(ភ្នំពេញ)៖ ប្រធានរដ្ឋសភាម៉ាឡេស៊ី លោកបណ្ឌិត តាន់ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល (Tan Sri Dato Dr Johari bin Abdul) បានចាត់ទុកសម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺជារដ្ឋបុរសគំរូមួយរូបនៅលើពិភពលោក ពាក់ព័ន្ធភាពជាអ្នកដឹកនាំ ជា​ពិសេស​ការបិទបញ្ចប់ភ្លើងសង្គ្រាម។

ប្រធានរដ្ឋសភាម៉ាឡេស៊ី បានលើកឡើងបែបនេះ ក្នុងពេលរូបលោកអញ្ជើញ​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានសម្តែងក្តីសោ​ម​នស្ស​រីករាយ និងថ្លែងអំណរគុណសម្តេចតេជោ ដែលបានទទួលជួប​លោក និង​គណៈប្រតិភូ។ លោកប្រធានរដ្ឋសភា បានលើកឡើងថា នេះគឺជាជំនួបមួយ​ដែលលោកបានប៉ងយូរមកហើយ។

លោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានចាត់ទុក សម្តេចតេជោ គឺជា​រដ្ឋ​បុរស​ដ៏​ល្បី​ល្បាញ (Legend) ដែលថ្នាក់ដឹកនាំនៅលើពិភព​លោក​គួរ​យក​គំរូតាម។ លោកបានគូសរំលេចថា សម្តេចតេជោ បានបូជា លះបង់យ៉ាងធំធេង​សម្រាប់​ជាតិកម្ពុជា។ សម្តេចតេជោ ក៏ជា​មគ្គទ្ទេសក៍​ឆ្នើម​ក្នុងបុព្វហេតុបង្រួប​បង្រួម និងផ្សះផ្សាជាតិជាធ្លុងមួយ នាំមកនូវសុខសន្តិ​ភាព ស្ថិរភាព និងការ​រីក​ចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។

លោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានគូសរំលេចផងដែរពីភាពរីកចម្រើនរបស់​កម្ពុជា។ លោកបានលើកឡើងថា ធៀប​នឹងឆ្នាំ២០០០ ដែលលោកបានមកកម្ពុជា ជាមួយស្ថានភាពនាពេលបច្ចុប្បន្ននេះ កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលសមិទ្ធផលទាំងនេះ​មិនអាចកើតមានឡើយ ប្រសិនបើគ្មានគំនិត​ផ្តួច​ផ្តើម និងមគ្គទ្ទេសក៍ដ៏ឆ្លើមរបស់សម្តេចតេជោ។

ក្រៅពីបង្ហាញនូវភាពស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចតេជោ ហើយនោះ លោកប្រធានរដ្ឋសភា ចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយ សិក្សា និង​ឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃរបស់សម្តេចតេជោ ដែល​ជាថ្នាក់ដឹកនាំគំរូ និងគួរឱ្យគោរពនៅអាស៊ីអាគ្នេយ៍។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បានសម្តែងការអប​អរ​សា​ទរ​ចំពោះការផ្លាស់​ប្តូរអ្នក​បន្ត​វេននៅកម្ពុជាប្រកបដោយជោគជ័យ។ តាមរយៈ​ជំនួប​កាលពីឆ្នាំ២០២៤ លោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានវាយ​តម្លៃ​ខ្ពស់​ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រី គឺជាប្រមុខថ្នាក់​ដឹកនាំអាស៊ានវ័យ​ក្មេងប្រកបដោយ​ភាព​រស់​រវើក សមត្ថភាព ចក្ខុវិស័យ និងថាមពល។

ក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រធានរដ្ឋសភាម៉ាឡេស៊ីថា ការ​ចាក​ចេញពី​តំណែងជា​នា​យក​រដ្ឋមន្ត្រី នៅពេលសម្តេច​មានប្រជាប្រិយ​ភាព​ខ្ពស់​បំផុត និងមាន​កម្លាំងរឹងមាំ។ ការចាកចេញនេះ គឺជាការប្តូរ​នឹង​សន្តិ​ភាពរយៈពេលវែង និងចៀសវាងបញ្ហា​ច្រំ​ដែលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងរ​យៈ​ពេលជាង៥០០ឆ្នាំកន្លងទៅ ដែលកើតមានចលាចល​នៅពេល​ផ្លាស់​ប្តូរអ្នក​ដឹក​នាំ។

ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីរបស់ សម្តេច។ សម្តេចតេជោ ក៏បានចែករំលែកពីការលំបាកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់ និងក្រោមការដឹកនាំរបស់សម្តេច កម្ពុជាអាចសម្រេចបាននូវការឯកភាពគ្នា សុខសន្តិភាព និងការអភិវឌ្ឍ ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណប្រធានរដ្ឋសភាម៉ាឡេស៊ី ដែលបានវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងភាពជាអ្នកដឹកនាំរបស់សម្តេច។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណលោក អាន់វ៉ា អុីប្រាហ៊ីម នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ដែលបានតែងតាំងសម្តេចជាទីប្រឹក្សាលើកិច្ចការអាស៊ាន ដែលនេះគឺកិត្តិយសដ៏ធំធេងសម្រាប់សម្តេច។

សម្តេចតេជោ ក៏បានរំឭកអំពីទំនាក់ទំនងល្អរវាងសម្តេច និងលោកនាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី តាំងពីឆ្នាំ១៩៩៥។ នាឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី បានមកទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាព​ជោគ​ជ័យរបស់កម្ពុជាក្នុងការធ្វើសុខុដុមនីយកម្មរវាងសាសនានៅកម្ពុជា។

សម្តេចតេជោ ក៏បានបង្ហាញសេចក្តីរីករាយដោយបានឃើញ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរមានការកើនឡើង ជាពិសេស ការផ្លាស់ប្តូរយ៉ាងច្រើន​នៃដំណើរ​ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ នៅក្នុងក្របខណ្ឌសភា សម្តេចតេជោ បានវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាង​ពេញទំហឹងចំពោះ ឯកឧត្តមប្រធានរដ្ឋសភា ជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅឆ្នាំនេះ។ សម្តេចតេជោ បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានរដ្ឋសភាម៉ាឡេស៊ី មហាសន្និបាតអាយប៉ានឹងសម្រេចបានជោគជ័យ។

សម្តេចតេជោ ក៏បានបានបង្ហាញក្តីរីករាយ និងសាទរចំពោះ ទំហំពាណិជ្ជកម្ម​ទ្វេភាគី ដែលមានការកើនឡើងក្នុងរយៈពេល១២ខែចុងក្រោយនេះ។ សម្តេចតេជោ បានបន្ថែមថា កម្ពុជា និងម៉ាឡេស៊ី គួរដាក់គោលដៅបង្កើន​ទំហំពា​ណិជ្ជកម្មឱ្យបាន២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍...៕