(ភ្នំពេញ)៖ ក្រុមជ្រុលនិយម បានបង្កើនសម្តីលាបពណ៌ដាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ជុំវិញអំពើ បាញ់សម្លាប់អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងលោក លិម គិមយ៉ា នាកណ្តាលក្រុងបាងកកកាលពីថ្ងៃទី៧មករាឆ្នាំ២០២៥។ ខណៈប៉ូលីសថៃ បានបញ្ជាក់ថាអំពើបាញ់ប្រហារនោះ មិនមែនជារឿងនយោបាយក៏ដោយ ក្រុមជ្រុលនិយម បែរជាចោទថារាជរដ្ឋាភិបាលកម្ពុជានិងថៃ បានឃុបឃិតគ្នានោះទៅវិញ។ Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយក្រោមចំណងជើងថា «សូមបញ្ឈប់ការលាបពណ៌រឿងឃាតកម្មដាក់មកលើ រាជរដ្ឋាភិបាលកម្ពុជា!»

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃាតកម្មដ៏សោកនាដកម្មលើអតីតអ្នកនយោបាយគណបក្សប្រឆាំងលោក លិម គិមយ៉ា នៅកណ្តាលទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ត្រូវបានមេខ្លោងក្រុមជ្រុលនិយមនិងបក្ខពួក បានប្រើប្រាស់ធ្វើជាអាវុធក្នុងការឃោសនាចោទប្រកាន់នយោបាយដោយគ្មានមូលដ្ឋាន បន្ទោសដាក់មកលើរាជរដ្ឋាភិបាលកម្ពុជា។ ល្បែងស្តីបន្ទោសដោយគ្មានហេតុផលនេះ មិនត្រឹមតែបំផ្លាញយុត្តិធម៌ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំភ្លៃការពិត ដើម្បីការកេងចំណេញនយោបាយផងទៀត។

អាជ្ញាធរថៃ ក្រោយពីបើកការស៊ើបអង្កេតបឋមបានបញ្ជាក់ថា ការបាញ់ប្រហារនេះមិនមានហេតុផលពាក់ព័ន្ធនឹងរឿងនយោបាយទេ។ អគ្គស្នងការនគរបាលជាតិថៃលោកឧត្តមសេនីយ៍ Kittirat Panpetch បានបញ្ជាក់ជាផ្លូវការប្រាប់អ្នកសារព័ត៌មានថៃថា ការបាញ់សម្លាប់នេះ គឺផ្តើមចេញពីជម្លោះផ្ទាល់ខ្លួនរវាងឈ្មោះ លី រតនៈរស្មី ដែលជាមេខ្លោងនៅពីខាងក្រោយអំពើបាញ់ប្រហារនេះជាមួយនឹងលោក លិម គិមយ៉ា។ លោក លី រតនៈរស្មី មានប្រវត្តិជាជនជាតិថៃ ដែលគេធ្លាប់ស្គាល់ថាឈ្មោះថៃរបស់គាត់គឺ Somwang Bamrungkit ។ សេចក្តីរាយការណ៍បាននិយាយថាលោក លី រតនៈរស្មី ដែលពីមុនគឺជាអ្នកគាំទ្រដ៏សកម្មម្នាក់របស់ទណ្ឌិត សម រង្ស៊ី មានទំនាស់បុគ្គលជាមួយនឹងលោក លិម គិមយ៉ា ក្នុងពេលដែលអ្នកទាំង២ពេលនោះ គឺជាអតីតអ្នកបំរើនយោបាយក្នុងគណបក្សសង្គ្រោះជាតិ។

ប៉ូលីសថៃ បានបញ្ជាក់ថា ចំណែកឃាតករសង្ស័យឈ្មោះ Ekkalak Paenoi អតីតទាហានជើងទឹកថៃ ក៏បានសារភាពថា គាត់ពិតជាបានបាញ់សម្លាប់លោក លិម គិមយ៉ា នាកណ្តាលក្រុងបាងកកនោះពិតមែន និងការបាញ់ប្រហារនោះ គឺធ្វើតាមបញ្ជារបស់លោក Somwang Bamrungkit ឬលោក លី រតនៈរស្មី ដែលជាបុគ្គលធ្លាប់មានគុណជួយដល់រូបគាត់នៅពេលគាត់ជួបការលំបាកបន្ទាប់ពីត្រូវបានគេ បណ្តេញចេញពីទាហានជើងទឹកថៃ។ ប៉ុន្តែទោះមានការបញ្ជាក់យ៉ាងច្បាស់លាស់របស់មន្ត្រីនគរបាលថៃយ៉ាងណាក៏ដោយ ក្រុមជ្រុលនិយមបានប្រើពាក្យសម្តីចោទប្រកាន់ថា ដោយសារតែរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តនូវទង្វើឃុបឃិតគ្នាឯណានោះទៅវិញ។

ក្រុមជ្រុលនិយមបានសរសេរចោទ តាមបណ្តាញសង្គមយ៉ាងគគ្លើនថា «រដ្ឋាភិបាលត្រកូលថាក់ស៊ីន ជាជំរកឃាតកររបស់ត្រកូល ហ៊ុន» និងចោទថាដោយសារតែការឃុបឃិតដោះដូរឱ្យកោះគុតទៅថៃ ទើបបានរដ្ឋាភិបាលថៃ ជួយបិទបាំងកំហុសបាញ់សម្លាប់លោក លិម គិមយ៉ា នោះ។ នេះជាការចោទមួយដែលហួសពីការពិត, ការចោទគ្មានមូលដ្ឋាន និងជាទង្វើដ៏ហួសហេតុ និងថោកទាបជាទីបំផុត។

បើតាមសមាជិកសកម្មរបស់គណបក្សសង្គ្រោះជាតិម្នាក់ឈ្មោះ ឈុំ សេរីសុខុម រស់នៅក្នុងសហរដ្ឋអាមេរិក ក៏ធ្លាប់បានបើកកកាយឱ្យគេបានដឹងដែរថា ឈ្មោះ លិម គិមយ៉ា នោះគឺសមនឹងស្លាប់ ដោយសារតែបុគ្គលនោះជាបុគ្គលដែលក្បត់នឹង សម រង្ស៊ី។

សម្តីបើកកកាយជុំវិញរឿងទំនាស់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិតាមរយៈលោក ឈិត សេរីសុខុម នោះ បានធ្វើឱ្យគេសង្ស័យថា ជម្លោះផ្ទៃក្នុងគណបក្សប្រឆាំងជាពិសេសរវាង លិម គិមយ៉ា និង សម រង្ស៊ី គឺជារឿងមួយដែលអាចជាដើមចមនៃការបាញ់សម្លាប់លោក លិម គិមយ៉ា ប៉ុន្តែដើម្បីបញ្ចៀសការចាប់អារម្មណ៍ពីសាធារណមតិ, សម រង្ស៊ី និងបក្ខពួកបានប្រញាប់ផ្សព្វផ្សាយរឿងបាញ់សម្លាប់នេះចេញមកភ្លាមជាមួយនឹងការទាញទម្លាក់កំហុសទាំងអស់ដាក់មកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

*ហេតុអ្វីបានជា សម រង្ស៊ី ទម្លាក់កំហុសដាក់មកលើរាជរដ្ឋាភិបាលខ្មែរ?

ទណ្ឌិត សម រង្ស៊ី ដែលច្រណែននិន្ទាក្នុងការឃើញពលរដ្ឋរស់នៅសុខសាន្ត ក្រោមដំបូលសន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ ដែលជាមរតកដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំបង្កើតឧបាយកលទុច្ចរិតជាច្រើនក្នុងបំណងបំផ្លាញសន្តិភាព ដែលមានជាង២០ឆ្នាំរួចមកនេះ។ ឧបាយកលរបស់ពួកគេ គឺការដុតបញ្ឆេះកំហឹងអោយពលរដ្ឋស្អប់គណបក្សប្រជាជនកម្ពុជា ស្អប់ក្រុមគ្រួសារត្រកូល «ហ៊ុន» ពីព្រោះពួកគេដឹងថា «សនិ្តភាព» នឹងមិនអាចរងភាពរង្គោះរង្គើបានឡើយ បើសិនជានៅកម្ពុជា មានគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលប្តេជ្ញារក្សា និងការពារសន្តិភាពមិនឱ្យឃ្លាតចេញពីប្រទេសកម្ពុជានោះ។ ដើម្បីរកលេសបណ្តេញសន្តិភាពចេញពីកម្ពុជា ក្រុមជ្រុលនិយម បានកំណត់ទិសដៅរបស់ខ្លួនតាំងពីដើមទីដោយត្រូវនិយាយចោទប្រកាន់អ្វីៗទាំងអស់ដាក់លើត្រកូល «ហ៊ុន» និងលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាច់ចង្កូតដឹកនាំប្រទេសបច្ចុប្បន្ន។

ដូច្នេះករណីឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២៥នា កណ្តាលក្រុងបាងកកនោះ ក៏ត្រូវបានក្រុមជ្រុលនិយម ចោទប្រកាន់កំហុសទម្លាក់ដាក់មកលើសម្តេចតេជោ ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។ ក្រុមជ្រុលនិយម បានលើកឡើងអំពីប្រវត្តិដែលឈ្មោះ លី រតនៈរស្មី បានមកសុំចូលរួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ប៉ុន្តែបុគ្គលរូបនោះ ត្រូវបានបញ្ឈប់ពីការងារនៃទីប្រឹក្សារបស់ប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយសារតែឈ្មោះ លី រតនៈរស្មី នោះបានប្រព្រឹត្តកំហុសឆ្គង ដែលផ្ទុយនឹងកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបុគ្គលរូបនោះ ទើបទទួលបានការទុកចិត្តតែងតាំងជាទីប្រឹក្សាសម្តេច តេជោ ក្នុងសេចក្តីសម្រចមួយរបស់គណបក្សថ្ងៃទី២៣ មករា ឆ្នាំ២០២៤។

ការដកចេញបុគ្គលដែលប្រព្រឹត្តកំហុស គឺជាការបង្ហាញភាពប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចក្នុងការបន្តរក្សាភាពស្អាតស្អំ និងសីលធម៌ដ៏ខ្ជាប់ខ្ជួនរបស់គណបក្ស ដោយមិនឱ្យបុគ្គលណាមួយអាចយកតំណែងរបស់ខ្លួនទៅធ្វើអ្វីមិនល្អណាមួយនោះឡើយ។

សម្តីប្រឌិតយករឿងឃាតកម្មបុគ្គល ចង់ប្រែក្លាយជារឿងនយោបាយនេះ តាមពិតគឺជាឧបាយកល ដែលក្រុមជ្រុលនិយមបានរៀបចំតាំងពីដើមរៀងមកដើម្បីឱ្យស្របតាមសេណារីយោទុច្ចរិតរបស់ខ្លួន ដើម្បីការទម្លាក់កំហុសទាំងអស់ ដាក់តែទៅលើក្រុមគ្រួសារត្រកូល «ហ៊ុន» និងលើគណបក្សប្រជាជនកម្ពុជាដែលកាច់ចង្កូតដឹកនាំប្រទេសបច្ចុប្បន្ន។ ដូច្នេះការព្យាយាមចង់ភ្ជាប់សកម្មភាពផ្ទាល់ខ្លួនរបស់ជនសង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្មទៅនឹងអ្វីជាទង្វើរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ គឺជាទង្វើគ្មានមូលដ្ឋាន និងអយុត្តិធម៌។

ជាងនេះទៅទៀត ការចោទប្រកាន់ថា មានការដោះដូរគ្នាពាក់ព័ន្ធនឹងកោះគុត រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ ក្នុងការសូកប៉ាន់ដើម្បីលាក់បាំងអំពើឃាតកម្មនោះ គឺជាការចោទដែលគ្មានមូលដ្ឋាន និងគ្មានការពិតអ្វីទាល់តែសោះ។ ការចោទប្រកាន់បែបនោះ គឺដើម្បីតែការចង់បំបែរអារម្មណ៍ពីការស្វែងរកការពិត និងយុត្តិធម៌ និងជាទង្វើកេងប្រវ័ញ្ចលើសោកនាដកម្មដោយសារតែការចង់ទាញហេតុការណ៍ឱ្យធ្លាក់ចូលក្នុងរបៀបវារៈនយោបាយទុច្ចរិតរបស់ពួកគេតែប៉ុណ្ណោះ។ ការប្រែក្លាយឃាតកម្មទៅជាបញ្ហានយោបាយ មិនត្រឹមតែការគ្មានទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាការមិនគោរពយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ និងមនុស្សជាទីស្រលាញ់របស់ពួកគេផងដែរ។

យុត្តិធម៌សម្រាប់លោក លិម គិមយ៉ា មិនត្រូវគ្របដណ្តប់ដោយវោហាសាស្ត្រចោទប្រកានដ៏លេលាដូចក្រុមជ្រុលនិយមបានធ្វើកន្លងមកនេះឡើយ។ រដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលថៃ គឺជារដ្ឋាភិបាលដែលមានទំនួលខុសត្រូវ និងនៅតែប្តេជ្ញាចិត្តចំពោះតម្លាភាព និងលើកកម្ពស់យុត្តិធម៌។ ដូច្នេះវាដល់ពេលដែលក្រុមជ្រុលនិយម ត្រូវបញ្ឈប់ការផ្សាយព័ត៌មានមិនពិត និងអនុញ្ញាតឱ្យការពិតមិនមែនជារឿងប្រឌិត ត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមរយៈការស្តាប់សវនាការបស់តុលាការថៃដែលនឹងមានក្នុងពេលខាងមុខនេះ៕