(ភ្នំពេញ)៖ លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យពាណិជ្ជករ និងផលិតករកម្ពុជា ខិតខំផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និងសោភ័ណភាពវេចខ្ចប់បានល្អត្រឹមត្រូវតាមស្ដង់ដារ ដើម្បីបម្រើទីផ្សារ និងចូលរួមប្រកួតប្រជែងក្នុងកម្រិតទីផ្សារអន្តរជាតិ។

លោក តាន់ មុនីវណ្ណ បានលើកឡើងបែបបនេះ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Annual Mega Sales ២០២៥។ ពិព័រណ៍នេះមានផលិតផលជាង២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ចាប់ផ្ដើមពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥នេះ នៅសាលពិព័រណ៍កោះពេជ្រ។ កម្មវិធីខាងលើ ក៏មានការចូលរួមពី លោក Tim Vutha ប្រធានគ្រប់គ្រងក្រុមហ៊ុន KHB Events លោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានមូលនិធិអេស៊ីលីដា លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរឹនស៍ ព្រមទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនជាច្រើន។

មហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sales 2025 គឺជាផ្នែកមួយនៃការជួយធ្វើទីផ្សារឱ្យទូលំទូលាយ និងជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងវិញ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រាម។

នាឱកាសនោះ លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ មិនត្រឹមតែតាមរយៈពិព័រណ៍ពាណិជ្ជកម្ម សកម្មភាពទិញលក់ ការជំរុញការនាំចេញផលិតផល ការផ្តល់សេវាកម្ម ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ជូនអ្នកចូលរួមទស្សនាពិព័រណ៍ផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ក៏បានជំរុញចលនាឱ្យពាណិជ្ជករ និងផលិតករកម្ពុជា ខិតខំផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និងសោភ័ណភាពវេចខ្ចប់បានល្អត្រឹមត្រូវតាមស្ដង់ដារ ដើម្បីបម្រើទីផ្សារ និងចូលរួម ប្រកួតប្រជែងក្នុងកម្រិតទីផ្សារអន្តរជាតិ»។ លោកសង្កត់ធ្ងន់ទៀតថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ក៏បានចូលរួមបង្កើតឱកាសធុរកិច្ច និងវិនិយោគ ដល់អាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍រួមមាន៖ វេទិកាធុរកិច្ចពាណិជ្ជកម្មនិងវិនិយោគ ការផ្គូផ្គង់ធុរកិច្ច (អ្នកលក់និង អ្នកទិញ) សកម្មភាពតភ្ជាប់បណ្តាញធុរកិច្ចទស្សនកិច្ចសិក្សា បេសកកម្មពាណិជ្ជកម្មជាដើម។

បន្ថែមពីនេះ លោក តាន់ មុនីវណ្ណ ព្រឹត្តិការណ៍ពិព័រណ៍នេះ ផ្តល់ឱកាសដល់ អាជីវករ/អ្នកចូលរួមតាំងបង្ហាញ បានដាក់តាំងលក់ និងបង្ហាញអំពីផលិតផល ឬសេវាកម្មរបស់ខ្លួន ទៅកាន់អ្នកចូលរួមជាច្រើន ក្នុងព្រឹត្តិការណ៍ពិព័រណ៍។ លើសពីការទិញ លក់ទំនិញ និងផ្ដល់និងទទួលសេវាកម្ម គឺបានផ្ដល់ឱកាសក្នុងការជជែកពិភាក្សាពាក់ព័ន្ធនឹងធុរកិច្ច ដែលនឹងឈានទៅរកការព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូ ដែលបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ពិព័រណ៍នោះ។

លោក Tim Vutha ប្រធានគ្រប់គ្រងក្រុមហ៊ុន KHB Events បានលើកឡើងថា ក្រុមហ៊ុនខិតខំយ៉ាងខ្លាំងក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយទៅជាឱកាសសម្រាប់បណ្តាក្រុមហ៊ុនអាជីវកម្មនានា ក្នុងការដាក់តាំងបង្ហាញទីផ្សារ ឬដាក់លក់ផលិតផល បញ្ចុះតម្លៃរបស់ខ្លួនឱ្យបានកាន់តែច្រើនបន្ថែមទៀតសម្រាប់ពេលវេលានាដើមឆ្នាំ២០២៥នេះ នឹងជួយលក់នូវផលិតផលរបស់ម្ចាស់អាជីវកម្ម ដែលនៅសល់ច្រើន អាចលក់លាងឃ្លាំងរបស់ខ្លួន។

ចំណែកឯលោក ផល សុខចំរើន នាយកប្រតិបតិ្ដរងទីផ្សារ ធនាគារ អេស៊ីលីដា ដែលជាក្រុមហ៊ុនស្ព័នស័រ Diamond បានឱ្យដឹងថា មហាព្រឹត្តិការណ៍ពិព័រណ៍លំដាប់ថ្នាក់ជាតិនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យដំណើរការល្អឡើងវិញ តាមរយៈការចំណាយលុយទិញផលិតផលរបស់ ប្រជាពលរដ្ឋប្រជាពលរដ្ឋនាឱកាសនោះ។ ជាងនេះទៅទៀតមហាព្រឹត្តិការណ៍នេះ ក៏នឹងរួមចំណែកជួយដល់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន ជួបគ្នាជាមួយអតិថិជនដោយផ្ទាល់ផងដែរ។

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរឹនស៍ ដែលជាក្រុមហ៊ុនស្ព័នស័រលំដាប់ Gold ក៏បានបង្ហាញចំណាប់អារម្មណ៍ទាក់ទងនឹងការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sales ដ៏ធំប្រចាំដើមឆ្នាំ២០២៥ យ៉ាងដូច្នេះថា៖ «ក្នុងនាម ជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកមួយដ៏ធំជាងគេ និងចំណាស់ជាងគេ ហ្វតតេ គ្រុប តែងតែងមានវត្តមានចូលរួមរាល់សកម្មភាពនានាដែលរៀបចំឡើងក្នុងន័យជួយផ្សព្វផ្សាយ និងជ្រោមជ្រែងដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសតាមរយៈការបព្រ្ជាបព័ត៌មានស្តីពីសារៈសំខាន់នៃការការពារទ្រព្យសម្បត្តិ និងមនុស្សជាទីស្រលាញ់តាមរយៈធានារ៉ាប់រង»

លោកជឿជាក់ថា អ្នកចូលរួមទំាងអស់នឹងទទួលបានការកម្សាន្ត ភាពសប្បាយរីករាយ ក៏ដូចជាអត្ថប្រយោជន៍ ចំណេះដឹង និងបទពិសោធន៍ល្អៗជាច្រើនពីកម្មវិធីនេះ ជាពិសេសពីស្តង់ហ្វតតេ ទាក់ទងនឹងអត្ថប្រយោជន៍ និងការទទួលបានសំណាញ់ការពារហិរញ្ញវត្ថុសម្រាប់ខ្លួនគាត់ របស់ជាទីស្រឡាញ់ រួមទំាងក្រុមគ្រួសាផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកកម្មកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ និង២០២៣ ប្រទេសកម្ពុជាមានការររៀបចំពិព័រណ៍ពាណិជ្ជកម្មចំនួន៥២លើក។ ដោយឡែក គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងវិស័យឯកជន (ដែលបានស្នើមកក្រសួងពាណិជ្ជកម្ម) បានរៀបចំចំនួន៤១លើក និងមានការទាក់ទាញ និងចូលរួមគាំទ្រយ៉ាងផុសផុល៕