឱ្យដឹងថា គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា បានលក់ផ្ទះសរុប ៥,៥៦៣ផ្ទះ និងផ្ទះដែលបានសង់បញ្ចប់ ១០០ភាគរយ បានចំនួន ២,៥៩៩ផ្ទះ។ ចំណែកផ្ទះនៅសល់ជាង ២ពាន់ផ្ទះផ្សេងទៀតកំពុងដំណើរការសាងសង់ នឹងបញ្ចប់ជាបន្តបន្ទាប់។
មុនការធ្វើសន្និសីទសារព័ត៌មាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បាននាំក្រុមអ្នកសារព័ត៌មានដើរមើលសកម្មភាពសាងសង់នៅក្នុងបុរីរបស់លោកផងដែរ។ បុរីដែលមានផ្ទះរហូតដល់ទៅជាង៥ពាន់ផ្ទះ ជាគម្រោងមួយដ៏ធំ ក្រុមអ្នកសារព័ត៌មានបានមើលឃើញជាក់ស្តែងសកម្មភាពកម្មករកំពុងសាងសង់ផ្ទះ ពោលសកម្មភាពនៃការសាងសង់កំពុងមានសកម្មភាពមមាញឹកឡើងវិញ មិនស្ងប់ស្ងាត់ដូចពីពេលមុននោះឡើយ។
ក្រៅពីមើលឃើញនូវសកម្មភាពនៃការសាងសង់ផ្ទះហើយនោះ ក្រុមអ្នកសារព័ត៌មានក៏បានមើលឃើញផ្ទះជាច្រើនត្រូវបានសាងសង់រួចរាល់ ហើយក៏មានអតិថិជនចូលរស់នៅជាច្រើនផងដែរ។ ជាពិសេសនោះ គឺមានអតិថិជនខ្លះកំពុងតែធ្វើពិធីឡើងផ្ទះរបស់ខ្លួនប្រកបដោយភាពសប្បាយរីករាយផងដែរ។
ដើម្បីបានជ្រាបកាន់តែច្បាស់ពីសកម្មភាពនៃការសាងសង់ ក៏ដូចជាការរស់នៅក្នុងបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អានេះ អ្នកសារព័ត៌មានរបស់ Fresh News ក៏បានជួបសម្ភាសន៍ជាមួយពលរដ្ឋដែលកំពុងរស់នៅក្នុងបុរីផងដែរ។
អ្នកស្រី ផាណា បានទិញផ្ទះក្នុងបុរីអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា រហូតដល់ទៅពីរល្វែងតម្លៃប្រមាណ ១៣ម៉ឺនដុល្លារអាមេរិក។ អ្នកស្រី បានចូលរស់នៅក្នុងផ្ទះនេះរយៈពេលពីរឆ្នាំមកហើយ ជាមួយការបើករបរលក់ដូរគ្រឿងទេស ភេសជ្ជៈ និងរបស់របរហូបចុកមួយចំនួន។
អ្នកស្រី ផាណា បានអះអាងថា សកម្មភាពនៃការសាងសង់ក្នុងបុរីមានដំណើរការល្អប្រសើរឡើងវិញហើយ ហើយមានកម្មករជាច្រើនកំពុងធ្វើការ។ ជាពិសេសនោះ សកម្មភាពនៃការតវ៉ារបស់អតិថិជន ក៏មានភាពស្ងប់ស្ងាត់ផងដែរ បន្ទាប់ពីពួកគាត់បានទទួលផ្ទះ ក៏ដូចជាឃើញសកម្មភាពសាងសង់ឡើងវិញ។
មិនត្រឹមតែសួរជាមួយអ្នកអតិថិជនបានចូលទៅរស់នៅប៉ុណ្ណោះទេ អ្នកសារព័ត៌មាន Fresh News ក៏បានជួបសាកសួរជាមួយក្រុមជាង ដែលកំពុងធ្វើការនៅក្នុងការដ្ឋានបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អាផងដែរ បានព័ត៌មានកាន់តែជាក់ច្បាស់ថែមទៀតពីការសាងសង់ផ្ទះនៅក្នុងគម្រោងនេះ។
លោក សុខ គីមហុង ជាជាងដែកនៅក្នុងបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា លោកបានចូលធ្វើការងារនៅក្នុងបុរីនេះរយៈពេលប្រមាណ៦ខែមកហើយ។ លោកបានអះអាងថា ការងារក្នុងបុរីកំពុងមមាញឹកឡើងវិញ ហើយធ្វើជារៀងរាល់ថ្ងៃ។
លោក គីមហុង ក៏រីករាយផងដែរថា ជាមួយការមានការងារធ្វើនៅក្នុងបុរី ព្រោះទទួលបានចំណូលសម្រាប់ទ្រទ្រង់ជីវភាព។
ផ្ទះជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ការរកផ្ទះសម្រាប់រស់នៅក្នុងរាជធានីភ្នំពេញ ឬនៅជិតរាជធានីភ្នំពេញ ជាការលំបាកណាស់សម្រាប់ប្រជាពលរដ្ឋមានចំណូលតិច។ បុរីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាបុរីសាងសង់ផ្ទះតម្លៃសមរម្យ ជាការផ្តល់ឱកាសដល់អ្នកមានចំណូលតិចមានលទ្ធភាពក្នុងការបង់រំលោះ ហើយមានផ្ទះសម្រាប់រស់នៅ។
មានអតីតភាពជាកូនកសិករ និងជាពលករធ្វើការស្រុកគេ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ទុកបុរីក្នុងគម្រោងផ្លូវជាតិលេខ៦អា ប្រៀបដូចជាអាយុជីវិត ហើយក៏ជាគម្រោងមួយដែលលោកត្រូវទទួលខុសត្រូវខ្ពស់បំផុត ចំពោះអតិថិជន។ ស្មារតីនេះហើយជំរុញឱ្យរូបលោកក្រាញននៀលជម្នះការលំបាកទាំងឡាយក្នុងពេលមានវិបត្តិ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសប្តេជ្ញាឈរជើងប្រឹងប្រែងសាងសង់ផ្ទះនៅក្នុងបុរីគម្រោងផ្លូវជាតិលេខ៦អា ឱ្យរួចរាល់ជាស្ថាពរជូនដល់អតិថិជនរបស់លោក មិនធ្វើឱ្យអតិថិជនខកចិត្តនោះឡើយ។
ភាពយឺតយ៉ាវនៃការសាងសង់ផ្ទះជូនអតិថិជន បានធ្វើឱ្យអតិថិជនជាច្រើន មិនសប្បាយចិត្ត។ តែទោះជាយ៉ាងណាដោយឃើញស្ថានភាពលំបាករបស់ក្រុមហ៊ុន មានអតិថិជនជាច្រើនបានអត់ធ្មត់ និងយោគយល់ចំពោះភាពយឺតយ៉ាវ ហើយទុកលទ្ធភាពឱ្យក្រុមហ៊ុនប្រឹងប្រែងដោះស្រាយបញ្ហា។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានយោគយល់អធ្យាស្រ័យជូនក្រុមហ៊ុន អត់ធ្មត់ទុកឱកាសឱ្យក្រុមហ៊ុនដោះស្រាយបញ្ហាជាជំហ៊ានរហូតសង់សម្រេចផ្ទះជាច្រើនជូនអតិថិជន៕