(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ប្រធានអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តក្រចេះ, ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមន្ត្រីមន្ត្រីនៃរដ្ឋបាលខេត្ត ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពជុំវិញ រដ្ឋបាលខេត្ត កងកម្លាំង ប្រដាប់អាវុធ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ ស្មៀនឃុំ សង្កាត់នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធចំនួន៤៧៩នាក់។
លោក វ៉ា ថន បានឱ្យដឹងថា សន្និបាតបានដំណើរការរយៈពេលពេញ ២ថ្ងៃ ប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖ វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព», ការពង្រឹងគុណភាពសេវាសុខាភិបាល, ការលើកកម្ពស់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ការលើកកម្ពស់វិស័យទេសចរណ៍ ការគ្រប់គ្រងតំបន់ការពារអភិរក្សធនធានធម្មជាតិ និងបរិស្ថាន, ការរៀបចំ និងគ្រប់គ្រងនគរូបនីយកម្ម សំណង់ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ
និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការចូលរួមអនុវត្តវិធានការគន្លឹះទាំង៣ នៃការកែទម្រង់រដ្ឋបាលសាធារណៈ។
ការអនុវត្តគោល នយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងសមត្ថកិច្ចបានយកចិត្តទុកដាក់យ៉ាងសកម្មដោយបានរៀបចំផែនការចុះផ្សព្វផ្សាយខ្លឹមសារអំពីលក្ខណៈសម្បតិ្តទាំង៧យ៉ាងនៃគោលនយោបាយ «ភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព» បានចំនួន៥.២២៨លើក មានអ្នកចូលរួមសរុប ១៦៩.៥៦៩នាក់ ស្រី ៩០.៤០១នាក់។
ជាលទ្ធផលការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ បានចំនួន ៨៤លើក និងបទល្មើសគ្រឿងញៀនចំនួន១៦៣លើក ល្បែងស៊ីសងខុសច្បាប់ចំនួន ៥៩លើក ក្មេងទំនើងបានចំនួន ៤៤លើក។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៧៧ករណី ការផ្ដល់សេវាសាធារណៈ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីបានចំនួន ២១.៨៦៦នាក់ ស្រី ១១.៣៧៦នាក់។ មកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីប្រើប្រាស់ចំនួន ៣០៥.១៦៥នាក់ លើ៣១១.៨០៥នាក់ (ផែនការបន្ថែមឆ្នាំ២០២៥ ចំនួន ៦.៦៤០នាក់)។
ការផ្ដល់សេវាសុខាភិបាល ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយបានពង្រឹងជាប់ជាប្រចាំលើការផ្ដល់សេវា ដែលបានបង្កើតនូវទំនុកចិត្តជូនប្រជាពលរដ្ឋ និងការដាក់ចេញអនុវត្តគោល នយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាលកាន់តែមានប្រជាប្រិយភាព និងមានការសាទរពេញចិត្ត ជាខ្លាំង។ មន្រ្តីផ្ដល់សេវាប្រចាំការ ២៤ម៉ោង/២៤ម៉ោង ហើយអ្នកទទួលសេវាត្រូវបានកាត់បន្ថយការចំណាយថវិកា ការយកចិត្តទុកដាក់ពិនិត្យ និងថែទាំអ្នកជំងឺ និងការចេញថ្លៃសេវាព្យាបាលជំនួសពីរាជរដ្ឋាភិបាលតាមរយៈ ប.ស.ស បណ្ណមូលនិធិសមធម៌រួមជាមួយនឹងការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីក្រីក្រ មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
ជាលទ្ធផលឆ្នាំ២០២៤ អ្នកជំងឺចូលសម្រាកមន្ទីរពេទ្យមានចំនួន ៣២.៤៦៣នាក់ និងអ្នកជំងឺមកពិគ្រោះចំនួន ១៧២.៩៣១នាក់ និងការចុះពិនិត្យជំងឺនៅតាមក្រុង ស្រុក បានចំនួន៤លើក មានប្រជាពលរដ្ឋចូលរួមពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺចំនួន ២.៨០៦នាក់ ស្រី ១.៦៩៤នាក់។
ការលើកកម្ពស់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ឆ្នាំ២០២៤ ដំណាំស្រូវដាំដុះសរុបចំនួន ៧៤.៦៨៨ហិកតា ស្មើនឹង ១០២,៩២% ទទួលបានបរិមាណផលស្រូវសរុប ២៣៨.២៣៤ តោនច្រើន ជាងឆ្នាំ២០២៣ ចំនួន ៥៧.១៧០តោន និងសល់ស្រូវសម្រាប់នាំចេញចំនួន ៦៨.៦៨១តោន។ ដំណាំសាវប្បកម្មរួមមានបន្លែគ្រប់ប្រភេទ និងប៉ិកគក់ចំនួន ១.៣៧ ៨ ហិកតា ស្មើនឹង ១៣៩,២៣% ទទួលបានបរិមាណសរុប ១១.០៧៣តោន និងដំណាំឧស្សាហ កម្មរយៈ ពេលខ្លីរួមមាន៖ ពោតក្រហម ពោតស ដំឡូងមី អំពៅ ដំឡូងជ្វា ដំឡូងគរសណ្តែកបាយ ល្ង សណ្តែក សៀង និងសណ្តែកដីចំនួន ១០០.៦៤៩ហិកតា ស្មើនឹង ១០៧,៦១% ទទួលបានបរិមាណផលសរុប ១.៨៤៨.៥៥៣តោន។
សត្វចិញ្ចឹមរួមមាន សត្វគោ ក្របី ជ្រូក និងសត្វស្លាបសរុបចំនួន៧៩០.៧៥២ក្បាល បានចុះចាក់វ៉ាក់សាំងសរុប ១៤៨.៦៩១ក្បាល។ សហគមន៍ព្រៃឈើមានចំនួន ៥៦សហគមន៍លើផ្ទៃដី ៧៧.៧៨៣ហិកតា សហគមន៍ព្រៃឈើ ចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើចំនួន ៣៩សហគមន៍លើផ្ទៃដី ៥៦.២៥៨ហិកតា និងក្នុងឆ្នាំ២០២៤ អាជ្ញាធរខេត្ត និងមន្ទីរជំនាញបានដាំដុះកូន ឈើសរុបចំនួន ២.២៣៤ដើម។ បង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃឈើបានចំនួន ៥៦ករណី បានដកហូតវត្ថុតាង និងសម្ភារមួយចំនួន។ លើការងារជលផលសហគមន៍នេសាទ ចំនួន ៦៨សហគមន៍មានសមាជិកចំនួន ១៦.០៩៧នាក់ ។ ផលនេសាទសរុបចំនួន៤.
៩៦៦,៧តោន។ បង្រ្កាបបទល្មើសនេសាទបានចំនួន ២៩លើកស្មើនឹង ៦១ករណី ដោយបានដកហូតវត្ថុតាង និងសម្ភារមួយចំនួន។
ការលើកកម្ពស់វិស័យទេសចរណ៍ ការគ្រប់គ្រងតំបន់ការពារ អភិរក្សធនធានធម្មជាតិ និងបរិស្ថាន វិស័យទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមខេត្ត និងបានចូលរួមជាមួយប្រជាពលរដ្ឋដែលរស់នៅតាមសហគមន៍ទេសចរណ៍ តំបន់រមណីយដ្ឋានទេសចរណ៍ តាមរយៈការផ្តល់ឱកាសការងារ មុខរបរ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ឆ្នាំ២០២៤ ខេត្តមានតំបន់រមណីយដ្ឋាន ទេសចរណ៍សរុប ២៤កន្លែង ជាពិសេសសក្ដានុពលសត្វផ្សោតទន្លេមេគង្គ បានស្រូបយកភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តចំនួន ២៤៧.៦៧៤នាក់ ធៀបនឹងឆ្នាំ២០២៣ កើនចំនួន ១៤.២១៣នាក់ ស្មើនឹង ៦,០៨%។
លើការងារការគ្រប់គ្រងតំបន់ការពារ អភិរក្សធនធានធម្មជាតិ និងបរិស្ថានខេត្ត មានតំបន់ការពារធម្មជាតិចំនួន ៦កន្លែង លើផ្ទៃដីចំនួន២៨៣.១៨០ហិកតា រួមមាន៖ ដែនជម្រកសត្វព្រៃ ព្រៃឡង់, ដែនជម្រកសត្វព្រៃកែវសីមា, ដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ, ដែនជម្រកសត្វព្រៃសំបូរ, តំបន់ប្រើប្រាស់ ច្រើនយ៉ាងសរសរស្តម្ភសត្វតោ, ដែនជម្រកសត្វព្រៃលំផាត់។
ការរៀបចំ និងគ្រប់គ្រងនគរូបនីយកម្ម ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រចបានរួមមាន៖ ការកសាងប្លង់គោលប្រើប្រាស់ដីក្រុងក្រចេះ បានអនុវត្តចប់សព្វគ្រប់រង់ចាំការសម្រចពីថ្នាក់ជាតិ ផែនការរៀបចំដែនដីខេត្តបានរៀបចំរួចរាល់រង់ចាំការអនុម័ត។ ចុះត្រួតពិនិត្យ និងទប់ស្កាត់ការដ្ឋានសាងសង់គ្មានលិខិតអនុញ្ញាតចំនួន ៧០ការដ្ឋាន។ ការងារសំណង់ចេញលិខិតអនុញ្ញាតសរុប ៦២គម្រោង ចេញដោយក្រសួងចំនួន ៥គម្រោង រដ្ឋបាលខេត្តចំនួន ១៨គម្រោង និងរដ្ឋបាលក្រុង ស្រុកចំនួន ៣៨គម្រោង លើផ្ទៃក្រឡាសរុប ៦១៧.៧៤៦ម៉ែត្រការេ។
ការចុះបញ្ជីដីធ្លីផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅឆ្នាំ២០២៤ សម្រេចបានការចុះបញ្ជីលក្ខណៈជាប្រព័ន្ធបានប្រកាសតំបន់ វិនិច្ឆ័យចំនួន ១៤៥ភូមិ វាស់វែងបានចំនួន ៨០.៧៧០ក្បាលដី គូសក្បាលដីបានចំនួន ៨០.២០២ក្បាលដី និងចែកបណ្ណកម្មសិ ទ្ធិបានចំនួន១៣.៤៨៨បណ្ណ។
លើការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ទំនាស់ដីធ្លីនៅថ្នាក់ខេត្តមានសំណុំរឿងសរុបចំនួន ១២៦ករណី បានដោះស្រាយបញ្ចប់បានចំនួន ៤៧ករណី និងកំពុងបន្តដោះស្រាយចំនួន ៧៩ករណី៕