(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើទៅកាន់រដ្ឋាភិបាលម៉ាឡេស៉ី តាមរយៈលោកបណ្ឌិត តាន់ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល (Tan Sri Dato Johari bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅពេលធ្វើជាប្រធានអាស៊ាននាឆ្នាំ២០២៥នេះ គួរផ្ដួចផ្ដើមរៀបចំយន្ដការចរចាពាណិជ្ជកម្មកម្រិតអាស៊ាន ជាមួយបណ្ដាប្រទេសដៃគូនានា។
ក្នុងជំនួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរៀបចំយន្ដការចរចាពាណិជ្ជកម្មកម្រិតអាស៊ាននេះ សំដៅធ្វើឲ្យតំបន់អាស៊ានកាន់តែរីកចម្រើនបន្ថែមទៀត។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត តាន់ ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល បានលើកឡើងថា ក្នុងនាមប្រធានអាស៊ាន ម៉ាឡេស៊ីចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធនាគារ ជាពិសេសការផ្លាស់ប្តូរ មិនត្រឹមតែកម្រិតសមាជិក-សមាជិកាសភាប៉ុណ្ណោះទេ ក៏ប៉ុន្តែការផ្លាស់ប្តូរនិស្សិតផងដែរ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅម៉ាឡេស៊ី។
លោកបណ្ឌិតប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា អាស៊ានគួរតែរីកចម្រើនជាមួយគ្នា ព្រោះអាស៊ាន មានទាំងប្រជាជន ថវិកា ទ្រព្យ និងការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាក្រុម (block) ប្រជាជាតិតែមួយ និងតម្រូវឲ្យបណ្ដានានាកសាងនូវទំនុកចិត្ត សាមគ្គីគ្នាធ្លុងមួយ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្នា ក្នុងនាមជាអ្នកជិតខាងល្អ។
តាងនាមឲ្យរដ្ឋសភាម៉ាឡេស៊ី លោកប្រធានរដ្ឋសភា បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីការទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងអាស៊ានឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ប្រធានរដ្ឋសភាម៉ាឡេស៉ី ចំពោះការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ និងវឌ្ឍនភាពក្នុងអាស៊ាន។ សម្តេចតេជោបានសម្តែងនូវការចូលរួមអបអរសាទរ ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី៤៦ និង៤៧។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជំងឺកូវីដ បានជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ឲ្យមានការខិតជិតគ្នា ស្របនឹងសុភាសិត «ជួញជិតប្រសើរជាងជួញឆ្ងាយ»។ សម្តេចតេជោ បានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងអាស៊ីប (RCEP) គឺជាសក្តានុពលនៃការអភិវឌ្ឍអាស៊ាន ឲ្យមានសមត្ថភាពខ្ពស់ និងភាពរឹងមាំ ដោយអាស៊ានមិនគួរធ្វើជាស្មៅឲ្យដំរីជាន់នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើការសួរសុខទុក្ខជូនលោក Awang Bemee bin Awang Ali Basah ប្រធានព្រឹទ្ធសភា និងលោក Dato Seri Anwar bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជូនពរលោក Tan Sri Dato Johari bin Abdul និងគណៈប្រតិភូ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា៕