(កោះកុង)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំផ្ញើដល់សមាជិក សមាជិក និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដជឿជាក់លើការងារដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកផ្ដល់នូវសុខសន្ដិភាព និងការឯកភាពជាតិ ហើយកុំជឿដាច់ខាតលើក្រុមប្រឆាំងជ្រុលនិយម ដែលតែងធ្វើសកម្មភាពញុះញង់នៅក្រៅប្រទេស។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធមីទ្ទីងអបអរសាទរខួបលើកទី៤៦ ថ្ងៃជ័យជម្នះ៧មករា នៅខេត្តកោះកុង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ថុងណា រុង ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងមន្ត្រីរាជការគ្រប់បណ្តាអង្គភាព សមាជិក សមាជិកា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ខួបទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ប៉ុល ពត អៀង សារី ខៀវ សំផន បានធ្វើឲ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់យ៉ាងឃោឃៅបំផុតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទិវាខួបលើកទី៤៦ឆ្នាំនេះ ដើម្បីរំលឹក និងចងចាំជានិច្ចនូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនឹងធ្វើពលកម្មយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់មកវិញបានឡើយ។

សម្តេច ទៀ បាញ់ បានរំលឹកនូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា «យើងមានអ្វីៗ គ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ គឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមក ធ្វើឲ្យប្រទេសជាតិយើងមានការឯកភាព ជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨»

អង្គមិទ្ទីងទាំងមូល បានអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងយល់ឃើញថា មានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ និងបានប្តេជ្ញាអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕