Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃ២៨ ខែតុលាខាងមុខ តុលាការ​កំពូល​បើកសវនាការ​សំណុំរឿង​ លោក កឹម សុខា

20-10-2016 11:13

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលាខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទ «បដិសេធក្នុងការចូលខ្លួន» ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ នេះបើយោងតាមដីកាកោះរបស់តុលាការកំពូល។

សវនាការនេះដឹកនាំ ដោយ លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និងលោក អ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការ។

គួររំលឹកថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។

ទាំងពេលជំនុំជម្រះនិងពេលប្រកាសសាលក្រម លោក កឹម សុខា និង ក្រុមមេធាវី ពុំបានបង្ហាញវត្តមានឡើយ ។ ប៉ុន្តែតុលាការ នៅតែបន្តនីតិវិធី ដោយយល់ឃើញថា នេះជាបទល្មើសមជ្ឈិម ហើយតុលាការបានជូនដំណឹងដល់លោកកឹម សុខា ក៏ដូចជាមេធាវីរួចរាល់ហើយ តែពួកគេមិនចូលមកដោយខ្លួនឯង ។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាប់ចោទពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ព្រោះកន្លងមកលោក កឹម សុខា ខកខានពីរលើកក្នុងការចូលបំភ្លឺតុលាការ ក្នុងនាមសាក្សីករណីសញ្ចារកម្មដែលមាននាងខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ៕