(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ៥ចំណុច ដែលជួយឲ្យមិត្តអ្នកអានប្រើប្រាស់សំដៅបង្កើនការគិតគំនិតខ្លួនឯងជាគោល ដើម្បីកុំឲ្យជាប់គាំងនឹងគំនិតអ្នកដទៃ។
តាមរយៈខ្លឹមសារនោះ លោកបណ្ឌិត យង់ ពៅ លើកឡើងថា៖
*ទី១៖ ត្រូវទទួលស្គាល់ពីការអភិវឌ្ឍខួរក្បាលជាកត្តាចម្បងបំផុត។ ត្រង់ចំណុចនេះ ចង់បញ្ជាក់ថាបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍ និងរដ្ឋ ត្រូវតែហ៊ានប្តូរផ្តាច់វិនិយោគវិស័យអប់រំឱ្យខ្លាំង។ ជាងនេះទៅទៀតយើងត្រូវចាប់ផ្តើមបណ្ដុះស្មារតីស្រឡាញ់ចំណេះដឹង ស្រឡាញ់គតិបណ្ឌិត ជាជាងការឱ្យតម្លៃសម្ភារហួសហេតុ។ យើងតោងយល់ថា ដរាបណាខួរក្បាលខ្សោយ នាំឱ្យគំនិតខ្សោយ នាំឱ្យរាងកាយខ្សោយ ឆាកជីវិតអាប់អួរជាក់ជាមិនខាន។
*ទី២៖ ស្មារតីរឹងមាំជួយខ្លួនឯង ដោយមិនទន្ទឹងរង់ចាំគេជួយ។ យើងត្រូវចាំថា គ្មានអ្នកមានឱកាសតិចឬច្រើនជាងគ្នាឡើយ ព្រោះយើងរស់នៅលើផែនដី ដែលរងអំពើពីផែនដីវិលជុំវិញខ្លួនឯងរយៈ២៤ម៉ោង ដូចគ្នា។ តាមពិតឱកាស ទទួលបានដោយផ្អែកលើសមត្ថភាពខ្លួនឯងប៉ុណ្ណោះ គ្មានអ្នកណាផ្តល់ឱ្យទេ។
*ទី៣៖ បង្កើតស្នាដៃ (គតិបណ្ឌិតឬសម្ភារៈ) មនុស្សដែលមានលទ្ធផល ជាជំពូកមនុស្សមិនខ្លាចខុស ចេះទទួលកំហុស ចេះកែកំហុស ចេះរៀនសូត្រពីកំហុស មិនជាប់គាំងនឹងកំហុស។ មនុស្សខ្លះព្រោះតែខ្លាចខុសមិនធ្វើអ្វីសោះ ឬចាំតែធ្វើតាមការបង្គាប់បញ្ជា។ ចំពោះទស្សនៈផ្ទាល់ខ្លួន ខ្ញុំតែងដាក់កំហុសទាំងស្រុងលើមនុស្សខ្លាចខុស ហើយមិនធ្វើអ្វីសោះ ពីព្រោះថា អ្នកធ្វើតែងខុសខ្លះប៉ុន្តែមានលទ្ធផលចំពោះសង្គមជាតិបើទោះជាតិចឬច្រើនក្តី។ សូមកុំគិតបែបភាន់ច្រឡំថា «កើកមកទទេ ស្លាប់ទៅវិញទទេ» គំនិតបែបនេះខុសធ្ងន់ធ្ងរ ស្លាប់ទៅវិញមិនទទេសោះឡើយ ពោលគឺមាននៅសលសាច់ញាតិ កេរ្តិ៍ឈ្មោះ (ល្អឬអាក្រក់)កត់ត្រាទុក យ៉ាងហោចក្នុងវង្សត្រកូល។
*ទី៤៖ គំនិតទស្សនៈអ្នកដទៃ ជាបរិស្ថានគំនិតជុំវិញ នៃការអភិវឌ្ឍផ្នត់គំនិត មិនមែនជាគុកហ៊ុំព័ទ្ធការអភិវឌ្ឍខួរក្បាលអ្នកឡើយ។ និយាយងាយយល់ បើរិះគន់ស្ថាបនាយើងស្ដាប់ បើយល់ថាល្អក៏ទទួលយក បើមិនត្រូវក៏ឱ្យហោះរំលងចោលទៅ មិនអាចហាមឃាត់ការអភិវឌ្ឍខួរក្បាលអ្នកបានឡើយ។
*ទី៥៖ ត្រូវគិតថាថ្ងៃស្អែកព្រះអាទិត្យនៅរះផ្ដល់ពន្លឺជាថ្មី ឬហៅថា គំនិតវិជ្ជមាន។ ថ្ងៃនេះអាចធ្វើរឿងមួយឬពីរខុស ប៉ុន្តែថ្ងៃស្អែករៀនសូត្រពីកំហុសធ្វើឱ្យត្រូវ និងត្រូវធ្វើឱ្យច្រើនថែមទៀត៕