(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ជាមួយរដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ជិន ម៉ាលីន អនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគី សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។
លោក នួន ផារ័ត្ន បានថ្លែងអំណគុណលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្តដើម្បីជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងដើម្បីរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។
លោក នួន ផារ័ត្ន បន្ថែមទៀតថា បណ្តឹងភាគច្រើនដែលរដ្ឋបាលខេត្តទទួលបានពីប្រជាពលរដ្ឋនាពេលកន្លងមក គឺពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលរដ្ឋបាលខេត្តទទួលបានពាក្យបណ្តឹង សរុបចំនួន ៣៣ករណី/សំណុំរឿង ដែលកើតមានឡើងចំនួន ០៥ស្រុក/០៩ក្រុង ស្រុក ក្នុងខេត្តកំពង់ធំ ដើម្បីជំរុញពន្លឿនការដោះស្រាយករណីវិវាទដីធ្លី រដ្ឋបាលខេត្ត បានបង្កើតគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីខេត្តកំពង់ធំផងដែរ។
លោក ជិន ម៉ាលីន បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ធំ នាពេលនេះ គឺជាការបើកទំព័រថ្មីបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងវិស័យយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមការសម្រុះសម្រួល ផ្សះផ្សា ក្រៅប្រព័ន្ធតុលាការ។
លោកបន្តថា តាមរយៈអនុស្សរណៈនេះនឹងបង្កើនប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងព្រោះថាសំណុំរឿងដែលបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់, រដ្ឋបាលខេត្តអាចយកសំណុំរឿងនោះមកឱ្យអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទទួលស្គាល់ និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក។
លើសពីនេះទៀត រដ្ឋបាលខេត្តក៏អាចបញ្ជូនសំណុំរឿងដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត មកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយធ្វើការពិនិត្យ និងដោះស្រាយ។ ជាពិសេស កំណត់ហេតុកិច្ចព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌ អ.ដ.ក នឹងមានអនុភាពស្មើនឹងសាលក្រមតុលាការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្រមព្រៀងបញ្ចប់វិវាទគូភាគីក្រៅប្រព័ន្ធតុលាការ៕