(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ តំណាងលោក វង សូត រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំជាមួយលោក ជឹម លាវ អភិបាលរងខេត្តកំពង់ចាម ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរពាក់ព័ន្ធ ដើម្បីសម្រេចលុបដីមណ្ឌលយុទ្ធជនពិការទំហំ ៣,៦២៤.៦៨ ម៉ែត្រការ៉េ ចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ចេញពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម ដើម្បីធ្វើការបែងចែកជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ យោធិនពិការ និងគ្រួសារយោធិនពិការ ដែលបានស្នាក់នៅក្នុងទីតាំងអតីតមណ្ឌលយុទ្ធជនពិការខេត្តកំពង់ចាម តាំងពីឆ្នាំ១៩៩១ ចំនួន២៩គ្រួសារ។
ការសម្រេចលុបចោលដីអតីតយុទ្ធជនចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យរដ្ឋចេញពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម ត្រូវបានធ្វើឡើងបន្ទាប់ពីមាន ការសម្រេចដាច់ណាត់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ តាមសំណើរបស់មន្រ្តី បុគ្គលិករដ្ឋ ប្រជាជន យោធិនពិការ និងគ្រួសារពលីទាំង២៩គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលខាងលើ។ នេះបើតាមការឲ្យដឹងពីលោក ឯម ច័ន្ទមករា អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោក សួង ម៉េងឡុង តំណាងលោករដ្ឋមន្រ្តី វង សូត បានឲ្យដឹងថា ការសម្រេចលុបដីអតីតយុទ្ធជនពិការ ចេញពីបញ្ជីអចលនទ្រព្យរដ្ឋរបស់មន្ទីរសង្គមកិច្ច ចេញពីខេត្តកំពង់ចាមនេះ គឺធ្វើឡើងសំដៅពង្រឹងការគ្រប់គ្រងដីធ្លីឲ្យបានច្បាស់លាស់ដោយហេតុថា អតីតមណ្ឌលយុទ្ធជនពិការនេះលែងទទួលចញ្ចឹម និងថែទាំជនពិការប្រភេទ១ទៀតហើយ ហើយទីតាំងដីរបស់មណ្ឌល ដែលពីមុនជាដីព្រៃជាប់មាត់បឹង និងមានផ្លូវទាល់ផងនោះ បច្ចុប្បន្នខេត្ត បានជម្រុញការអភិវឌ្ឍ ឲ្យមានប្រព័ន្ធផ្លូវខ្វាត់ខ្វែងតភ្ជាប់គ្នា មានសាលាសង្កាត់ ប៉ុស្តិ៍រដ្ឋបាល និងមួយផ្នែកទៀត សហការជាមួយអង្គការមិត្តសម្លាញ់ ដើម្បីរៀបចំមជ្ឈមណ្ឌលសប្បាយៗ សម្រាប់ជួយកុមារងាយរងគ្រោះក្នុងខេត្ត។ នេះគឺជាការអះអាងរបស់អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា។
គួរបញ្ជាក់ផងដែរថា យន្តការក្រុមការងារចំរុះអន្តរក្រសួងដឹកនាំដោយលោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលាខេត្តកំពង់ចាម និងមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីដំណើរការនីតិវិធីបែងចែកដីជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ យោធិនពិការ និងគ្រួសារយោធិនពិការ បានឯកភាពសុំគោលការណ៍សម្រេចទៅ រាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេចជម្រះដីអតីតមណ្ឌលយុទ្ធជនពិការចេញពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម តាមនីតិវិធីជាធរមាន និងរក្សាផ្ទៃដីចំនួន ១ ២៩៨,១៦ ម៉ែត្រការ៉េ នៅក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បតិ្តរដ្ឋនៃមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម ដើម្បីមណ្ឌលសប្បាយសប្បាយ បន្តប្រើប្រាស់តាមកិច្ចសហការរវាងមន្ទីរសង្គមកិច្ចខេត្ត និងអង្គការសកម្មភាពព្រះពទ្ធសាសនា ដើម្បីអភិវឌ្ឍន៍សង្គមក្នុងការបង្ហាត់បង្រៀនដល់ កុមារក្រីក្រងាយរងគ្រោះ៕