(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវបណ្ឌិត ខា ឡេង ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការកម្មវិធីសិក្សាមុខជំនាញប្រតិបត្តិផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (EMBA)ដែលជាមុខជំនាញដំបូងគេបង្អស់នៅប្រទេសកម្ពុជា និងបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសាកលវិទ្យាល័យ។
នាឱកាសនោះ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានឱ្យដឹងថា ចាប់តាំងពីបង្កើតឡើងមកសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាអប់រំនៃ «សមាហរណកម្មប្រទេសចិន និងបស្ចិមប្រទេស ការចែករំលែកប្រាជ្ញា» ហើយប្តេជ្ញាបណ្តុះអ្នកដឹកនាំធុរកិច្ច និងឥស្សរជនសង្គមជាមួយនឹងចក្ខុវិស័យអន្តរជាតិ និងសមត្ថភាពជាក់ស្តែងក្នុងមូលដ្ឋាន។ ការដាក់ឱ្យដំណើរការកម្មវិធីសិក្សាមុខជំនាញប្រតិបត្តិផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (EMBA) នៅក្នុងសាកលវិទ្យាល័យគឺជាជំហានដ៏សំខាន់ មួយឆ្ពោះទៅមុខ ក្នុងវិស័យអប់រំគ្រប់គ្រងកម្រិតខ្ពស់ យើងមិនត្រឹមតែបានចាក់បញ្ចូលនូវភាពរឹងមាំថ្មីទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវស្តង់ដារ អប់រំថ្មីដល់ពិភពលោកផងដែរ។ ការចាប់ផ្តើមជោគជ័យនៃគម្រោងនេះគឺមិនអាចបំបែកចេញពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីភាគីជាច្រើន។
អ្នកឧកញ៉ា បានថ្លែងអំណរគុណចំពោះមហាវិទ្យាល័យ Baylor នៅសហរដ្ឋអាមេរិក សាកលវិទ្យាល័យពហុបច្ចេកទេស Catalonia នៅប្រទេសអេស្ប៉ាញ និងដៃគូជាច្រើនក្នុងវិស័យអប់រំ និងអាជីវកម្មសម្រាប់ ការគាំទ្រ ដ៏រឹងមាំ ដែលយើងអាចលទ្ធភាពបើកជំនាញថ្មីៗសម្រាប់អនាគតនៃប្រទេសកម្ពុជា និងតំបន់អាស៊ាន តាមរយៈការធ្វើសមាហរណកម្មអន្តរជាតិ និងការធ្វើមូលដ្ឋានីយកម្ម។
នៅពេលអនាគត កម្មវិធីនេះនឹងលើកតម្កើងស្មារតីនៃការបើកចំហ ការច្នៃប្រឌិត និងបរិយាបន្ន ព្រមទាំងផ្តល់នូវធនធានសិក្សាដែលមានគុណភាពខ្ពស់ និងជាវេទិកាទំនាក់ទំនងដ៏ទូលំទូលាយសម្រាប់សហគ្រិន អ្នកគ្រប់គ្រង និងអ្នកដឹកនាំសង្គមក្នុងអាស៊ាន និងជុំវិញពិភពលោក។
អ្នកឧកញ៉ាជឿជាក់ថា តាមរយៈការរចនាកម្មវិធីសិក្សាកម្រិតខ្ពស់ ក្រុមសាស្ត្រាចារ្យលំដាប់ពិភពលោក និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ រវាងសហគ្រិន និងអ្នកសិក្សាកម្មវិធីនេះនឹងក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ការលើកកម្ពស់វិបុលភាពសេដ្ឋកិច្ចក្នុងតំបន់ និងការអភិវឌ្ឍន៍ទេពកោសល្យ។
លើសពីនេះទៅទៀត Mr. Shengwei Zhao នាយកប្រតិបត្តិលើកម្មវិធីសិក្សានេះ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានលើកឡើងថា ការបណ្តុះបណ្តាលសហគ្រិន និងអ្នកគ្រប់គ្រងជាន់ខ្ពស់គឺមានសារៈ សំខាន់។ គោលបំណងដើមនៃការបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់នូវវេទិកាសិក្សាកម្រិតខ្ពស់មួយសម្រាប់អ្នកគ្រប់គ្រងនៅក្នុងតំបន់ និងផ្តល់ឱ្យសហគ្រិននូវចំណេះដឹងពេញលេញតាមរយៈកម្មវិធី សិក្សាជាសាកល ក្នុងការបង្រៀនកម្រិតកំពូល និងគោលគំនិតអប់រំឆ្ពោះទៅមុខ។
កម្មវិធី EMBA របស់យើងគឺផ្អែកលើគោលគំនិតស្នូលនៃ «ចក្ខុវិស័យសកល ការអនុវត្តក្នុងតំបន់» ខ្លឹមសារនៃវគ្គសិក្សាផ្តោតយ៉ាងជិតស្និតទៅនឹងការផ្លាស់ប្តូរនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន និងរួមបញ្ចូលគ្នានូវតម្រូវការជាក់ស្តែងនៃតំបន់អាស៊ាន ពិសេសនៅក្នុងវិស័យនវានុវត្តន៍ហិរញ្ញវត្ថុ។ យុទ្ធសាស្ត្រទីផ្សារ និងភាពជាអ្នកដឹកនាំ យើងបានកែសម្រួលបទពិសោធន៍សិក្សាដ៏មានតម្លៃសម្រាប់អ្នកសិក្សា។ បង្កើតកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយស្ថាប័នល្បីៗជាអន្តរជាតិដូចជា មហាវិទ្យាល័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា Baylor នៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យពហុបច្ចេកទេស Catalonia នៅប្រទេសអេស្ប៉ាញ ដើម្បីធានាថាអ្នកសិក្សាមានលទ្ធភាពទទួលបានធនធានសិក្សាកំពូលរបស់ពិភពលោក និងករណីជាក់ស្តែង។
នៅពេលអនាគត កម្មសិក្សានេះនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងក្លាយជាគម្រោងគោលសម្រាប់ការអប់រំផ្នែកគ្រប់គ្រងកម្រិតខ្ពស់នៅកម្ពុជា និងក្នុងតំបន់អាស៊ាន ហើយរួមចំណែកកម្លាំងរបស់យើងក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងក្នុងតំបន់ និងការផ្លាស់ប្តូរសាជីវកម្ម និងការធ្វើឱ្យប្រសើរឡើង។
គួរបញ្ជាក់ផងដែរថា ពិធីនេះក៏មានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិចូលរួមជាច្រើនអ្នកផងដែរ៕